បណ្តឹងលែងលះរបស់ ប៉ែន ចំរ៉ុង និង ភិន សុដាលីស នឹងចេញសាលក្រម នៅថ្ងៃស្អែក

ភ្នំពេញៈ តារាសម្តែង និងជាពិធីករសម្បូរវោហារ លោក ប៉ែន ចំរ៉ុង និង អ្នកនាង ភិន សុដាលីស ក្រោយពីបានដាក់ ពាក្យប្តឹងលែងលះគ្នា ប្រមាណជិត៤ខែ ដោយទទួលបាន ការសម្រុះសម្រួល ពីខាងតុលាការ៣លើក មិនបានជោគជ័យ តុលាការបានសម្រេចថា នឹងចេញសាលក្រមសាពរ នៅថ្ងៃស្អែកនេះហើយ ។

លោក អ៊ិន សុភិន បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងពេលដែល លោករៀបចំក្រុងពាលីរឿងថ្មី «សួស្តីលោកគ្រូកំលោះ» ថា រឿងរបស់ ដាលីស គឺនឹងត្រូវចេញសាលក្រម នៅថ្ងៃទី២០ ខែកក្កដា ស្អែកនេះហើយ ក្រោយពីបានធ្វើការសម្រុះសម្រួលគ្នា ៣លើក តែមិនបានសម្រេច ។ ទោះជាយ៉ាងណា លោកថាកូនស្រីរបស់លោក នឹងអាចបង្ហាញខ្លួន បើទោះជានាង កំពុងមានផ្ទៃពោះជិត ៧ខែ ។ ប៉ុន្តែមិនទាន់ដឹងថា មន្ត្រីតុលាការ នឹងកំណត់ឲ្យលោក ប៉ែន ចំរ៉ុង នឹងត្រូវផ្ដល់រឿងអាហារកិច្ច បែបណា ចំពោះកូន ក្នុងផ្ទៃ និងក្រោយពេលកើត យ៉ាងណាឡើយ ។

ជាមួយគ្នានោះដែល លោក អ៊ិន សុភិន បញ្ជាក់ថា ដាលីស បានត្រឡប់មករស់នៅ​ ជាមួយលោក និងគ្រួសារ វិញហើយ ដោយអ្នកនាងថែមទាំង ទទួលការងារ នៅក្នុងក្រុមហ៊ុនរបស់លោក ដើម្បីទទួលបានប្រាក់ខែ រាប់ពាន់ដុល្លារ ដោយមិនបាច់លាដៃសុំលុយ ពីលោកចាយដូចមុន នោះផង ។

តែដោយឡែក សម្រាប់គម្រោង ក្នុងការសម្រាលកូននោះ គឺ ដាលីស សម្រាលនៅក្នុងប្រទេស យើងមិនចេញទៅបរទេសឡើយ តែទោះជាយ៉ាងណា សម្រាប់លោក ដាលីស និងគ្រួសារ គឺទទួលស្វាគមន៍ចៅស្រី ដែលត្រៀមសម្រាល ក្នុងពេលឆាប់ៗនេះ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្ដែង និងពិធីករមានឈ្មោះល្បីទាំងការងារសិល្បៈ និងល្បីឈ្មោះជាព្រាននារី លោក ប៉ែន ចំរ៉ុង និងមេធាវី បានចូលបំភ្លឺតាមការកោះហោះ របស់ព្រះរាជអាជ្ញា ជាលើកទី២ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលាដំបូងរាជធានីភ្នំពេញ ខណៈអតីតភរិយាដែលកំពុងពពោះប៉ុនកញ្ជើ នាង ភិន សុដាលីស ត្រូវបានអវត្តមាន មិនបានមកចូលបំភ្លឺ ក្នុងសវនការ តាមការកោះហោះនេះទេ។

​ពិធីករលោក ប៉ែន ចំរុង អមដោយមេធាវី បានចូលទៅបំភ្លឺលើបណ្តឹងសុំលែងលះ ជាមួយភរិយាឈ្មោះ ភិន សុដាលីស នៅសាលាដំបូងរាជធានីភ្នំពេញ ជាសារថ្មីទៀត​។ ការចូលបំភ្លឺនៅព្រឹកនេះ គឺពុំមានតែវត្តមអ្នកនាងភិន សុដាលីស ចូលរួមទេ ។ ​

ពេលដើរចេញពីតុលាការ ពិធីករលោក ប៉ែន ចំរុង មិនបានផ្តល់បទសម្ភាសន៍ ពាក់ព័ន្ធ និងសំណុំរឿងលែងលះ របស់លោក​ដល់អ្នកសារព័ត៌មានឡើយ​​។​

សូមបញ្ជាក់ថា តារាសម្ដែង ​ប៉ែន ចំរ៉ុង បានចូលខ្លួនមកបំភ្លឺលើកទី១ នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦​នេះ តាមពាក្យបណ្ដឹង របស់ខ្លួនដែលបានប្ដឹងសុំ លែងលះប្រពន្ធ គឺអ្នកនាង ភិន សុដាលីស កាលពីអំឡុងមុន ពិធីបុណ្យចូលឆ្នាំថ្មី ។

ជាមួយគ្នានេះ តារាសម្ដែងល្បីឈ្មោះ កំពុងតែត្រៀមខ្លួន ក្លាយជាស្រ្តីមេម៉ាយ ទាំងក្មេងវ័យ ​អ្នកនាង ភិន សុដាលីស ក៏បានចូលមកកាន់​សាលាដំបូង រាជធានីភ្នំពេញ តាមការកោះអញ្ជើញ របស់មន្រ្តីតុលាការដែរ នៅព្រឹកជាមួយគ្នានេះ ដើម្បីឆ្លើយបំភ្លឺជុំវិញបណ្ដឹង សុំលែងលះ របស់លោកប្ដីហេងស៊យ គឺលោក ប៉ែន ចំរ៉ុង។

គេនៅចាំបានថា កាលពីចូលបំភ្លឺលើកទី១ លោក ប៉ែន ចំរ៉ុង បាននិយាយថា លោក​ចូល​មក​តុលាការ​ពេល​នេះ​ គឺ​ដើម្បី​ប្តឹង​សុំ​លែងលះ​ភរិយា​ គឺ​ អ្នក​ស្រី​ ភិន​ សុដាលីស ហើយលោកបានប្រគល់រឿងនេះ ឲ្យទៅតុលាការជាអ្នកចាត់ចែងហើយ លោកគ្មានអ្វី​ដែលត្រូវ​​​និយាយទៀតទេ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload