កែវ ពេជ្រពិសី រក្សា​តម្លៃ​ខ្លួន​ថេរ ទោះ​ទីផ្សារសិល្បៈ​​ស្ងប់​ស្ងាត់

ទន្ទឹម​​នឹង​ទី​ផ្សារ​​ការងារ​​សិល្បៈ​​របស់ កែវ ពេជ្រពិសី​ មិន​សូវ​មមាញឹក​ នាង​ប្រាប់​ថា តម្លៃ​ខ្លួន​​ទីផ្សារ​នាង​រក្សា​នៅ​​ដដែល​មិន​មាន​ការ​ឡើង​ចុះ​ឡើយ​។

 

កែវ ពេជ្រពិសី បន្ត​ឲ្យ​ដឹង​ទៀត​ថា​ តម្លៃ​ខ្លួន​ក្នុង​វិស័យ​សិល្បៈ ​​មិន​អាច​ចេះ​តែ​ឡើង​ ឬ​ទាមទារ​ហួស​កម្រិត​បាន​ឡើយ​ ព្រោះ​ថា​ទី​ផ្សារ​ក្នុង​ស្រុក​ នៅ​មាន​កម្រិត។ ​ម្យ៉ាង​ទៀត​ផលិតកម្ម​មួយ​ចំនួនកំពុង​ប្រឈម​នឹង​ការ​បិទ​​​ទ្វារ​ផង​ដែរ។ ជាមួយ​គ្នា​នេះ ​នាង​លើក​ឡើង​ថា ​ប្រហែល​ជា​ផលិតករ​​មួយ​ចំនួន​គិត​ថា ​នាង​ផ្ដាច់​មុខ​ឲ្យ​បាយ័ន ​ទើប​ទី​ផ្សារ​ផ្នែក​ភាពយន្តរបស់​នាង​​ស្ងប់​ស្ងាត់​ឈឹង​តែ​ម្តង។

 

កែវ ពេជ្រពិសី រក្សា​តម្លៃ​ខ្លួន​ថេរ ទោះ​ទីផ្សារសិល្បៈ​​ស្ងប់​ស្ងាត់

 

ពិសី​ថ្លែង​ក្នុង​ឱកាស​មង្គល​ការ​ប្អូន​ស្រី ចនច័ន្ទ​ លក្ខិណា៖ “រាល់​ឆ្នាំ​បង​មាន​មួយ​រឿង ពីរ​រឿង​សម្រាប់​ចាក់​ផ្សាយ​ដែរ ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ​នៅ​សល់​រឿង​មួយ​កាល​ពី​ឆ្នាំ​ចាស់​ហើយ​ទើប​ចាក់​បញ្ចាំង​ចប់​នៅ​បាយ័ន។ ម្យ៉ាង​ការ​ថត​រឿង ​បង​ដូច​រាង​ស្ងាត់ បង​យល់​ថា​​ប្រហែល​បងៗ​ខាង​ផលិតករ​ គិត​ថា​បង​ផ្ដាច់​មុខ​ឲ្យ​បាយ័ន​ហើយ​”។​​

 

យ៉ាង​ណាមិញ​ អតីត​ជយ​លាភី​​ផ្នែក​ញញឹម​ស្រស់​របស់​កម្ម​វិធី​អាណាចក្រ​តារា​ អះអាង​ថា​ នាង​មិន​បាន​ជាប់​កុង​ត្រា​ជាមួយ​បាយ័ន​ទេ ហើយ​រាល់​ការងារ​ក្នុង​វិស័យ​សិល្បៈ​ដូច​ជា​សម្ដែង​ និង​ពិធី​ការិនី​ នាង​ទទួល​គ្រប់​យ៉ាង។ដោយ​ឡែកការងារ​រកស៊ី​ខាង​សម្អាង​ការ​វិញ ពិធីការិនី​រូប​នេះ​បញ្ជាក់​ទៀត​ថា​ ​​ក៏​មិន​ជោគ​ជ័យ​ខ្លាំង​ណាស់​ណា​ដែរ​ ប៉ុន្តែ​ដំណើរ​ទៅ​មុខ ព្រោះ​ទីផ្សារ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ហើយ​នាង​​មិន​មាន​គម្រោង​បង្កើត​អ្វី​ផ្សេង​ទៀត​ដែរ៕

 

អត្ថបទ៖ ថា ម៉ាលីដា