សល់​​​៣៥​ថ្ងៃ​ទៀត​ប្រលង​បាក់​ឌុប​ សិស្ស​ថ្នាក់​ទី១២ ​​ត្រៀម​អ្វី​ខ្លះ​ហើយ?

​ការ​ប្រលង​​​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​នឹង​ធ្វើ​ឡើង​​នា​ថ្ងៃ​ទី ២២ សីហា ឆ្នាំ​២០១៦​ខាង​មុខ​នេះ ដូច្នេះ​នៅ​​សល់​រយៈ​ពេល​​​តែ​ជាង​មួយ​​ខែ​ប៉ុណ្ណោះ​​​ដើម្បី​​​សិស្ស​​ថ្នាក់​ទី​១២​ទាំង​អស់​ត្រៀម​​ខ្លួន​​សម្រាប់​​ថ្ងៃ​ប្រលង​​​ថ្នាក់​ជាតិ​​​​សំខាន់​របស់​ពួក​គេ។

 

សល់​​​៣៥​ថ្ងៃ​ទៀត​ប្រលង​បាក់​ឌុប​ សិស្ស​ថ្នាក់​ទី១២ ​​ត្រៀម​អ្វី​ខ្លះ​ហើយ?

 

តាម​ការ​ឲ្យ​ដឹង​ពី​​​សិស្សានុសិស្ស​​​មួយ​ចំនួន​បាន​​​ឲ្យ​ដឹង​ថា​ពួក​គេ​​កំពុង​​សម្រុក​ធ្វើ​លំហាត់ និង​ចាប់​ផ្ដើម​មើល​មេរៀន​ទន្ទេញ​ និង​សិក្សា​​ជា​ក្រុម​ដើម្បី​ត្រៀម​​ខ្លួន​​​​សម្រាប់​ថ្ងៃ​ប្រលង​​សំខាន់​នោះ​។ យុវតី គុណ្ណា សុទ្ធា​វត្តី ជា​សិស្ស​ថ្នាក់​ទី​១២ ​​ថ្នាក់​វិទ្យាសាស្ត្រ​ នៃ​វិទ្យាល័យ​បាក់​ទូក​​បាន​​និយាយ​ប្រាប់​ Sabay​ ថា មក​ទល់​ពេល​​នេះ​​ កញ្ញា​បាន​​កាត់​បន្ថយ​ការ​​កម្សាន្ត​ផ្ទាល់​ខ្លួន ដើម្បី​​ផ្ដោត​សំខាន់​ខ្លាំង​​លើ​​មេរៀន​លំហាត់​​៖ “ឥលូវ​ Serious ខ្លាំង​ណាស់​​បង ហើយ​យើង​​ Limit ខ្លួន​ឯង​​មែន​ទែន​។ ​យើង​​កាត់​បន្ថយ​ការ​សប្បាយ​​​របស់​យើង​ដូច​ជា​​ ​ឈប់​ចុច​ទូរសព្ទ យក​ទូរសព្ទ​​ដាក់​​នៅ​ណា​ផ្សេង​​​ ហើយ​​ការងារ​ផ្ទះ​យើង​អាច​​ទម្លាក់​​វា​ឲ្យ​ណា​គេ​ធ្វើ​សិន​ទៅ ដើម្បី​យើង​ចំណាយ​ពេល​ឲ្យ​ច្រើន​រៀន​សិន។ ​​​​​​រាល់​​ថ្ងៃ​ហ្នឹង​ ភាគ​ច្រើន​ធ្វើ​លំហាត់​នៅ​ផ្ទះ​ខ្លួន​ឯង។…ហើយ​ខ្ញុំ​រៀន​ជា​ក្រុម​ដែរ​​​បង​ មាន​គ្នា​ប្រហែល​ជា​១០​នាក់ ក្នុង​ហ្នឹង​មាន​អ្នក​ចេះ​ជួយ​បង្រៀន​ពួក​យើង​ ​​​​​។ ១​ថ្ងៃ​រៀន​​​ជា​ក្រុម​ហ្នឹង​​តែ​២​ម៉ោង​អី​ទេ ក្រៅ​ពី​ហ្នឹង​យើង​រៀន​នៅ​ផ្ទះ​ខ្លួន​ឯង ហើយ​ត្រង់​កន្លែង​ណា​​អត់​យល់​បាន​យើង​ទៅ​សួរ​​មិត្តភ័ក្ដិ​ អ្នក​ដែល​ចេះ​ហ្នឹង​។…ចំពោះ​មុខ​វិជ្ជា​ទន្ទេញ​​វិញ​ដូច​ជីវៈ​ គឺ​​ខ្ញុំ​ព្យាយាម​យល់​សិន រួច​​​យើង​សម្រុក​​សូត្រ​តាម​ក្រោយ”។

