ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រារព្ធ​ពិធី​បុណ្យ​៧​ថ្ងៃ​ជូន​លោក កែម ឡី

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតុន បាន​នាំ​គ្នា​ធ្វើ​ពិធីបុណ្យ​គម្រប់ ៧​ថ្ងៃ ដល់​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។

ក្រៅ​ពី​ធ្វើ​ពិធី​បុណ្យ​តាម​ប្រពៃណី​ទំនៀម​ទម្លាប់ ពួកគេ​បាន​រៃអង្គាស​ថវិកា​ជា​ច្រើន​ដើម្បី​ជួយ​ដល់​គ្រួសារ​របស់​លោក​បណ្ឌិត កែម ឡី ដែរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ជុន ច័ន្ទបុត្រ៖

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត​ប្រារព្ធ​ពិធី​បុណ្យ​៧​ថ្ងៃ​សព​លោក កែម ឡី

ក្រៅ​ពី​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតុន ក៏​មាន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​​ប្រទេស​ផ្សេង​ទៀត រួម​មាន​ប្រទេស​កាណាដា ព្រមទាំង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​សហភាព​អឺរ៉ុប ក៏​ធ្វើ​ពិធីបុណ្យ​គម្រប់ ៧​ថ្ងៃ​នៅ​តាម​វត្ត​អារាម​នានា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​រំលឹក​ដឹងគុណ​នូវ​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី និង​ប្រមូល​ថវិកា​ជូន​គ្រួសារ​សព។  សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​ខ្លះ បាន​រៀបចំ​ប្រារព្ធ​បុណ្យ​នេះ កាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ។

កែម ឡី អាមេរិក ៨៥៥
រូបថត​លោក​បណ្ឌិត កែម ឡី ដែល​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ផ្ដិត​យក​មក​តម្កល់​ធ្វើ​បុណ្យ ៧​ថ្ងៃ​ជូន​លោក នៅ​វត្ត​ពុទ្ធិការាម ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១៦។

ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង លោក ទូច វិបុល មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ថវិកា​ដែល​ប្រមូល​បាន​ទាំង​នោះ គណៈកម្មការ​ចាត់ចែង​ពិធីបុណ្យ​នៅ​តាម​រដ្ឋ​នីមួយៗ បាន​ទាក់ទង​ដោយ​ផ្ទាល់​ប្រគល់​ទៅ​ឲ្យ​គណៈកម្មការ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី នៅ​ប្រទេស​កម្ពុជា៖ «សហគមន៍​ខ្មែរ​យើង​ទូទាំង​សហរដ្ឋអាមេរិក ក៏​ដូចជា​នៅ​កាណាដា និង​ប្រទេស​ផ្សេងៗ បាន​ធ្វើ​ពិធី​បុណ្យ​បង្សុកូល ឧទ្ទិស​កុសល​ដល់​លោក​បណ្ឌិត កែម ឡី។ ថវិកា​ដែល​ប្រមូល​បាន​នោះ បងប្អូន​យើង​នៅ​តាម​តំបន់​នីមួយៗ គាត់​បាន​ធ្វើ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​គណៈកម្មការ​បុណ្យ​សព​នៅ​ឯ​ភ្នំពេញ ដើម្បី​យក​ថវិកា​នោះ​ជូន​ដល់​ក្រុម​គ្រួសារ​សព។ ខ្ញុំ​មិន​អាច​ប៉ាន់ស្មាន​បាន​ទាំង​អស់​ទេ ប៉ុន្តែ​នៅ​រដ្ឋ​ណស្ស៍ ឃែរ៉ូឡាញណា  (North Carolina) យើង​ធ្វើ​ពី​ថ្ងៃ​អាទិត្យ (១៧ កក្កដា) យើង​ប្រមូល​បាន ៥​ពាន់​ដុល្លារ ហើយ​នៅ​ក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) កាល​ពី​ថ្ងៃ​សៅរ៍ ( ១៦ កក្កដា) បាន​ជាង ៤​ពាន់​ដុល្លារ​ផង​ដែរ។ ដូច្នេះ​តួលេខ​ពិតប្រាកដ​នៃ​ថវិកា យើង​អត់​ទាន់​បាន​ទទួល​ជាក់ស្ដែង​នៅ​ឡើយ​ទេ...»

​ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​ម៉ាសាឈូសេត (Massachusetts) វិញ ប្រមាណ​ជាង ៧០០​នាក់ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៧ ខែ​កក្កដា ក៏​បាន​រៀបចំ​ពិធីបុណ្យ ៧​ថ្ងៃ ជូន​សព​លោក​បណ្ឌិត កែម  ឡី និង​រៃអង្គាស​ថវិកា​បាន​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​របស់​សព។ ក្នុង​ពិធី​បុណ្យ​នោះ ពលរដ្ឋ​សហគមន៍​ខ្មែរ​ពី​ក្រុង​វូស្ទ័រ (Worcester) ក្រុង​លីន (Lynn) ប្រ៉ូវីដិន (Providence) និង​ក្រុង​ឡូវែល (Lowell)  ក៏​បាន​រំលឹក​គុណ​ដល់​អ្នក​ស្នេហា​ជាតិ​ខ្មែរ​ដទៃ​ទៀត ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់ ដូចជា​លោក ជា  វិជ្ជា លោក ឈុត វុទ្ធី  និង​ព្រះតេជព្រះគុណ សម ប៊ុនធឿន ជាដើម។

សមាជិក​គណៈកម្មការ​បុណ្យ លោក អ៊ុន តូនី មក​ពី​ក្រុង​វូស្ទ័រ បាន​បញ្ជាក់​អំពី​គោលបំណង​នៃ​ពិធី​បុណ្យ​នេះ​ថា បងប្អូន​ខ្មែរ​នៅ​គ្រប់ទិសទី​មាន​ក្តី​រន្ធត់ និង​សោកស្ដាយ​ជា​ពន់ពេក​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ដែល​ជា​វីរបុរស​មួយ​រូប​សុខចិត្ត​ស្លាប់​ខ្លួន​ដើម្បី​ជាតិ​រស់។ លោក​បន្ត​ថា ពិធី​បុណ្យ​នេះ​ប្រារព្ធ​ឡើង​ជា​ការ​រលឹក​នឹក​គុណ​ដល់​ពលិកម្ម​របស់​លោក​បណ្ឌិត កែម ឡី និង​បង្ហាញ​អំពី​ការ​ស្ដាយ​ស្រណោះ​អាឡោះអាល័យ​ជា​ទីបំផុត។

លោក ប៉ែន សុផល ពី​ក្រុង​ឡូវែល ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ដែរ សម្ដែង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង និង​អំពាវនាវ​ឲ្យ​កូន​ខ្មែរ​រួបរួម​គ្នា​ដើម្បី​ជាតិ​ខ្មែរ​ឲ្យ​សម​តាម​បណ្ដាំ​លោក​បណ្ឌិត កែម ឡី ដែល​ផ្ដាំ​ថា “សូម​ជូត​ទាំង​ភ្នែក​របស់​អ្នក​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។