ឈ្មួញ​ឈ្មោះ ហេង ជីករណ្ដៅ​ដី​ជម្រៅ​៥០​ទៅ​៧០​ម៉ែត្រ​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ គ្មាន​មន្ត្រី​ជំនាញ​ណា​ទៅ​ត្រួតពិនិត្យ​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យមើល​រណ្ដៅ​ដី​ដែលមាន​ជម្រៅ​ពី​៥០​ទៅ​៧០​ម៉ែត្រ​របស់​ឈ្មួញ​ឈ្មោះ ហេង នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ខ្លះ​ផង​។ ដោយហេតុថា មកដល់ពេលនេះ​ពួកគាត់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​សង្កាត់ អាជ្ញាធរ​ខណ្ឌ ជា​បន្តបន្ទាប់​ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​គ្មាន​លទ្ធភាព​ទប់ស្កាត់​ឈ្មួញ​ឈ្មោះ ហេង ដែល​ជីករណ្ដៅ​ដី​ជម្រៅ​រាប់សិប​ម៉ែត្រ​នោះទេ​។ ចំណែក​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​បើទោះបី​រឿងរ៉ាវ​នេះ ត្រូវបាន​ចុះផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។

​រណ្ដៅ​ដី​ជម្រៅ​ពី​៥០​ទៅ​៧០​ម៉ែត្រ​របស់​ឈ្មួញ​ឈ្មោះ ហេង កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់ ជាពិសេស​ខ្លាច​បាក់​ដីស្រែ​និង​ដី​លំនៅដ្ឋាន​របស់​ពួកគាត់​ចូលទៅក្នុង​រណ្ដៅ​ដី​នោះ​។ ជាងនេះទៅទៀត​រថយន្ត​ដឹក​អាចម៍ដី​ធំៗ​របស់​ឈ្មួញ​ឈ្មោះ ហេង បើកបរ​ឆ្លងកាត់​ផ្លូវលំ​ក្នុងភូមិ​បង្ក​ឲ្យ​ខូច​ផ្លូវ និង​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មិន​ចាត់វិធានការ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ​សេចក្ដី​ព្រួយបារម្ភ​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ការជីក​រណ្ដៅ​ដី​ជម្រៅ​រាប់សិប​ម៉ែត្រ គឺជា​ការបំពាន​លើ​អាជ្ញាប័ណ្ណ​របស់​ក្រសួង​រ៉ែ​និង​ថាមពល​យ៉ាង​គឃ្លើន​។

មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា​អាជ្ញាធរ​សង្កាត់​ភ្លើង​ឆេះ​រទេះ ក៏ដូចជា​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ហេង ទើ​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ជីករណ្ដៅ​ដី​ជម្រៅ​ពី​៥០​ទៅ​៧០​ម៉ែត្រ គឺ​ដល់​ផ្ទាំង​ថ្ម​តែម្តង​។ ប្រសិនបើ​មន្ត្រី​អាជ្ញាធរ​ក៏ដូចជា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​រាជធានី​ភ្នំពេញ មិន​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ហេង ទេនោះ​ប្រហែល​គេ​ចាត់វិធានការ​ទប់ស្កាត់​មិន​ឲ្យ​ឈ្មួញ​រូបនេះ​ជីករណ្ដៅ​ដី​ជម្រៅ​ដល់​ក្បាល​ប្រេត និង​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​អាចម៍ដី​បំផ្លាញ​ផ្លូវ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ​តាម​អំពើ​ចិត្ត​ឡើយ​។ ហេតុនេះ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​ឈ្មោះ ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត បើទោះបី​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​យ៉ាងណាក៏ដោយ​៕

pa-620លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ13680172_1732505090349515_6831558142302237441_o