 

សល់​​​៣៥​ថ្ងៃ​ទៀត​ប្រលង​បាក់​ឌុប​ សិស្ស​ថ្នាក់​ទី១២ ​​ត្រៀម​អ្វី​ខ្លះ​ហើយ?

យុវតី គុណ្ណា សុទ្ធា​វត្តី និង ម្តាយ

 

ងាក​ទៅ​ស្ដាប់​​​​​ ផាន់​ ដាលីន យុវសិស្ស​ថ្នាក់​ទី​១២​​​​នៃ​វិទ្យាល័យ​​ ហ៊ុន​សែន​​ប៊ុនរ៉ានី​វត្ត​ភ្នំ ថ្នាក់​វិទ្យាសាស្ត្រ​​ បាន​​រៀប​រាប់​ឲ្យ​ដឹង​​ថា៖ “ខ្ញុំ​បាន​ត្រៀម​ខ្លួន​​​បាន​ច្រើន​​​​បង ព្រោះ​​នេះ​ជា​ការ​ប្រលង​លើក​ទី​ពីរ​​របស់​ខ្ញុំ​។ មួយ​ថ្ងៃ​ខ្ញុំ​ចំណាយ​ពេល​ពីរ​ម៉ោង​ធ្វើ​លំហាត់​តាម​កាល​វិភាគ​ផស់​ខ្ញុំ​ ហើយ​ពេល​ព្រឹក​ឬ​ថ្ងៃ​ខ្ញុំ​មក​​រៀន​គួរ​​នៅ​សាលា​ជ័យ​ថាវី​នេះ រៀន​បី​ម៉ោង​​​រាល់​ថ្ងៃ​បង មុខ​វិជ្ជា​រូប គណិត គីមី។ ដាលីន​បាន​បញ្ជាក់​ទៀត​ថា​ ​ឆ្នាំ​ទៅ​(២០១៥) ប្អូន​បាន​ធ្លាក់​បាក់​ឌុប​ដោយ​សារ​មុខ​វិជ្ជា​លំហាត់​​​​របស់​ប្អូន​បាន​ពិន្ទុ​ទាប​ ដូច​នេះ​សម្រាប់​ឆ្នាំ​២០១៦​ ដាលីន​​ប្រាប់​ថា​​ខ្លួន​ពង្រឹង​​ខ្លាំង​លើ​មុខ​វិជ្ជា​ទាំង​នោះ។

 

