ខាត់ សុ​ឃី​ម ប្រកាស​សុំ​កក់​កូនស្រី​របស់ ច​ន ច័ន្ទ​ល​ក្ខិ​ណា ទុកជា​គូ​ជាមួយ​កូនប្រុស​របស់​ខ្លួន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ខាត់ សុ​ឃី​ម ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​គ្រា​ចូលរួម​ពិធី​មង្គលការ​ប្អូនស្រី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ហើយ​ស្រាប់តែ​ឡើង​លើ​វេទិកា​ប្រកាស​ថា ចង់​បាន​​កូនស្រី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្វើ​ជា​កូនប្រសា ។ អ្នក​នាង​ខាត់ សុ​ឃី​ម និយាយ​ថា នាង​ស្រឡាញ់​ពេញចិត្ត​កូនស្រី​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដូច្នេះ​បើ​បាន​មក​ជា​កូនប្រសា​ពិតជា​ល្អ​ណាស់ ។

គ្មាន​អ្នក​ណា​មិន​ភ្ញាក់ផ្អើល​ទេ ខណៈ​ខាត់ សុ​ឃី​ម ឡើង​លើក​វេទិកា​ប្រកាស​ចង់បាន​កូនស្រី​របស់​តារាភាពយន្ត​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្វើ​ជា​កូនប្រសា​នោះ ។ ការ​ប្រកាស​បែប​នោះ ខណៈ​កូនស្រី​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​កូនប្រុស​របស់​នាង​ខាត់ សុ​ឃី​ម នៅ​វ័យ​កុមារ​នៅឡើយ ។

អ្នក​នាង​ខាត់ សុ​ឃី​ម បាន​តាំងចិត្ត​ចង់​សួរនាំ​ទៅ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា យូរ​ឆ្នាំ​មក​ហើយ ពោល​តាំងពី​៣​ឆ្នាំ​មុន ហើយ​ចេះ​តែ​ពន្យារពេល​រង់ចាំ​កូន​ធំ​បន្តិច​សិន ។ នៅ​លើ​វេទិកា​នៃ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ប្អូនស្រី​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា កាលពី​រាត្រី​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ អ្នក​នាង​ខាត់ សុ​ឃី​ម និយាយ ក្តែ​ង​ៗ​ថា «​នាង​ខ្ញុំ​បាន​គុំ​សួរនាំ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា យូរ​មក​ហើយ​ចេះ​តែ​អត់​មាន​ពេល​ជួប​គ្នា ម្នាក់​ៗ​រវល់​ពេក​ដកឃ្លា​មិន​រួច​ឡើយ ។ ទើបតែ​ពេល​នេះ​នាង​ខ្ញុំ​មានឱកាស ហើយ​ចង់​ប្រកាស​ជូន​ដល់​ភ្ញៀវ​កិត្តិយស​ទាំងអស់​ដែល​បាន​មក​ចូលរួម​ពិធី​មង្គលការ​នេះ​ជួយ​ដឹង​ឮ​ផង ព្រោះ​មាន​ទាំង​អ្នកសិល្បៈ​អ្នកផង​ជួយ​ដឹង​ទាំងអស់​គ្នា​។ នាង​ខ្ញុំ​ចង់​ចូល​ស្តីដណ្តឹង​កូនស្រី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា គឺ​ក្មួយ​ស្រី​ជូ​លី ទៅ​ឱ្យ​កូនប្រុស​របស់ខ្ញុំ​គឺ​បញ្ញា ស្កា​យ ដែល​ជា​កូនប្រុស​បណ្តូលចិត្ត​របស់ខ្ញុំ​ម្នាក់​ដែរ ។ ការ​ចង់​ប្រកាសប្រាប់​ទូទៅ​នេះ គឺ​ចង់​និយាយ​គ្នា​យូរហើយ​តាំងពីរ​បី​ឆ្នាំ​មុន ប៉ុន្តែ​មក​ពី​អត់​មាន​ពេលវេលា​ល្អ ណាមួយ ក្មេង​ៗ​គេ​នៅ​តូច​។ ដូចនេះ​កក់​ឱ្យ​ហើយ​បើ​សាមីខ្លួន​ឱ្យ​មិន​ឱ្យ​អត់​ដឹង​ទេ ? ខ្ញុំ​ពិតជា​ពេញចិត្ត​កូនស្រី​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ណាស់ ស្រឡាញ់​យូរហើយ​។ បញ្ញា ស្កា​យ កូនប្រុស​របស់ខ្ញុំ​ក៏​មិន​អន់​ដែរ​មើលទៅ​ថ្ងៃក្រោយ​ពិតជា​ខ្ពស់​សង្ហា​មិន​ចាញ់​តួកុន​ទេ​។ អា​ស្កា​យ​កូន​ខ្ញុំ​កំពុង​តាម​ចែចង់​កូនស្រី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ហើយ​ប្រាប់​ឱ្យ​ដឹង ខាង​ស្រី​ពិចារណា​ទៅ​» ។

ចំពោះ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា វិញ​នៅ​មិន​ទាន់​ឆ្លើយ​តប​បែប​ណា​ឡើយ​៕