ឥណ្ឌូណេស៊ី​សម្រេច​ដាក់​ទោស​​ប្រហារ​ជីវិត​ចំពោះ​អ្នក​រំលោភ​ក្មេង

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ ដែលអនុញ្ញាតឲ្យកាត់ទោសប្រហារជីវិត ករណីបទឧក្រិដ្ឋផ្លូវភេទប្រឆាំងអនីតិជន។

ដោយយោងតាមច្បាប់នេះ ជនល្មើសអាចប្រឈមមុខ នឹងការចាក់ថ្នាំសម្លាប់ប្រដាប់ភេទ និងត្រូវដាក់បន្ទះឈីប តាមដានសកម្មភាពពួកគេ។ កម្រិតទោសមួយទៀត ត្រូវជាប់ពន្ធនាគារពី ១០ទៅ ២០ឆ្នាំ និងទោសធ្ងន់ធ្ងរប្រហារជីវិតតែម្ដង។

លោក វីដូដូ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវិមានប្រធានាធិបតីថា “អំពើហិង្សាផ្លូវភេទប្រឆាំងអនីតិជនជាបទឧក្រិដ្ឋពិសេសមួយ ដែលលោកសង្ឃឹមថាច្បាប់នេះ នឹងអាចបំបាក់ទឹកចិត្តជនល្មើសបាន”។

ជំហររឹតបន្តឹងលើអ្នករំលោភក្មេង និងជនល្មើសហិង្សាផ្លូវភេទលើកុមារ កើតចេញបន្ទាប់ពីក្រុមសកម្មជន និងអ្នកប្រមូលផ្ដុំអំពាវនាវឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ ដោយសារករណីរំលោភជាក្រុមដ៏សាហាវមួយបានសម្លាប់ក្មេងស្រីសិស្សសាលាវ័យ ១៤ឆ្នាំម្នាក់នៅទីក្រុង Bengkulu ភាគខាងលិចកោះស៊ូម៉ាត្រា កាលពីមេសាកន្លងទៅ។

ករណីនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះកំហឹងយ៉ាងខ្លាំង ក្រោយក្រុមសកម្មជនរៀបរាប់ប្រាប់ និងនាំឲ្យសាធារណជនលើកគ្នាតវ៉ាក្នុងរដ្ឋធានីហ្សាកាតា តែម្ដង។

បើយោងទៅតាមគណៈកម្មការជាតិស្ដីពីអំពើហិង្សាប្រឆាំងស្ត្រី បានរាយការណ៍ថា អំពើហិង្សាផ្លូវភេទចំពោះស្ត្រីកើតមាន ៣៥ករណីរៀងរាល់ថ្ងៃនៅទូទាំងប្រទេស។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី ដាក់ទោសជនល្មើសរំលោភ ខ្ពស់បំផុតដល់ត្រូវជាប់ពន្ធនាគារ ១៤ឆ្នាំ៕

ប្រភពៈ kbn-live


Related Posts