វេជ្ជបណ្ឌិត​សញ្ជាតិ​ខ្មែរ​ម្នាក់ ជាប់​ជា​ប្រធាន​​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​​ពិភពលោក

លោកវេជ្ជបណ្ឌិត Nam Han Cho គឺជាបុរសជនជាតិកូរ៉េខាងត្បូងសញ្ជាតិខ្មែរ និងជាជនជាតិអាស៊ីទី១ បានជាប់ឆ្នោតជា ប្រធានសហព័ន្ធជំងឺទឹកនោមផ្អែមពិភពលោក កាលពីថ្មីៗនេះ។

លោកវេជ្ជបណ្ឌិត បានថ្លែងថា លោកសប្បាយរីករាយណាស់ បន្ទាប់ពីបានក្លាយជាជនជាតិអាស៊ីដំបូងគេ ជាប់ជាប្រធានសហព័ន្ធ ជំងឺទឹកនោមផ្អែមពិភពលោក ព្រោះរយៈពេល ៦៦ ឆ្នាំមកនេះ មិនមានជនជាតិអាស៊ីណាធ្វើប្រធានអង្គការក្រៅរដ្ឋាភិបាល ដែលមូលដ្ឋាននៅបែលហ្សិកមួយនេះឡើយ។

សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ AjoU រូបនេះបន្តថា អង្គការមួយនេះ ធ្វើការយ៉ាងជិតស្និទ្ធជាមួយ អង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ហើយអង្គការមានតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងទទួលខុសត្រូវ លើប្រទេសចំនួន ១៦៨ លើពិភពលោក។

វេជ្ជបណ្ឌិត​សញ្ជាតិ​ខ្មែរ​ម្នាក់ ជាប់​ជា​ប្រធាន​​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​​ពិភពលោកលោកវេជ្ជបណ្ឌិត Nam Han Cho

លោក Nam Han Cho ថា សព្វថ្ងៃអង្គការនេះ មានអ្នកជំងឺ ៤១៥ លាននាក់ ហើយមនុស្សច្រើនជាង ១ ប៊ីលាននាក់ មិនបានដឹងថាពួកគេកើតជំងឺនេះទេ។ អ្នកជំងឺទឹកនោមផ្អែមប្រហែល ៥លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំលើពិភពលោក ពោលគឺ ៦វិនាទីម្ដង មានមនុស្សម្នាក់ស្លាប់។

ពេលអ្នកកាសែតសួរថា លោកមកកម្ពុជា ព្រោះតែជំងឺទឹកនោមផ្អែមមែនទេ? វេជ្ជបណ្ឌិតដដែលតបថា លោកមកកម្ពុជាតាំងពី ១៦ឆ្នាំមុនម្ល៉េះ ក្នុងនាមជាគ្រូពេទ្យមនុស្សធម៌ស្ម័គ្រចិត្ត ដើម្បីជួយប្រជាជនកម្ពុជា ដែលអំឡុងពេលនោះ កម្ពុជាកំពុងជួបបញ្ហាជំងឺឆ្លងជាច្រើន ហើយ ១០ ឆ្នាំចុងក្រោយនេះ ការរីករាលដាលនៃជំងឺឆ្លង បានថមថយទៅវិញ ដោយជំនួសមកវិញនូវជំងឺទឹកនោមផ្អែម និងលើសឈាម ។ បញ្ហានេះ បានធ្វើឱ្យលោកផ្លាស់ប្ដូរ មកផ្នែកជំងឺទឹកនោមផ្អែម និងលើសឈាមវិញ។ ដូច្នេះ បេសកកម្មរបស់លោកនៅកម្ពុជា គឺកសាងមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមមួយ ដើម្បីជួយដល់ប្រជាជនកម្ពុជា។

លោក Nam Han Cho និងដៃគូសហការ បានបង្កើតអគារមួយមានឈ្មោះថា «មជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ» ក្នុងមន្ទីរពេទ្យព្រះកុសុមៈ ក្នុងទំហំទឹកប្រាក់ ១០ ម៉ឺនដុល្លារ កាលពីឆ្នាំ ២០១៥ ហើយបច្ចុប្បន្នអគារមួយនេះ អាចឱ្យអ្នកជំងឺសម្រាកព្យាបាល ២៤ ម៉ោងបាន។ “អ្នកប្រហែលឆ្ងល់ហើយថា ហេតុអ្វីខ្ញុំចំណាយលុយច្រើនសង់អគារនេះ ព្រោះខ្ញុំមានសញ្ជាតិខ្មែរ”។ លោក Cho ថ្លែង។

លោកបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានអ្នកជំងឺទឹកនោមផ្អែមប្រហែល ១,២ លាននាក់។ អ្នកអត់ដឹងថាខ្លួនមានជំងឺនេះ មានប្រហែល ១,២ លាននាក់ និង ២លាននាក់ផ្សេងទៀត អាចប្រឈមមុខជំងឺនេះ ក្នុងពេលអនាគត។ ចំពោះមូលហេតុ បណ្ដាលឱ្យកម្ពុជា មានអ្នកកើតជំងឺទឹកនោមផ្អែមច្រើន ព្រោះតែប្រជាជន មានរបៀបរស់នៅបែបលោកខាងលិច ដូចជាចូលចិត្តញ៉ាំភេសជ្ជៈ អាហារសំបូរខ្លាញ់ ទទួលទានគ្រឿងស្រវឹង ជក់បារី ជាដើម។

វេជ្ជបណ្ឌិតជំនាញរូបនេះ បានលើកឡើងថា ដើម្បីទប់ស្កាត់កុំឱ្យកើតជំងឺនេះ ប្រជាជនខ្មែរគួរ បរិភោគអាហារតាមបែបខ្មែរ រស់នៅតាមបែបខ្មែរ ហាត់ប្រាណឱ្យបានច្រើន និងអប់រំក្មេងៗ ឱ្យកាត់បន្ថយអាហារលោកខាងលិច។ លោក បញ្ជាក់យ៉ាងខ្លីថា៖ “គួររស់នៅ និងហូបចុក តាមបែបកម្ពុជា”៕

ប្រភព៖ sabay

  • វេជ្ជបណ្ឌិត​សញ្ជាតិ​ខ្មែរ​ម្នាក់ ជាប់​ជា​ប្រធាន​​សហព័ន្ធ​ជំងឺ​ទឹកនោម​ផ្អែម​​ពិភពលោក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: