យុវជន​ក្រុមព្រះ​សុរិយា​ស្វែងរក​ស្នាម​មេដៃ​ស្នើ​សុំសង់​រូបសំណាក​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន នៅ​មាត់​ស្ទឹង​សង្កែ

រាជធានី​ភ្នំពេញ ៖ ក្រុម​យុវជន​ព្រះ​សុរិយា​កំពុង​ព្យាយាម​សុំ​ស្នាម​មេដៃ​ពី​មហាជន​ដើម្បី​គាំទ្រ​លើ​គម្រោង​ស្នើ​សុំ​សាងសង់​រូបសំណាក​កវី​គ​ង្គ ប៊ុ​ន​ឈឿ​ន ។

លោក​យាង វ៉ា​ន់​ឌី ជា​ប្រធាន​ក្រុមព្រះ​សុរិយា​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​និយាយ​ថា លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ជា​កវី​មួយ​រូប​សេសសល់​ពី​សម័យ​ខ្មែរក្រហម ហើយ​មានការ​ទទួល​ស្គាល់​​ជា​លក្ខណៈ​ជាតិ ។ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ជា​អ្នកស្រុក​បាត់ដំបង ហើយ​តែងតែ​និពន្ធ​បទ​ចម្រៀង​រៀបរាប់​ពី​ទឹកដី​ខេត្តបាត់ដំបង​។ មហាជន​សរសើរ​ស្នាដៃ​តែង​និពន្ធ​របស់​​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ដោយ​ទឹក​ប៉ាកកា​របស់​លោក​ជា​ច្រើន រៀបរាប់​ពី​ដងស្ទឹង​សង្កែ​រហូត​ដល់​បឹង​ទន្លេសាប ។ បើ​ទោះជា​ពេល​នេះ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន លាចាក​លោក​​ពិតមែន តែ​ស្នាដៃ​តែង​និពន្ធ​របស់​លោក​នៅ​តែ​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​មហាជន​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​យាង វ៉ា​ន់​ឌី និយាយ​ថា « ដើម្បី​ជា​ការ​តបស្នង​ចំពោះ​ស្នាដៃ​របស់​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន យើងខ្ញុំ​ដែល​ជា​យុវជន​ធ្វើការ​ផ្នែក​ស្រាវជ្រាវ​ចម្រៀង និង​ភាពយន្ត​ខ្មែរ​ពី​សម័យ​សង្គមរាស្ត្រនិយម​មាន​តែ​ការ​សុំ​ក្តី​មេត្តា​ពី​សម្តេច  ទ្រង់ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី នាង​កញ្ញា បងប្អូន​ប្រិ​យ​មិត្ត​ផ្តល់​ការ​គាំទ្រ​ក្នុង​ការ​កសាង​រូបសំណាក​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន នៅ​ទីធ្លា​ដើម​ដូង​ទី​១០ ក្នុង​ទឹកដី​ខេត្តបាត់ដំបង​ដែល​ជា​ក្តី​ប្រាថ្នា​ចុង​ក្រោយ​មុន​ពេល​លោក​ចែក​ឋាន ។ បងប្អូន​ទាំងអស់​គ្រាន់តែ​ផ្តល់​ស្នា​មេដៃ​តាម​រយៈ​ក្រុម​យុវជន​ស្ម័គ្រចិត្ត​នៃ​ក្រុមព្រះ​សុរិយា​ប៉ុណ្ណោះ​។ យើងខ្ញុំ​តំណាង​ឲ្យ​យុវជន​ក្រុមព្រះ​សុរិយា​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​ទាំងអស់​នឹង​គាំទ្រ​សកម្មភាព​ស្វែងរក​មេដៃ​នេះ​ដើម្បី​ដាក់​ជូន​លោក​ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ពិនិត្យ និង​ជួយ​សម្រួល​ក្នុង​ការងារ​សាងសង់​រូបសំណាក​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន​កវីនិពន្ធ​បទ​ចម្រៀង ប្រលោមលោក និង​គតិ​អប់រំ ផ្សេង​ៗ​ផង​ដែរ »៕