គ្រូ​ណាហ្គាវើល​មិន​បារម្ភ​​​ច្រើន​រឿង​​ទៅ​​​ជម្រុះ​ AFC Cup ខាង​មុខ​នេះ​​

លោក​គ្រូ​បង្វឹក​ក្លឹប​ណាហ្គាវើល​មិន​សូវ​បារម្ភ​​ច្រើន​ជុំ​វិញ​​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFC Cup 2017 ​ដែល​នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​ទី​២១​ ខែ​សីហា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​នៅ​ប្រទេស​ម៉ុងហ្គោលី។

 

គ្រូ​ណាហ្គាវើល​មិន​បារម្ភ​​​ច្រើន​រឿង​​ទៅ​​​ជម្រុះ​ AFC Cup ខាង​មុខ​នេះ​​ លោក មាស ចាន់ណា

 

លោក​ មាស ចាន់ណា​ បាន​ឲ្យ​ដឹង​ថា​ លោក​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ច្រើន​ឡើយ​ ​បន្ទាប់​ពី​លោក​សិក្សា​ស្វែង​យល់​ទៅ​ឃើញ​ថា​ ក្រុម​ទាំង​ពីរ​ដែល​ប៉ះ​ណាហ្គាវើល​ជា​​ក្រុម​ដែល​មាន​កម្រិត​ចំណាត់​ថ្នាក់​​​​ទាប។ «បើ​ប្រៀប​ធៀប​ជា​មួយ​ណាហ្គាវើល​គឺ​​អាច​និយាយ​បាន​ថា ពួក​គេ​មាន​កម្រិត​លេង​ទាប​ជាង​យើង​ផង»។

 

ចំពោះ​ជើង​កីឡាករ​វិញ​ លោក​គ្រូ​បង្វឹក​រូប​នេះ​​ប្រាប់​ថា​ ដំបូង​ឡើយ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​បាន​អនុញ្ញាត​ឲ្យ​នាំ​យក​កីឡាករ​បរទេស​៥​នាក់​ ប៉ុន្តែ​ក្រោយ​មក​អនុញ្ញាត​ឲ្យ​​នាំ​យក​កីឡាករ​បរទេស​តែ​២នាក់​ប៉ុណ្ណោះ។ ដូច្នេះ​មាន​ន័យ​ថា​ ក្រុម​ទាំង​អស់​អាច​នាំ​យក​កីឡាករ​បរទេស​ចូល​រួម​​តែ​២​នាក់​ប៉ុណ្ណោះ។ សម្រាប់​ក្រុម​របស់​លោក​រហូត​ដល់​ពេល​​នេះ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​​សម្រាប់​ការ​ចេញ​ដំណើរ​ទៅ​នា​ពេល​ខាង​មុខ។ លោក​​បាន​ត្រៀម​ខ្សែ​ប្រយុទ្ធ​ខ្មែរ​ និង​បរទេស​​រួច​រាល់​ហើយ។​

 

គ្រូ​ណាហ្គាវើល​មិន​បារម្ភ​​​ច្រើន​រឿង​​ទៅ​​​ជម្រុះ​ AFC Cup ខាង​មុខ​នេះ​​ ក្រុម​ណាហ្គាវើល

 

ណាហ្គាវើល​ស្ថិត​នៅ​ក្នុង​ពូល​ B​ ដែល​មាន​២​ក្រុម​ផ្សេង​ទៀត​គឺ​ Erchim FC​ (ម៉ុងហ្គោលី)​ និង​ Three Star Club​ (នេប៉ាល)​ ។​ ​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ណាហ្គាវើល​ប៉ះ Star Club និង​ថ្ងៃ​ទី​២៥​ ខែ​សីហា​ប៉ះ​​​ Erchim FC។ លោក​ មាស​ ចាន់ណា​បញ្ជាក់​ថា ​ដោយ​សារ​ក្រុម​ Erchim FC ​ប៉ះ​​ Three Star Club​ គ្នា​នៅ​ថ្ងៃ​​ទី​​២១​ ខែ​សីហា​ ដូច្នេះ​លោក​​មាន​ពេល​មើល​​ជើង​ក្រុម​ទាំង​ពីរ​ដើម្បី​ត្រៀម​ទម្រង់​លេង​ជា​មួយ​ពួក​គេ។ មុន​ធ្វើ​ដំណើរ​ទៅ​នេះ លោក​ក៏​កំពុង​តាម​ដាន​មើល​ទម្រង់​លេង​របស់​ក្រុម​ទាំង​ពីរ​តាម​រយៈ​វីដេអូ Youtube។

ក្រុម​ណាហ្គាវើល​ចូល​រួម​ប្រកួត​ក្នុង​​ពាន​រង្វាន់​ AFC Cup ​២០១៧​ នេះ​ជំនួស​ក្រុម​ភ្នំពេញ​ក្រោន​តំណាង​​ឲ្យ​​ក្រុម​កម្ពុជា​បន្ទាប់​ពី​ AFC​ រក​ឃើញ​ថា​ក្រុម​ភ្នំពេញក្រោម​មាន​បញ្ហា​បន្តិចបន្តួច​មិន​អាច​ចូល​រួម​បាន។ ២​ប្រកួត​ចុង​ក្រោយ​របស់​ណាហ្គាវើល​ធ្វើ​បានយ៉ាង​លញង​ដោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​១-០ និង​បន្ត​ឈ្នះ​ព្រះ​ខ័នរាជ​ស្វាយរៀង​ដោយ​លទ្ធផល​ ២-១ ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា៕

 

គ្រូ​ណាហ្គាវើល​មិន​បារម្ភ​​​ច្រើន​រឿង​​ទៅ​​​ជម្រុះ​ AFC Cup ខាង​មុខ​នេះ​​ ក្រុម​ណាហ្គាវើល

 

អត្ថបទ៖ នួន ស៊ីណា​