ទាហានកម្ពុជា​​បាញ់​ការ​ពារ​ខ្លួន​បណ្តាល​​​ឲ្យ​​​​អ្នក​នេសាទ​​​​វៀត​ណាម​​ស្លាប់​​​

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ទាហានក្នុងខេត្តតាកែវបានបាញ់ការពារខ្លួនបណ្តាលឲ្យជនជាតិវៀតណាមពីរនាក់ស្លាប់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ្នកនេសាទបរទេសមួយក្រុមបានបើកការវាយប្រហារដោយប្រើដាវ និងលំពែង។ លោក ឃុន ភិន អធិការនគរបាលស្រុកបានមានប្រសាសន៍ថា ទាហានពីរនាក់កំពុងល្បាតនៅព្រែកជីកមួយក្នុងស្រុកបូរីជលសារតាមអូប័រជាមួយមន្ត្រីជលផលកាលពីថ្ងៃព្រហស្បតិ៍ ស្រាប់តែពេលនោះពួកគេបានជួបប្រទះអ្នកនេសាទប្រហែល២០នាក់ នៅក្នុងទូកជាច្រើនគ្រឿង។ លោក ឃុន ភិន បានមានប្រសាសន៍ថា  “ជនជាតិវៀតណាមទាំងនេះកំពុងធ្វើការនេសាទដោយខុសច្បាប់ក្នុងដែនទឹកកម្ពុជា។ ពួកគេសាហាវណាស់ ពីព្រោះពួកគេបានយកច្រវាទូកវាយមកលើអាជ្ញាធររបស់យើងដើម្បីព្យាយាមដណ្តើមយកកាំភ្លើង។ នេះជាមូលហេតុដែលទាហានរបស់យើងផ្ទុះអាវុធដើម្បីព្យាយាមបំបែកពួកគេ”។ លោកបានថ្លែងថា អ្នកនេសាទទាំងនេះក៏ប្រដាប់ដោយដាវ លំពែង និងឧបករណ៍ ឆក់ផងដែរ។ លោកបានមានប្រសាសន៍ថា “ក្រុមទាហានបានបាញ់កាំភ្លើង អាកា-៤៧ ព្រោះពួកគេព្យាយាមសម្លាប់អាជ្ញាធររបស់យើង ដោយសារពួកគេដឹងថា អាជ្ញាធរនឹងចាប់ពួកគេដាក់គុក។ ប្រសិនបើយើងមិនបាញ់ទៅលើអ្នកនេសាទជនជាតិវៀតណាមទាំងនេះទេនោះ អាជ្ញាធររបស់យើងនឹងត្រូវពួកគេសម្លាប់មិនខានឡើយ”។ លោក ឃុន ភិន បានលើកឡើងទៀតថា  ក្រុមទាហានបានបាញ់ត្រូវអ្នកនេសាទម្នាក់ត្រង់ជើងបន្ទាប់ពីអ្នកនេសាទផ្សេងទៀតបានរត់គេចខ្លួន ដោយបន្សល់ទុកទូកចំនួន៣គ្រឿង។ លោក ហុង ហីុ ជាស្មៀននៅនាយកដ្ឋានជលផលនៃក្រសួងកសិកម្មបានមាន ប្រសាសន៍ថា បុរសដែលរងរបួសត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញ ហើយបានស្លាប់ដោយសាររបួសកាលពីថ្ងៃអាទិត្យ។ លោកបានមានប្រសាសន៍ថា អាជ្ញាធរវៀតណាមដែលឆ្លងព្រំដែនពីខេត្តតាកែវបានបញ្ជូនរបាយការណ៍ពីការប៉ះទង្គិចគ្នានេះមកមន្ត្រីមូលដ្ឋានកាលពីថ្ងៃសុក្រ ដោយលើកឡើងថា អ្នកនេសាទវៀតណាមទី២ ម្នាក់ទៀតក៏ត្រូវបានបាញ់ស្លាប់ផងដែរ  ហើយ ពីរនាក់ទៀតរងរបួស។ លោក ហុង ហីុ បានមានប្រសាសន៍ថា “មានអ្នកនេសាទវៀតណាម២០នាក់នៅលើទូក ហើយពួកគេបានឡោមព័ទ្ធអាជ្ញាធររបស់យើង ហើយបានព្យាយាមវាយពួកគាត់។  ទាហានម្នាក់បានបាញ់មួយគ្រាប់ចូលទៅក្នុងក្រុមនោះដើម្បីបំបែកពួកគេ ប៉ុន្តែ ពួកគេមិនខ្លាចឡើយ ហើយចូលមកកាន់តែជិត ដូច្នេះហើយទាហានរបស់យើងបានបាញ់ទៅលើក្រុមនោះ ខណៈដែលពួកគាត់ត្រូវបានដេញតាម”។ លោកបានថ្លែងថា ទាហានម្នាក់ត្រូវមួយច្រវា ខណៈដែលជនសីុវិលពីរនាក់ទៀតកំពុង ល្បាតដែរនោះត្រូវបានឆក់នឹងឧបករណ៍ឆក់ប៉ុន្តែ គ្មាននរណាម្នាក់រងរបួសធ្ងន់ទេ។ លោកបានមានប្រសាសន៍ថា ហេតុ ការណ៍ នេះត្រូវបានដោះស្រាយដោយអាជ្ញាធរនៃភាគីទាំងពីរនៅតាមព្រំដែន។ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោក ឈុន សារ៉េត ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា សាកសពបុរសជនជាតិវៀតណាមដែលបានស្លាប់ក្នុងរាជ ធានីភ្នំពេញត្រូវបានប្រគល់ឲ្យមន្ត្រីវៀត ណាមនៅវេលាថ្ងៃត្រង់ម្សិលមិញ។ ក្រុមមន្ត្រីនៅស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញមិនអាចទាក់ទងបានទេ៕សារុន © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be […]

The post ទាហានកម្ពុជា​​បាញ់​ការ​ពារ​ខ្លួន​បណ្តាល​​​ឲ្យ​​​​អ្នក​នេសាទ​​​​វៀត​ណាម​​ស្លាប់​​​ appeared first on The Cambodia Daily.