លោក Conte ចង់ឲ្យ Cuardrado បន្តនៅជាមួយនឹងក្លិប Chelsea

លោក Antonio Conte អ្នកចាត់ការទូទៅថ្មីរបស់ Cheslea បាននិយាយថា ខ្សែបម្រើស្លាបអន្តរជាតិកូឡុំប៊ី Juan Cuadrado គឺជាផ្នែកមួយនៃផែនការរបស់លោកនៅឯកីឡដ្ឋាន Stamford Bridge។ Cudrado វ័យ២៨ឆ្នាំ បានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងក្របខ័ណ្ឌ Serie A និងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤ នៅមុនពេលចូលរួមជាមួយនឹងក្លិបតោខៀវក្នុងតម្លៃខ្លួន២៣,៣លានផោន (ស្មើនឹង៣០,៩លានដុល្លារអាមេរិក) ពីក្លិប Fiorentina កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ប៉ុន្តែ មិនបានរកគ្រាប់បាល់បញ្ចូលទីឡើយក្នុងការប្រកួត១៣លើក។

Chelsea-ft16

រូបគេត្រូវបានខ្ចីជើងទៅលេងឲ្យ Juventus កាលពីរដូវកាលមុន ដោយបានស៊ុតបាល់បញ្ចូលទី៤គ្រាប់ក្នុងការបង្ហាញខ្លួន២៨លើកដើម្បីជួយឲ្យក្រុមសេះបង្កង់ឈ្នះពានរង្វាន់លីក និង Italian Cup។ លោក Conte បានឲ្យដឹងថា៖ «ខ្ញុំចង់បានរូបគេនៅពេលខ្ញុំធ្វើជាគ្រូបង្វឹករបស់ Juventus។ រូបគេនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ និងហ្វឹកហាត់ ហើយលេងជមួយនឹងយើង។ បច្ចុប្បន្ន រូបគេគឺជាកីឡាករម្នាក់របស់ Chelsea ហើយរូបគេនឹងបន្តនៅជាមួយនឹងយើង។

ប្រសិនបើមានអ្វីផ្លាស់ប្តូរ អ្នកនឹងដឹង»។ ការចូលរួមរបស់ Pedro នៅឯ Chelsea ពីក្លិប Barcelona កាលពីខែសីហា បានបង្ខំឲ្យ Cuadrado ចូលរួមជាមួយនឹងអតីតក្លិបរបស់លោក Conte គឺ Juventus ក្នុងនាមជាកីឡាករកម្ចីក្នុងរយៈពេល៥ថ្ងៃក្រោយមក៕

ប្រភពព័ត៌មាន៖ BBC