ដោយ​ឡែក​ ​​​យុវជន​វ័យ​១៦​ឆ្នាំ​ វ៉ាត វិវឌ្ឍ ទើប​តែ​រៀន​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ ជាស៊ីម​សាមគ្គី ប៉ុន្តែ​​​ប្អូន​បាន​មក​រៀន​គួរ​​ទី​​១២​​​នៅ​សាលា​ជ័យ​ថាវី​ជា​ការ​ត្រៀម​ខ្លួន យុវសិស្សសម្បុរស្រអែមរូបនេះ បាន​ប្រាប់ Sabay ថា៖ “ដោយ​សារ​ប្រលង​សម័យ​ឥលូវ​​តឹង​ជា​មុន​ចឹង​បង ចឹង​យើង​ត្រូវ​តែ​ខំ​ មាន​គម្រោង​ទុក​ជា​មុន។ ពេល​វ៉ាកង​ចឹង​ យើង​​ទី​១១​ យើង​សល់​ពេល​​​ប្រហែល​១​ឆ្នាំ​ចឹង ពេល​ប្រលង​ឆមាស​ទី​២​ហើយ​​ យើង​​ចាប់​ផ្ដើម​រៀន​គួរ​ត្រៀម​ទុក​មុន​បង”។ វិវឌ្ឍ​បាន​បន្ត​ថា ពេល​ចូល​ថ្នាក់​ទី​១២​ប្អូន​មាន​គម្រោង​ចាប់​យក​ថ្នាក់​វិទ្យាសាស្ត្រ​ពិត ហើយ​ពេល​នេះ​​ប្អូន​​​​កំពុង​រៀន​គួរ​រូប​ គីមី ថ្នាក់​ទី​១២ ​ចំណែក​មុខ​វិជ្ជា​គណិតវិទ្យា​​ទី​១២​​​ប្អូន​​​ចូល​រួម​ក្លឹប​សិក្សា​មួយ​ដែល​​​ប្អូន​មាន​មិត្តភ័ក្ដិ​ពូកែ​​លើ​មុខ​​វិជ្ជា​​​​នោះ​ជួយ​បង្រៀន​។

 

សល់​​​៣៥​ថ្ងៃ​ទៀត​ប្រលង​បាក់​ឌុប​ សិស្ស​ថ្នាក់​ទី១២ ​​ត្រៀម​អ្វី​ខ្លះ​ហើយ?

យុវសិស្ស វ៉ាត វិវឌ្ឍ

 

ចំណែក​ឯ​ យុវតី​​ យ៉ាង ស៊ាវហ័ង ជា​សិស្ស​ថ្នាក់​ទី​១២ ថ្នាក់​វិទ្យាសាស្ត្រ​ពិត​នៅ​វិទ្យាល័យ​បាក់​ឌុប បាន​រៀប​រាប់​ប្រាប់​ថា​​​ប្អូន​​បាន​​​ត្រៀម​ខ្លួន​តាំង​ពី​ដើម​ឆ្នាំ​មក​​​ ដោយ​រៀន​គួរ​​​លើ​​មុខ​វិជ្ជា រូប គណិត គីមី ជីវៈ និង​ភាសា​ខ្មែរ​នៅ​​សាលា​ជ័យ​ថាវី​​។ “​​មក​ដល់​ថ្ងៃ​ហ្នឹង​ខ្ញុំ​មក​រៀន​គួរ​​​​នៅ​ជ័យ​ថាវី​ហ្នឹង​​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១។ ចំណែក​ឯ​​​មុខ​វិជ្ជា​ទន្ទេញ​​​ដូច​ជា​ប្រវត្តិ​ចឹង ខ្ញុំ​ទិញ​សៀវភៅ​​វិញ្ញាសា​ចាស់​ៗ​មើល និង​ ស្រាវ​ជ្រាវ​​ឯកសារ​​មើល​តាម​អ៊ីនធើណេត​​ផង​ដែរ”។ ​​ស៊ាវហ័ង បញ្ជាក់។ សម្រាប់​ការ​រៀន​ខ្លួន​ឯង​វិញ​ ស៊ាវហ័ង​អះអាង​ថា៖ ​​”​​បន្ទាប់​ពី​​បញ្ចប់​ការងារ​ផ្ទះ​រួច​ ខ្ញុំ​​ចាប់​​ធ្វើ​លំហាត់​ រូប គណិត គីមី ជីវៈ តាម​កាល​វិភាគ​ផ្ទាល់​ខ្លួន​ពី​ម៉ោង​​៨​កន្លះ​ រហូត​ដល់​​ម៉ោង​១​យប់​ ហើយ​ខ្ញុំ​ឆ្លៀត​សម្រាក​មួយ​ភ្លែត​ៗ​ដែរ”៕ ​​​​​​​​​​​

 

​​​​​​​​​​​​​​​​​​អត្ថបទ៖​មាន រតនា
រូបភាព៖ ផ្ដល់​ឲ្យ​
​​​​​​