ប្រលោម​លោក​ដ៏​ល្បី “ស្រទន់​មន្ត​ស្នេហ៍” នឹងផលិត​​ជា​វីដេអូ​ភាគ​ឆាប់​ៗ​នេះ

ប្រលោម​លោក​មនោសញ្ចេតនា​ដ៏​ល្បី​មួយ​រឿង​មាន​ចំណង​ជើង​ថា “ស្រទន់​មន្ត​ស្នេហ៍” គ្រោង​នឹង​ប្រែ​ខ្លួន​មក​ជា​វីដេអូ​ភាគ​ទូរទស្សន៍ ដែល​ចាត់​ទុក​ថា ជា​ខ្សែ​វីដេអូ​ដំបូង​គេ ​បាន​ប្រែ​ក្លាយ​ពី​ប្រលោម​លោកមក ក្រោយ​រឿង​នេះ​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ប្រិយមិត្ត​អ្នក​អាន។

 

ប្រលោម​លោក​ដ៏​ល្បី “ស្រទន់​មន្ត​ស្នេហ៍” នឹងផលិត​​ជា​វីដេអូ​ភាគ​ឆាប់​ៗ​នេះ

 

ផែន​ការ​នេះ ត្រូវ​បាន​ភាគី​ធំ​ៗ​ពីរ គឺ Sabay Digital Corp. និង​ក្រុមហ៊ុន CBS(Cambodia Broadcasting Service) ដែល​កាន់​កាប់​ប៉ុស្តិ៍​ទូរទស្សន៍ CTN, MyTV និងCNC សហការ​វិនិយោគ​ជាមួយ​គ្នា។ តាម​អ្នក​​ស្រី ម៉ីសន សុធារី ដែល​ជា​អ្នក​និពន្ធ​សាច់​រឿង​ប្រលោម​លោក​ខាង​លើ​ផ្ទាល់ បាន​បញ្ចេញ​ឲ្យ​ដឹង ភាគី​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​គ្នា​រួច​ហើយ ដោយ​ភាគី CBS ថែម​ទាំង​បាន​ដាក់​ទុន​វិនិយោគ​យ៉ាង​សម្បើម​ផង ពោល​គឺ​ដល់​រាប់​សែន​ដុល្លារ​អាមេរិក​ឯណោះ។

 

ដោយ​ព្យាយាម​មិន​បញ្ចេញ​ពី​តួលេខ​ពិត​ប្រាកដ​នៃ​ទុន​វិនិយោគ អ្នកនិពន្ធ​ដដែល បញ្ជាក់​ថា ទុន​ដ៏​ច្រើន​នេះ ធ្វើ​ឲ្យ​អ្នក​​ស្រី មាន​សុទិដ្ឋិនិយម​ចំពោះ​វីដេអូ​ភាគ​ទូរទស្សន៍​ដែល​ប្រែ​ក្លាយ​ពី​សំណេរ​ប្រលោម​លោក​នេះ ថា​នឹង​មាន​ភាព​អស្ចារ្យ ហើយ​ក្នុង​នាម​ជា​ម្ចាស់​សំណេរ អ្នក​​ស្រី​ ពិត​ជា​អន្ទះសា​ចង់​ឃើញ​វីដេអូ​ភាគ​នេះ​ណាស់។

 

ងាក​មក​លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Corp. ជា​ក្រុមហ៊ុន ទទួល​សិទ្ធិ​គ្រប់គ្រង​ការ​ផលិត វីដេអូ​ភាគ​ខាង​លើ បាន​អោយ​ដឹង​ថា លោក​ក៏​មាន​ក្ដី​សោមនស្ស​ដូច​គ្នា ក្នុង​នោះ​លោក​ចង់​ផ្ដល់​ជូន​យុវវ័យ​លើស​ពី​ប្រលោម​លោក ជាមួយ​ក្រុម​ការងារ​ដ៏​មាន​សក្ដានុពល​មួយ។

 

