មាស​ពិតជា​បន្ដ​ឡើងថ្លៃ ខណៈ​ទីផ្សារ​មាស​អន្ដរជាតិ​កំពុង​កើនឡើង

រាជធានី​ភ្នំពេញ ៖ តម្លៃ​មាស​តាម​រយៈ​ហាងឆេង​លី​ហួរ ក្នុង​១​តម្លឹង​មាសគីឡូ លក់​ចេញថ្លៃ​១.៥៩៥​ដុល្លារ និង​ទិញ​ចូល​ថ្លៃ​១.៦០៥​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ទី​១៨ កក្កដា ម្សិលមិញ​នេះ​។ មាស​នឹង​បន្ដ​ឡើងថ្លៃ ខណៈ​ទីផ្សារ​មាស​អន្តរជាតិ​ក៏​កំពុង​ឡើងថ្លៃ​ផង​ដែរ ហើយ​គិត​មក​ត្រឹម​ពេល​នេះ វា​អាច​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៣១ វិច្ឆិកា ២០១៥ មាស​មាន​តម្លៃ​ត្រឹមតែ​១.០៦០,៩០​ដុ​លា្ល​រ​ក្នុង​១​អោន​(៣១,១០​ក្រាម​)​ប៉ុណ្ណោះ ហើយ​ក្រោយមក មាស​បាន​ឡើងថ្លៃ​ជាង​៣០០​ដុល្លារ​ទៀត ស្មើនឹង​១.៣៦៥,៤០​ដុល្លារ កាលពី​ថ្ងៃ​សុក្រ ទី​៨ កក្កដា កន្លង​មក មានការ​កើនឡើង​២៩% ។

ការ​ឡើងថ្លៃ​នេះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​មាន​ហេតុផល​ជា​ច្រើន​នៅ​ពីក្រោយ​កំណើន​នៃ​តម្លៃ​មាស ដែល​ជំរុញ​ឱ្យ​វា​កាន់តែ​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ។

យោង​តាម​សារព័ត៌មាន​អន្តរជាតិ​មួយ​ផ្សា​រថា មាន​ហេតុផល​៣​យ៉ាង​ដែល​អាច​បញ្ជាក់​ថា​មាស​នឹង​អាច​ឡើងថ្លៃ​រហូត​ដល់​២.០០០​ដុល្លារ​ក្នុង​១​អោន នា​ពេល​ដ៏​ខ្លី​ខាង​មុខ ៖

១-​ការ​ធ្លាក់​ចុះ​ទិន្នផល​នៅ​ទូ​ទាំង​ពិភពលោក​៖
វិនិយោគិន​ភាគច្រើន​កំពុង​បន្ត​សម្លឹង​មើល​ការ​វិនិយោគ​ទៅ​លើ​មាស ។ ប្រសិនបើ​មាន​ជម្រើស​២​រវាង​ការ​វិនិយោគ​ទៅ​ក្នុង​ទិន្នផល​១% និង​ការ​បោះទុន​មក​លើ​មាស នោះ វិនិយោគិន​ប្រាកដជា​ជ្រើស​យក​ការ​វិនិយោគ​មាស ដោយហេតុ​ថា ពួក​គេ​មិន​ទទួល​បាន​ផល​ចំណេញ​ច្រើន​ពី​ការ​ដាក់​ទុន​លើ​មូល​ប​ត្រ​បំណុល​នោះ​ទេ ។ តួយ៉ាង មូល​ប​ត្រ​បំណុល​​រយៈពេល​១០​ឆ្នាំ ទាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​អា​ល្លឺ​ម៉​ង់ ធ្វើ​ឱ្យ​ទិន្នផល​ក្នុងស្រុក​ជួប​ផល​អវិជ្ជមាន ។ រីឯ​ទិន្នផល​រតនាគារ​រយៈពេល​១០​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក ក៏​ទាប​ជាង​១,៤%​ផង​ដែរ​។ សូ​ម្បី​តែ​នៅ​ក្នុង​ការ​ពង្រឹង​ប្រាក់​ដុល្លារ​របស់​អា​មេ​រិ​ក​ទៅ​លើ​ប្រាក់​អឺ​រ៉ូ និង​ប្រាក់​ផោន​នោះ ប្រសិនបើ​ប្រាក់​ដុល្លារ​ខ្ពស់ ជា​ធម្មតា​វា​នឹង​ធ្វើ​ឱ្យ​តម្លៃ​មាស​ចុះ​ថោក ។

២-​តម្រូវការ​មាស​នៅ​តែ​បន្ត​កើនឡើង ៖
ដូចដែល​យើង​បានឃើញ​ស្រាប់​ហើយ​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​មកនេះ តម្រូវការ​មាស​នៅ​តែ​កើនឡើង ។ សូមកុំ​ភ្លេច​ថា រាល់​ការ​ទិញ ឬ​លក់ ជា​ធម្មតា​តែងតែ​មានការ​ផ្គត់ផ្គង់ និង​តម្រូវការ​ដែល​អាច​ជា​ហេតុ​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ទីផ្សារ​មាស ។

