នៅ​ចិន​ទៀតហើយ​! បុរស​ម្នាក់​ធ្វើ​ពត់​ជា​ពិការ​ដៃ​សុំទាន ត្រូវបាន​បកអាក្រាត​នៅមុខ​មហាជន

ពិតណាស់ រឿងរ៉ាវពីពួកអ្នកទានពត់ត្បត់មួយចំនួនតូច ដែលបានបោកប្រាស់ទឹកចិត្តមហាជនមានក្តីអាណិតអាសូរ តែងតែកើតមានឡើង ជាពិសេសនៅក្នុងប្រទេសចិន កាលពីពេលកន្លងមក ។ តួយ៉ាង ថ្មីៗនេះ បុរសម្នាក់ដែលក្លែងខ្លួនធ្វើជាគ្មានដៃ ហើយប្រើល្បិចកលពុំចេះតស៊ូក្នុងឆាកជីវិតនេះធ្វើជាអ្នកសុំទានតាមផ្លូវដោយមិនចេះខ្មាសគេ, ជាចុងក្រោយ ត្រូវបានបកអាក្រាត ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសអ្នកសុំទាន “ពិការដៃ” ខាងលើនេះ ត្រូវបានប្រទះឃើញលុតជង្គង់ និងក្រាបក្បាលទៅនឹងដីងើបចុះៗសុំក្តីអាសូរ នៅខាងក្រៅផ្សារ១កន្លែង ស្ថិតក្នុងទីក្រុង Yiwu ខេត្ត Zhejiang ប្រទេសចិន ដោយសន្តិសុខម្នាក់ ដែលសម្លឹងមើលទៅបុរសនេះក្នុងចិត្តគួរឲ្យសង្ស័យ ។

ដោយតាមឃ្លាំមើលកាន់តែសង្ស័យទៅៗ សន្តិសុខយាមកាមផ្សាររូបនោះ ក៏សម្រេចចិត្តដើរទៅកាន់បុរសរូបនេះ និងចាប់ទាញលាត់អាវគាត់តែម្តង ។ លទ្ធផលគួរឲ្យហួសចិត្ត គឺបុរសនេះមានដៃទាំងពីរល្អដូចគេឯង ។

យ៉ាងណាមិញ ក្រោយរូបភាពនៃទិដ្ឋភាពបកអាក្រាតអ្នកសុំទានបោកប្រាស់រូបនេះ ត្រូវបានបង្ហោះចូលអ៊ីនធើរណេត, អ្នកលេងបណ្តាញសង្គមម្នាក់ដែលធ្លាប់តែធ្វើបុណ្យដាក់ទានដល់អ្នកសុំទានត្រឹមត្រូវកន្លងៗមក និយាយថាៈ “ទឹកចិត្តសប្បុរធម៌របស់ខ្ញុំ សឹងតែលែងមានហើយនាពេលនេះ នៅពេលខ្ញុំបានឃើញរូបភាពស្តែងបែបនេះ”

ទោះជាយ៉ាងណា នេះគ្រាន់តែទង្វើគ្មានការអៀនខ្មាសរបស់បុគ្គលមួយចំនួនតូចប៉ុណ្ណោះ!! ហេតុដូច្នេះ យើងទាំងអស់គួរតែចេះថ្លឹងថ្លែង មុននឹងបរិច្ចាគទានដ៏ប្រពៃរបស់យើង និងបន្តផ្តល់ក្តីអាណិតអាសូរ ចំពោះជនពិបារពិតដែលពួកគាត់គ្មានសមត្ថភាពរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជាក់ស្តែង ៕


Related Posts