ឈ្មួញ​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្ដោ ត្រី​អណ្ដែង ខុសច្បាប់​ពី​ស្រុក​យួន​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពុករលួយ​

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​ឈ្មួញ​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្ដោ និង​ត្រី​អណ្ដែង ពី​ប្រទេស​យួន​ចូល​ស្រុក​ខ្មែរ​ប្រមាណ​៣០០​តោន ហើយ​ភាគច្រើន​គឺ​ឈ្មួញ​នាំចូល​ដោយ​ខុសច្បាប់ ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ពុករលួយ​ជាច្រើន​ស្ថាប័ន ជាពិសេស​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តតាកែវ និង​រាជធានី​ភ្នំពេញ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សមត្ថកិច្ច​តាម​ច្រកព្រំដែន និង​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ទេនោះ គឺ​ឈ្មួញ​មិនអាច​នាំ​ត្រី​ខុសច្បាប់​មក​ចែកចាយ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានឡើយ​។ ទាល់តែ​មានការ​បើកដៃ​ពី​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​ឈ្មួញ​អាច​នាំចូល​ត្រី​ខុសច្បាប់​ក្នុង​មួយថ្ងៃៗ​រាប់រយ​តោន​ពី​ព្រំដែន​យួន​ចូល​មកដល់​រាជធានី​ភ្នំពេញ និង​ខេត្ត​នានា​បាន​ដោយ​រលូន​។​

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ គឺជា​អ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ រឿង​ឈ្មួញ​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្ដោ និង​ត្រី​អណ្ដែង ក្នុង​មួយថ្ងៃៗ​ប្រមាណ​៣០០​តោន​ពី​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ ខេត្តកណ្ដាល និង​ខេត្តព្រៃវែង​។ មានការ​រិះគន់ថា មេ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល និង​រាជធានី​ភ្នំពេញ គិតគូរ​តែ​រឿង​ប្រមូល​ផលប្រយោជន៍​ធ្វើ​មិន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​មិន​ខ្វល់​ពី​រឿង​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ស្រេច​តែ​អំពើ​ចិត្ត​នោះទេ​។ មេ​រដ្ឋបាល​ជលផល​រាជ​ធានី​ភ្នំពេញ ឈ្មោះ ងិន ឌី ក៏ដូចជា​មេ​រដ្ឋបាល​ខេត្តព្រៃវែង ខេត្តកណ្ដាល និង​ខេត្តតាកែវ​ជាដើម សុទ្ធតែ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់ ហើយ​សមត្ថកិច្ច​គយ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏​អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ដែរ​។

មាន​ឈ្មួញ​យួន​ជាច្រើន​នាក់​ដែល​អាច​នាំចូល​ត្រី​រ៉ស់ ត្រី​ឆ្ដោ ត្រី​អណ្ដែង និង​ត្រី​ឆ្ពិន ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តតាកែវ ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​២១​បេ និង​ផ្លូវជាតិ​លេខ​៣​ជាដើម​។ ត្រី​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​ត្រូវបាន​យកទៅ​ស្តុក​នៅ​កន្លែង​ចែកចាយ​ដ៏​ធំ​ក្នុង​ខណ្ឌ​ច្បារអំពៅ ក៏ដូចជា​យឿ​ត្រី​នៅ​គីឡូម៉ែត្រ​លេខ​៦ មុនពេល​ឈ្មួញកណ្ដាល​យកទៅលក់​ចែកចាយ​តាម​ទីផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ ពេល​ដឹកជញ្ជូន​ត្រី​ពី​ច្រកព្រំដែន​មកកាន់​រាជធានី​ភ្នំពេញ គឺ​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត ហេតុនេះហើយ​ទើប​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ត្រី​ដែល​ឈ្មួញ​នាំចូល​ខុសច្បាប់​នោះឡើយ ហើយ​ពេលខ្លះ​ឈ្មួញ​នាំចូល​ត្រី​ខូចគុណភាព​ទៀតផង​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​ករណី​ឈ្មួញ​នាំចូល​ត្រី​ខុសច្បាប់​ពី​ប្រទេស​យួន​មក​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

Lay-0445 313986cc-4f3a-4ca7-858c-2a475a11729a 16-Fish-01