កាលពី​ឆ្នាំ​២០១៤ និង​២០១៥ មូលនិធិ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក (ETFs) មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​លំហូរ​ចូល​នៃ​ការ​វិនិយោគ ដែល​មាន​ន័យ​ថា តម្រូវការ​មាស​មាន​ចំនួន​តិច​។ គួរ​រំលឹក​ថា មាស​ត្រូវ​បាន​ដក​ចេញពី ETFs សរុប​ចំនួន​១៨៣,៦​តោន​ក្នុង​ឆ្នាំ​២០១៤ និង​១២៨,៣​តោន​ក្នុង​ឆ្នាំ​២០១៥ ។

យ៉ាងណាមិញ យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​មាស​ពិភពលោក ស្តី​ពី​តម្រូវការ​មាស​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ បានឱ្យ​ដឹង​កាលពី​ពាក់កណ្តាល​ខែឧសភា​ថា ជា​លទ្ធ​ផល​នៃ​លំហូរ​មាស​ចូល​មាន​ចំនួន​៣៦៣,៧​តោន ។ ជា​ទស្សនៈ បាន​សង្កេត​ឃើញ​ថា លំហូរ​ចូល​ត្រឹមតែ​១​ត្រីមាស​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ចំនួន​ច្រើន​ជាង​លំហូរ​ចេញ បើ​ធៀប​នឹង​រយៈពេល​២​ឆ្នាំ​មុន​បូក​បញ្ចូល​គ្នា ។

តម្រូវការ​មាស​មាន​កំណើន​ខ្ពស់​ពី​វិនិយោគិន​ឯកជន​ដូច​អ្វី​ដែល​បាន​គិត ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា​ធនាគារកណ្តាល​លើ​ពិភពលោក ឧស្សាហកម្ម គ្រឿងអលង្ការ និង​សូ​ម្បី​តែ​ក្នុង​វិស័យ​ប​ចេ្ច​ក វិទ្យា ក៏​មាន​តម្រូវការ​មាស​យ៉ាង​ខ្លាំង​ផង​ដែរ​។ តម្រូវការ​នេះ​នឹង​នៅ​តែ​បន្ត​ដើរតួ​យ៉ាង​សំខាន់​ចំពោះ​តម្លៃ​មាស​នា​ពេល​អនាគត ។

៣-​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក និង​ការ​ចាកចេញ​របស់​អង់គ្លេស​ពី EU ៖
ជា​ចុង​ក្រោយ ភាព​មិន​ច្បាស់លាស់​នៅ​តែ​បន្ត​ដើរតួ​យ៉ាង​សំខាន់​មក​លើ​ទីផ្សារ​មាស ។ មាស​តែងតែ​ត្រូវ​បាន​ចាត់ទុកជា​វត្ថុ​មាន​តម្លៃ​មួយ​នៃ​ជម្រក​សុវត្ថិភាព​ក្នុង​ការ​វិនិយោគ នៅ​ពេល​ដែល​ការ​រំពឹង​ទុក​នៃ​កំណើនសេដ្ឋកិច្ច​លើ​ពិភពលោក​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ តួយ៉ាង ដូច​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ ។

យើង​នៅ​តែ​មិន​ប្រាកដ​ថា នឹង​មាន​អ្វី​កើតឡើង​បន្ទាប់​ពី​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នោះ​ទេ ។ ចំពោះ​ការ​ងើបឡើង​វិញ​នៃ​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​អាច​ឱ្យ​យើង​ឃើញ​ថា ភាព​ភ័យ​ខ្លាច​ជុំវិញ​ការ​ចាកចេញ​របស់​អង់គ្លេស គឺ​គ្រាន់តែ​ជា​ការ​បំភ័យ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​ជឿជាក់​ថា វា​អាច​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​អង់គ្លេស ឬ EU ធ្លាក់​ចុះ​តិចតួច ។

ភាព​មិន​ច្បាស់លាស់​ដូច​គ្នា​នេះ ក៏​បាន​កើតឡើង​ជុំវិញ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផង​ដែរ ដែល​គ្មាន​សញ្ញា​អ្វី​បង្ហាញ​ដូចដែល​យើង​ធ្លាប់​បានឃើញ​នោះ​ឡើយ ។ លទ្ធភាព​ដែល​អាច​កើត​មាន​ឡើង​គឺថា នៅ​ពេល​លោក Donald Trump ជាប់​ជា​ប្រធានាធិបតី​អា​មេ​រិ​ក នៅ​ខែមករា ឆ្នាំ​២០១៧​ខាង​មុខ​នោះ យើង​មិនដឹង​ថា សេដ្ឋកិច្ច និង​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​ទៅ​ជា​យ៉ាងណា​នោះ​ទេ ៕