លោក សិលា មាន​ប្រសាសន៍​បន្ថែម​ថា៖ “យើង​មាន​ប្រលោម​លោក​ដ៏​ល្អ​មួយ ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​​ឆ្នាំ​២០១៥ ហើយ​ទទួល​បាន​ការ​គាំទ្រ​លើស​លុប ពេល​នេះ​យើង​មាន​យុវវ័យ​មួយ​ក្រុម​ពេញ​ទៅ​ដោយ​ឆន្ទៈ និង​ទេព​កោសល្យ​ក្នុង​ការ​ធ្វើ​អោយ​វណ្ណកម្ម​នេះ​សម​ស្រប​នឹង​តម្រូវការ​វិវត្តន៍​របស់​ទស្សនិកជន​ខ្មែរ ពិសេស​ក្រុម​យុវវ័យ​ទៀត។”

 

ប្រលោម​លោក​ដ៏​ល្បី “ស្រទន់​មន្ត​ស្នេហ៍” នឹងផលិត​​ជា​វីដេអូ​ភាគ​ឆាប់​ៗ​នេះ

 

ក្រោយ​សម្រេច​លើ​កិច្ច​ព្រមព្រៀង​រវាង​គ្នា​ ពី​ភាគី​ពាក់​ព័ន្ធ វីដេអូ​ភាគ​ទូរទស្សន៍ “ស្រទន់​មន្ត​ស្នេហ៍” ត្រូវ​បាន​ប្រគល់​ទៅ​ក្រុម​ការងារ Studio4 ដែល​មាន​ស្នាដៃ​ល្អ​ៗ​ជា​ច្រើន​លើ​វិស័យ​ថត​ភាពយន្ត និង​ប្រភេទ​នៃ​ការ​ថត​ផ្សេង​ទៀត ធ្វើ​ជា​អ្នក​ដឹកនាំ​ការ​ថត។

 

លោក មាស រស្មី តំណាង​ផលិតកម្ម​នេះ បាន​មាន​ប្រសាសន៍​ដែរ​ថា ក្រុម​ការងារ​មាន​ក្ដី​សោមនស្ស​ និង​មាន​ទំនុក​ចិត្ត​ខ្ពស់ ក្នុង​កិច្ច​សហការ​នេះ។ លោក​ថា៖ “យើង​បាន​អាន​សាច់​រឿង​រួច​ហើយ យើង​យល់​ថា ​រឿង​ភាគ​ទូរទស្សន៍​ថ្មី​នេះ នឹង​អាច​ទាក់​ទាញ​បាន​អ្នក​ទស្សនា​ច្រើន ហើយ​យើង​នឹង​សម្រិត​សម្រាំង​ទាំង​បច្ចេកទេស ពណ៌​សម្បុរ ទស្សនវិជ្ជា និង​អ្នក​សម្ដែង​ដែល​សុទ្ធ​សឹង​ជា​តារា​ឆ្នើម​ៗ”។

 

“ស្រទន់​មន្ត​ស្នេហ៍” បច្ចុប្បន្ន​កំពុង​ដំណើរ​ការ​ស្វែង​រក​អ្នក​សម្ដែង​ជា​បន្ត​បន្ទាប់​ ដោយ​សារ​ខ្លឹម​សារ​រឿង មាន​តួ​អង្គ​សំខាន់​ៗ​ជា​ច្រើន​នាក់ ដែល​ក្នុង​នោះ តម្រូវ​អោយ​តួ​សម្ដែង​មាន​សមត្ថភាព​ជំនាញ​ខ្ពស់​ដូច​ៗ​​គ្នា​​ ទើប​អាច​បំពេញ​តាម​រូបារម្មណ៍​ដើម​បាន។ ដោយ​ឡែក​ដំណើរ​ការ​ថត គ្រោង​ចាប់​ផ្ដើម​នា​ខែ​កញ្ញា​ខាង​មុខ៕

 

 

អត្ថបទ៖ ទារិកា