​ប្រទះ​ឃើញ ផ្អើល​ឈុ​ល​ទាំង​ព្រឹក

ខេត្តបាត់ដំបង ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ប្រឡាយ​មួយ​កន្លែង​ក្នុងភូមិ​សាំង​រាំង ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល តែ​គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ ។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា សាកសព​បុរស​នោះ​មាន​វ័យ​ប្រហែល​៤០​ឆ្នាំ ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ប្រឡាយ​នៅ​ខាង​មុខ​វត្ត​សាំង​រាំង ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នោះ​ទេ តែ​មាន​សាក្សី​ខ្លះ​ធ្លាប់​ប្រទះ​ឃើញ​ជន​រង​គ្រោះ​នៅ​តាម​ដងផ្លូវ​សាធារណៈ និង​នៅ​តាម​វត្ត​មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ ពេល​ខ្លះ​គាត់​ស្រវឹងស្រា​ជោកជាំ​ផង ។

សាក្សី​ដែល​ធ្លាប់​ឃើញ​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ប្រហែល​៣​ថ្ងៃ គេ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​រូប​នេះ​នៅ​ក្នុង​វត្ត​សាំង​រាំង​ដែល​នៅ​ក្បែរ​នោះ និង​នៅ​តាម​រោងការ រោង​បុណ្យ​ផង ។ បុរស​នោះ​មិនមែន​ជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ទេ តែ​អាច​ជា​មនុស្ស​មក​ពី​ស្រុក​ឆ្ងាយ ។ សាក្សី​បន្ត​ថា ពេល​ខ្លះ​គេ​ឃើញ​បុរស​នោះ​អង្គុយ​ផឹកស្រា​ម្នាក់ឯង ហាក់​មាន​វិបត្តិ​អ្វីមួយ និង​បង្ហាញ​ពី​ភាព​ឯកោ​យ៉ាង​ខ្លាំង តែ​គាត់​ដើរ​សុំ​អាហារ​តាម​រោង​បុណ្យ ឬ​ចូល​ទៅ​សុំ​បាយ​នៅ​ក្នុង​វត្ត​ហូប ។

សាក្សី​ដទៃ​ទៀត​បាន​បញ្ជាក់​ថា មុន​គាត់​ស្លាប់​ប៉ុន្មាន​ថ្ងៃមុន គេ​ឃើញ​មាន​ស្ត្រី​វ័យ​ស្របាល​គាត់​ដើរ​ជាមួយ​គាត់​ដែរ តែ​ក្រោយមក​ក៏​បាត់​មុខ​ស្ត្រី​នោះ​ទៅ ។ អ្នក​ភូមិ​បាន​សួរ​គាត់ ហើយ​គាត់​ប្រាប់​ថា គាត់​នៅ​ស្រុក​ថ្មគោល ប៉ុន្តែ​ក្រោយ​ពី​បាត់​មុខ​គាត់​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​គេ​ប្រទះ​ឃើញ​គាត់​ក្លាយជា​សាកសព​អណ្ដែត​ទឹក​ប្រឡាយ​នៅ​ក្នុងភូមិ​ទៅ​វិញ ។

ក្រោយ​ពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា តាម​ការ​បំភ្លឺ​ពី​សាក្សី គឺ​ជន​រង​គ្រោះ​រូប​នេះ​គេ​តែង​ឃើញ​គាត់​ផឹកស្រា​ស្រវឹង ពេល​គាត់​ចុះ​ហែល​ទឹក​ប្រឡាយ​ដែល​មាន​ជម្រៅ​ជាង​១​ម៉ែត្រ​នោះ​ក៏​លង់ទឹក​ស្លាប់​តែ​ម្ដង ព្រោះ​នៅ​លើ​ខ្លួន​សាកសព​ពុំ​មាន​ស្លាកស្នាម​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា សាកសព​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ចាត់ចែង​ដឹក​យក​ទៅ​តម្កល់​ទុក​ក្នុង​វត្ត​សាំង​រាំងជា​បណ្ដោះអាសន្ន​ហើយ​ក្រែង​មាន​សាច់ញាតិ​មក​ទ​ទូល​យក​ទៅ​ធ្វើបុណ្យ ៕