មាស​ឡើងថ្លៃ​ខ្លាំង ​បន្ទាប់​ពី​ប្រទេស​តួ​ក​គី​មានការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ

ប្រទេស​ថៃ ៖ តម្លៃ​មាស​បាន​កើនឡើង​ពី​១០០​បាត ទៅ​២២.១៥០​បាត​ក្នុង​ទម្ងន់​មាស​១​បាត (15.24 grams) នៅ​ក្នុង​ទីក្រុង​បាងកក កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក ។

សមាគម​ពាណិជ្ជករ​មាស​បាន​ប្រកាស​ពី​តម្លៃ​ទិញ​ចូល​គឺ​២២.០៥០​បាត និង​លក់​ចេញ​២២.១៥០​បាត​ក្នុង​ទម្ងន់​១​បាត គិត​ជា​មាស​ដុំ​។ សម្រាប់​អលង្ការ​តុបតែង​លម្អ តម្លៃ​ទិញ​ចូល និង​លក់​ចេញ​មាន​តម្លៃ​២១,៦៤៨.៤៨​បាត និង ២២.៦៥០​បាត​ក្នុង​ទម្ងន់​១​បាត ។ តម្លៃ​ក្នុងស្រុក​បាន​ផ្លាស់​ប្តូរ​ចំនួន​៦​ដង​កាលពី​ថ្ងៃ​សុក្រ ស​ប្ដា​ហ៍​មុន ដែល​កើនឡើង​សរុប​ចំនួន​៥០​បាត​ក្នុង​ទម្ងន់​មាស​១​បាត ។

ទីភ្នាក់ងារ Reuters កាលពី​ថ្ងៃ​សៅរ៍​បាន​រាយការណ៍​ពី​ទីក្រុង​ញូ​វ​យ៉​កថា តម្លៃ​មាស​បាន​កើនឡើង​ខ្ពស់​ជាង​មុន ។ ការ​ផ្លាស់​ប្តូរ​នេះ​នាំ​ឲ្យ​ពាណិជ្ជករ​ខាតបង់​ភ្លាម​ៗ​កាលពី​ថ្ងៃ​សុក្រ នៅ​ទីក្រុង​ញូ​វ​យ៉​ក បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​តួ​ក​គី Binali Yildirim បាន​និយាយ​ថា មាន​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​កម្លាំងយោធា​របស់​ប្រទេស​នេះ ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល ។

តម្លៃ​មាស​បាន​កើនឡើង​រហូត​ដល់​០,២៣% ក្នុង​តម្លៃ​១,៣៣៧.៧៣​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​អោន នាំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​តម្លៃ​ទាប​ប្រមាណ​ជា​១.៣២២​ដុល្លារ​អា​មេ​រិ​ក ។

លោក Tai Wong នាយក​នៃ​ពាណិជ្ជកម្ម​មូលដ្ឋាន និង​លោហៈធាតុ​មាន​តម្លៃ​ថ្លៃ​នៃ​ក្រុមហ៊ុន BMO Capital Markets ក្នុង​ទីក្រុង ញូ​វ​យ៉​កបាន​និយាយ​ថា ៖ « តម្លៃ​មាស​បាន​កើនឡើង​១០​ដុល្លារ ខ្ពស់​ជាង​មុន​នា​ម៉ោង​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​វា​បាន​ក្លាយជា​តម្លៃ​ច្បាស់​មួយ​ពេល​មានការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​តួ​ក​គី » ។

លោក​បន្ត​ថា ៖ « មាស​មិនមែន​ជា​អ្នក​ការពារ​ហានិភ័យ​ភូមិសាស្ត្រ​ដ៏​ល្អ​ខ្លាំង​ទេ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ ទោះជា​យ៉ាងណា​ក៏​ដោយ ទស្សនៈ​នេះ​អាច​នឹង​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​បាន ជា​ពិសេស ប្រសិនបើ​វា​បង្ហាញ​ថា មាន​អ​ស្ថិរភាព​ចំពោះ​រដ្ឋាភិបាល​ដទៃ​ទៀត​ក្នុង​តំបន់ » ។

សារព័ត៌មាន Bloomberg បាន​រាយការណ៍​ពី​ទីក្រុង​ញូ​វ​យ៉​ក​ផង​ដែរ​ថា មាន​ព័ត៌មាន​មក​ពី​ប្រទេស​តួ​ក​គី បន្ទាប់​ពី​បាន​ដំណឹង​ថា មានការ​បិទ​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក ដែល​ជំរុញ​​ដល់​តម្រូវការ​ដើម្បី​គាំពារ​ទ្រព្យសកម្ម ។ លុយ​លី​រ៉ា​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​តម្លៃ​ជាង​៤% ខណៈ​ដែល​ប្រាក់​យ៉េន​ត្រូវ​បាន​គេ​ពង្រឹង និង​ប័ណ្ណ​រតនាគារ​មានការ​ខាត​បង់ ។

លោក Jeffrey Kleintop ប្រធាន​អ្នក​យុទ្ធសាស្ត្រ​វិនិយោគ​ជាស​កល​របស់​ក្រុមហ៊ុន Charles Schwab & Co បាន​ប្រាប់​សារព័ត៌មាន Bloomberg ថា ៖ « ខ្ញុំ​មិន​គិត​ថា នេះ​ទំនងជា​នឹង​មាន​លទ្ធផល​ចំពោះ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​មួយ​នៃ​ការ​វាយតម្លៃ​ហានិភ័យ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​ទេ » ៕