ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ទៅ​ប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ឡាវ​

ភ្នំពេញ​:
​តាម​ការអញ្ជើញ​របស់ លោក​សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ទៅ​ចូលរួម កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីក្រុង​វៀង​ច័ន្ទ សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​។​
 
​យោងតាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួមមានៈ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​លើក​ទី​៤៩​។ កិច្ចប្រជុំ​គណៈកម្មការ តំបន់​អាស៊ីអាគ្នេយ៍ គ្មាន​អាវុធ​នុយក្លេអ៊ែរ​។ ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស អាស៊ាន ជាមួយ​តំណាង​គណៈកម្មការ អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស​។ សន្និសីទ​ក្រោយ​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​។ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរ​ទស អាស៊ាន​បូក​៣ លើក​ទី​១៧​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា លើក​ទី​៦ និង​វេទិកា​តំបន់​អាស៊ាន លើក​ទី​២៣​។​
 
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​លើក​ទី​៤៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ មាន​គោលដៅ​ពង្រឹង ការកសាង​សហគមន៍​អាស៊ាន និង​តួនាទី​ស្នូល របស់​អាស៊ាន ក្នុងការ​វិវត្តន៍​និម្មាបនកម្ម​តំបន់ ក៏ដូចជា​ការធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ នូវ​កិច្ចសហប្រតិបត្តិការ អាស៊ាន​ជាមួយ​ដៃគូ និង​មិត្ត​ភ័ក្តិ ដើម្បី​រក្សា​សន្តិភាព សន្តិសុខ ស្ថេរភាព និង​វិបុលភាព បន្ថែមទៀត ក្នុង​តំបន់ និង​ក្រៅ​តំបន់​។​
 
​ក្រៅពី​ការអញ្ជើញ​ចូលរួម កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ ពាក់ព័ន្ធ​ទៃទៀត​ដូចជាៈ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​គំនិត​ផ្តួចផ្តើម មេគង្គ​ក្រោម​លើក​ទី​៩​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន លើក​ទី​៩​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ មេគង្គ​-​គង្គា លើក​ទី​៧ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស មេគង្គ​-​កូរ៉េ លើក​ទី​៦​។​
 
​ក្នុងអំឡុងពេល​ស្នាក់នៅ ប្រទេស​ឡាវ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយ​រដ្ឋមន្ត្រីការបរទេស អាស៊ាន​ដទៃទៀត នឹង​ជួប​សម្តែង​ការគួរសម ជាមួយ​លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​។​
 
​បន្ថែម​ពីនេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ពិភាក្សា​ទ្វេភាគី​ផងដែរ ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ប្រមុខ​គណៈប្រតិភូ នៃ​ប្រទេស​មួយចំនួន​៕N​/S