ញាក់​សាច់! លួច​រត់ពន្ធ​ពស់ថ្លាន់ ១០ក្បាល​ដាក់​ក្នុង​ខោ ចុង​ក្រោយ…

អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​ចាកាតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់ ដែល​បាន​ព្យាយាម​លួច​រត់ពន្ធ​សត្វ​ពស់​ជា​ច្រើន​ក្បាល ដាក់​នៅ​ក្នុង​ខោ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

 

ញាក់​សាច់! លួច​រត់ពន្ធ​ពស់ថ្លាន់ ១០ក្បាល​ដាក់​ក្នុង​ខោ ចុង​ក្រោយ…

 

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជនបរទេស​រូប​នោះ​មាន​ឈ្មោះ​ថា Koufiah Jihad Zaki ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន បន្ទាប់​ពី​ឆ្លង​កាត់​ច្រក​ទ្វា​ត្រួតពិនិត្យ​មុន​ពេល​ឡើង​យន្តហោះ នៅ​ឯ​អាកាសយានដ្ឋាន Soekarno-Hatta International Airport ក្រោយ​រក​ឃើញ​ថា​មាន​សត្វ​ពស់​តូចៗ ចំនួន១០ក្បាល​លាក់​នៅ​ក្នុង​ខោ​របស់​គាត់។

 

អនុប្រធាន​ក្រុមហ៊ុន Garuda Indonesia Corporate Communications លោក Benny Sigar Butarbutar បាន​និយាយ​ថា «ការ​ស្កេន​នៅ​ច្រក​ទ្វា​ត្រួត​ពិនិត្យ​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​សត្វ​ពស់​ជា​ច្រើន​ក្បាល​លាក់​នៅ​ក្នុង​ខោ និង​ស្រោម​ជើង​របស់​ជនសង្ស័យ ។ ជនសង្ស័យ​បាន​រុំ​សត្វ​ពស់​ជុំវិញ​ជើង​ទាំង២​របស់​គេ ខណៈ​សត្វ​ពស់​ទាំង​នោះ​គឺ​ជា​ពស់ថ្លាន់»។

 

យ៉ាងណាមិញ ការ​ស៊ើបអង្កេត​ជំហាន​ដំបូង​បាន​រក​ឃើញ​ថា ជនសង្ស័យ​ព្យាយាម​លួច​រត់​ពន្ធ​សត្វ​ពស់​ទាំង​នោះ​ដើម្បី​យក​ទៅ​លក់​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ asiancorrespondent