ការដោះលែង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឈ្មោះ ជឿ​ង ថេ​ង ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​

មន្ត្រី​យោធា​ឈ្មោះ ជឿ​ង ថេ​ង ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​ខេត្តកំពង់ស្ពឺ ឆ្លងកាត់​ស្រុក​ឈូក ស្រុក​កំពង់ត្រាច ខេត្តកំពត យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់ និង​ច្រក​ព្រែក​ចាក​នោះ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​។ សូមបញ្ជាក់ថា​លោក ជឿ​ង ថេ​ង ដែលជា​មន្ត្រី​យោធា និង​ជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ដ៏​ល្បីល្បាញ​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ដោយសារ​ប្រើប្រាស់​រថយន្ត​ធុន​ធ្ងន់​ដឹកជញ្ជូន​ឈើ​ប្រណីត​ធ្វើ​ឲ្យ​បាក់​ស្ពាន​ក្នុងស្រុក​ឈូក ខេត្តកំពត​។ ប៉ុន្តែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ តុលាការ​បាន​ដោះលែង​ឲ្យ​លោក ជឿ​ង ថេ​ង មាន​សេរីភាព​ឡើងវិញ​រួចផុត​ពី​ការឃុំ​ឃាំង ហើយ​ឈ្មួញ​រូបនេះ​បង្ហាញ​នូវ​ភាព​ក្រអឺតក្រទម​លើស​មុន​ទៅទៀត​។

មន្ត្រី​យោធា​នៅក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​ពួកគាត់​បានឃើញ​លោក ជឿ​ង ថេ​ង វិលត្រឡប់​ទៅផ្ទះ​វិញ​និង​ធ្វើ​ពិធីជប់លៀង​យ៉ាង​ធំ ហើយ​អួតអាង​ប្រាប់​មិត្តភក្ដិ​ថា​ខ្លួន​ជាប់គុក​មិនយូរ​ទេ ព្រោះ​មាន​លុយ​រឿង​អី​ត្រូវ​ជាប់គុក​យូរ​។ ប្រការនេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ចំណាត់ការ​របស់​មន្ត្រី​តុលាការ​ខេត្តកំពត​ផងដែរ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​ធំ​ចំណុះ​ជាង​៥០​ម៉ែត្រគូប​ធ្វើ​ឲ្យ​បាក់​ស្ពាន​ក្នុងស្រុក​ឈូក ខេត្តកំពត ទីបំផុត​ត្រូវ​ដោះលែង​វិញ​យ៉ាង​ស្រួល​។ ប្រការនេះ​អាចធ្វើ​ឲ្យ​បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តកំពង់ស្ពឺ ឆ្លងកាត់​ស្រុក​ឈូក និង​ស្រុក​កំពង់ត្រាច ខេត្តកំពត យកទៅលក់​នៅ​ស្រុក​យួន​វិញ បន្ត​កើតឡើង​យ៉ាង​រាលដាល​ជាមិនខាន​។

​ប្រភព​ជិតស្និទ្ធ​នឹង​លោក ជឿ​ង ថេ​ង បាន​ឲ្យ​ដឹងថា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៤​រូបនេះ មាន​តួនាទី​ជា​ជំនួយការ​ការិយាល័យ​ទី​២ នៃ​បញ្ជាការដ្ឋាន​យោធភូមិភាគ​៣ ហើយ​ជា​ឈ្មួញ​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់ និង​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​រូបនេះ​ចំណាយលុយ​២០០​លាន​រៀល​តម្កល់​សម្រាប់​បាន​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ហើយ​គេ​អាច​ចំណាយ​បន្ថែម​ពីលើ​នេះ​ផងដែរ ទើបត្រូវ​តុលាការ​សម្រួល​ឲ្យ​នៅក្រៅ​ឃុំ​យ៉ាង​រលូន​។ ទង្វើ​របស់​តុលាការ​ខេត្តកំពត ក្នុងការ​ដោះលែង​លោក ជឿ​ង ថេ​ង ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​នៅក្រៅ​ឃុំ កំពុង​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ព្រោះ​អ្នកមាន​លុយ អ្នកមានអំណាច ដែល​ប្រព្រឹត្ត​ខុស​អាច​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ស្រួលៗ មិន​ខុសពី​ការលើកទឹកចិត្ត​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​រាលដាល​កាន់តែខ្លាំង​ថែមទៀត​នោះទេ​៕

fn-2016-07-18-12-55-58-2 fn-2016-07-18-12-55-58-3fn-2016-07-18-12-55-58-1