វេជ្ជបណ្ឌិត​សញ្ជាតិ​ខ្មែរ​ម្នាក់ ជាប់​ជា​ប្រធាន​​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​​ពិភពលោក

លោក​វេជ្ជបណ្ឌិត Nam Han Cho គឺជា​បុរស​ជនជាតិ​កូរ៉េ​ខាងត្បូងសញ្ជាតិ​ខ្មែរ និង​​ជា​ជនជាតិ​អាស៊ី​ទី១ ​បាន​ជាប់​ឆ្នោត​ជា​ ប្រធាន​សហព័ន្ធជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក កាល​ពី​ថ្មីៗ​នេះ។

 

លោក​វេជ្ជបណ្ឌិត បាន​ថ្លែង​ថា លោក​សប្បាយ​រីករាយ​ណាស់ បន្ទាប់​ពី​បាន​ក្លាយ​ជា​ជនជាតិ​អាស៊ី​ដំបូង​គេ ជាប់​ជា​​ប្រធាន​សហព័ន្ធ ជំងឺ​ទឹកនោម​ផ្អែម​ពិភពលោក ព្រោះ​​​រយៈ​ពេល ៦៦ ឆ្នាំ​មក​នេះ មិន​​មាន​ជនជាតិ​អាស៊ី​ណា​ធ្វើ​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​មូលដ្ឋាន​នៅ​បែលហ្សិក​មួយ​​នេះ​ឡើយ។

 

សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ AjoU រូប​នេះ​បន្ត​ថា អង្គការ​មួយ​នេះ ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ អង្គការ​សហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក ហើយ​អង្គការ​​មាន​តួនាទី​សំខាន់ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ទទួល​ខុសត្រូវ​ លើ​​ប្រទេសចំនួន ១៦៨ លើ​ពិភពលោក។

 

វេជ្ជបណ្ឌិត​សញ្ជាតិ​ខ្មែរ​ម្នាក់ ជាប់​ជា​ប្រធាន​​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​​ពិភពលោក

លោក​វេជ្ជបណ្ឌិត Nam Han Cho 

 

លោក Nam Han Cho ថា សព្វថ្ងៃ​អង្គការ​នេះ មាន​អ្នក​ជំងឺ ៤១៥ លាន​នាក់​ ហើយ​មនុស្ស​ច្រើន​ជាង ១ ប៊ីលាន​នាក់ ​មិន​បាន​​ដឹង​ថា​ពួកគេ​​កើត​ជំងឺ​នេះទេ។ ​​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រហែល ​៥លាន​នាក់​ បាន​ស្លាប់​ជា​រៀង​​​រាល់​ឆ្នាំលើ​ពិភពលោក ពោល​គឺ​ ៦វិនាទី​ម្ដង​ មាន​មនុស្ស​ម្នាក់​ស្លាប់។

 

ពេល​អ្នកកាសែតសួរថា លោក​មក​កម្ពុជា ព្រោះ​តែជំងឺ​ទឹកនោមផ្អែម​មែន​ទេ? វេជ្ជបណ្ឌិតដដែល​តបថា លោក​មក​កម្ពុជា​តាំង​ពី ១៦ឆ្នាំ​មុន​​ម្ល៉េះ ក្នុងនាម​ជា​គ្រូពេទ្យ​មនុស្ស​ធម៌​ស្ម័គ្រចិត្ត ដើម្បី​ជួយ​ប្រជាជន​កម្ពុជា ដែល​អំឡុង​ពេល​នោះ កម្ពុជា​កំពុង​ជួប​បញ្ហា​ជំងឺ​​ឆ្លង​ជាច្រើន ហើយ ​១០​ ឆ្នាំ​ចុង​ក្រោយ​នេះ ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្លង​​ បាន​ថមថយ​ទៅវិញ ដោយជំនួស​មក​វិញនូវ​​ជំងឺ​ទឹកនោម​ផ្អែម និង​លើសឈាម ។ បញ្ហា​នេះ​ បាន​​ធ្វើ​ឱ្យ​លោក​ផ្លាស់ប្ដូរ​ មក​ផ្នែក​ជំងឺ​ទឹកនោម​ផ្អែម និង​លើសឈាម​វិញ។ ដូច្នេះ​ បេសកកម្ម​របស់​លោក​នៅ​កម្ពុជា គឺ​​កសាង​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម​មួយ​ ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា។

 

លោក Nam Han Cho និង​ដៃគូ​សហការ បាន​​បង្កើត​អគារ​មួយ​មាន​ឈ្មោះ​ថា «​មជ្ឈមណ្ឌល​ជំងឺ​ទឹកនោម​ផ្អែម​កម្ពុជា-កូរ៉េ​» ក្នុង​​មន្ទីរពេទ្យ​ព្រះកុសុមៈ ក្នុង​ទំហំ​​ទឹកប្រាក់ ១០ ម៉ឺន​ដុល្លារ កាល​ពី​​ឆ្នាំ ​២០១៥ ហើយ​បច្ចុប្បន្ន​អគារ​មួយ​នេះ អាច​ឱ្យ​អ្នកជំងឺ​សម្រាក​​ព្យាបាល ២៤ ម៉ោងបាន​។​ “អ្នក​ប្រហែល​ឆ្ងល់​ហើយ​ថា ហេតុ​អ្វី​​ខ្ញុំ​​ចំណាយ​លុយ​ច្រើន​សង់​អគារ​នេះ ព្រោះ​ខ្ញុំ​មាន​សញ្ជាតិ​ខ្មែរ”។ លោក Cho ថ្លែង។

 

លោក​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កម្ពុជា ​មាន​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​​​ប្រហែល ១,២ លាន​នាក់។ អ្នក​អត់​ដឹង​ថា​ខ្លួន​មាន​ជំងឺ​នេះ មាន​ប្រហែល ១,២ លាន​នាក់ និង ២លាន​នាក់​ផ្សេង​ទៀត អាច​ប្រឈម​មុខ​ជំងឺ​នេះ ក្នុង​ពេល​អនាគត។ ចំពោះ​មូលហេតុ បណ្ដាល​ឱ្យ​កម្ពុជា មាន​អ្នក​កើត​ជំងឺ​ទឹកនោម​ផ្អែម​ច្រើន ព្រោះ​តែ​ប្រជាជន មាន​របៀប​រស់​នៅ​បែប​លោក​ខាងលិច ដូច​ជា​ចូលចិត្ត​ញ៉ាំ​ភេសជ្ជៈ អាហារ​សំបូរ​ខ្លាញ់ ទទួលទាន​គ្រឿង​ស្រវឹង ជក់​បារី​ ជាដើម។

 

វេជ្ជបណ្ឌិត​ជំនាញ​រូប​នេះ បាន​លើកឡើង​ថា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​កើត​ជំងឺ​នេះ ប្រជាជន​ខ្មែរ​គួរ​ បរិភោគ​អាហារ​តាមបែប​​​ខ្មែរ រស់​នៅ​តាម​បែប​ខ្មែរ ហាត់​ប្រាណ​ឱ្យ​បាន​ច្រើន និង​អប់រំ​ក្មេង​​ៗ ឱ្យ​កាត់​បន្ថយ​អាហារ​លោក​ខាងលិច។ លោក​ ​បញ្ជាក់​យ៉ាង​ខ្លី​​ថា៖ “គួរ​រស់នៅ​ និង​ហូប​ចុក ​តាម​បែប​កម្ពុជា”៕

 

អត្ថបទ៖ អ៊ុំ សុភក្តិ ​