បង្ក្រាប​កាណូត​ដឹក​ក្រួស​បង្កប់​ឈើ​ប្រណី​តរបស់​ឈ្មួញ​ឈ្មោះ ហាក់ គ្រាន់តែ​ជា​រឿង​លេង​សើច​

កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ កាណូត​ដឹក​ក្រួស​ធំ​មួយ​ចេញពី​ខេត្តក្រចេះ ឆ្ពោះទៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ត្រូវបាន​បង្ក្រាប​នៅក្នុង​ទន្លេមេគង្គ​នៃ​ខេត្ត​ត្បូងឃ្មុំ ហើយ​អ្នកបើកបរ​កាណូត​និង​ម្ចាស់​ឈើ​បាន​គេចខ្លួនបាត់​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា កាណូត​ដឹក​ក្រួស​ដែល​បង្កប់​ឈើ​ប្រណីត​ច្រើន​ម៉ែត្រគូប​ដែល​ត្រូវ​បង្ក្រាប​នោះ គឺជា​របស់​ឈ្មួញ​ឈ្មោះ ហាក់ ដែល​ល្បីល្បាញ​ខាង​ជួញដូរ​ឈើ​ប្រណីត​ជា​យូរ​មកហើយ​។ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ កាណូត​ដឹក​ក្រួស​បង្កប់​ឈើ​ប្រណីត​ត្រូវបាន​អូស​យកទៅដាក់​នៅ​ច្រាំងទន្លេ​ក្នុងភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដើម្បី​លើក​ឈើ​ដាក់​ឃ្លាំង​ធ្វើការ​វាស់វែង​។

​អ្វីដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​នោះ គឺ​សមត្ថកិច្ច​បង្ក្រាប​បានតែ​កាណូត ឈើ​ប្រណីត និង​ក្រួស ចំណែក​អ្នកបើក​កាណូត​និង​ម្ចាស់​ឈើ​អាច​គេ​ខ្លួន​ដោយ​សុវត្ថិភាព​។ តាម​ការអះអាង​របស់​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា ប្រហែល​ព័ត៌មាន​ស្ដីពី​ការបង្ក្រាប​កាណូត​ដឹក​ក្រួស​បង្កប់​ឈើ​ប្រណីត​នោះ បានដឹង​ដល់​ម្ចាស់​ឈើ​ជាមុន​ទើប​ម្ចាស់​ឈើ​អាច​គេចខ្លួន​ដោយ​ស្រួលៗ​មុនពេល​សមត្ថកិច្ច​ប​ង្ក្រា​ប​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ប្រសិនបើ​សមត្ថកិច្ច​ចម្រុះ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ឈ្មួញ​ម្ចាស់​ឈើ​ឈ្មោះ ហាក់ និង​អ្នកបើកបរ​កាណូត​មិនអាច​គេចខ្លួន​បានទេ ហើយ​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ចៀស​មិន​ផុត​ឡើយ​។

មានការ​រិះគន់ថា​ក្រោយពេល​លោក គឹម ឈុនលី ឡើងកាន់តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​រួចមក គឺ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​ឥតឈប់ឈរ​ទាំង​តាមផ្លូវ​ទឹក និង​តាម​ផ្លូវគោក​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា​លោក គឹម ឈុនលី មិនទាន់មាន​សមត្ថភាព​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ប្រសើរ​ជាង​លោក ងី វីរៈ ដែល​ត្រូវ​ដកហូត​ចេញពី​តំណែង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​នោះទេ​។ ហេតុនេះហើយ​ទើប​ការបង្ក្រាប​កាណូត​ដឹក​ក្រួស​បង្កប់​ឈើ​ប្រណីត​នៅក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ គេ​បង្ក្រាប​បានតែ​កាណូត ក្រួស និង​ឈើ​ប្រណីត​ប៉ុណ្ណោះ រីឯ​ម្ចាស់​ឈើ​និង​កម្មករ​បើកកាណូត​អាច​គេចខ្លួន​ដោយ​ស្រួលៗ​ទៅវិញ​៕

8cef9a51-6930-46cb-93f1-d6c23c7fae7e a5090a2f-a22c-463e-9213-4776e737a845 74784fad-338f-4149-b4e1-d21f224c2f78