បំបែក​សំណុំរឿងបាន​​ ព្រោះ​​តែ​កាមេរ៉ាសុវត្ថិ​ភាព

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ២០១ ស្ថិត​នៅ​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង បន្ទាប់​ពី​រក​ឃើញ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ទ្រព្យសម្បត្តិ​របស់​អង្គការ​ជនជាតិ​ជប៉ុន​កាលពី​ស​ប្ដា​ហ៍​មុន ដោយ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ។

ជនសង្ស័យ​ឈ្មោះ​សំ ស៊ី​ណាត អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។

សមត្ថកិច្ច​បាន​ចំណាយពេល​ជិត​១​ស​ប្ដា​ហ៍ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​នេះ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ។​កម្លាំង​ជំនាញ​បាន​កំណត់​មុខសញ្ញា​នេះ តាម​រយៈ​រូបភាព​ដែល​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ពេល​ធ្វើ​សកម្មភាព ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​បាន​ផ្លោះ​របង​ចូល​ក្នុង​បរិវេណ​ទីស្នាក់ការ «​សហគមន៍​កប្បាស​កម្ពុជា​» ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ជប៉ុន ស្ថិត​ក្នុងភូមិ​កំពង់​សី​ម៉ា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង កាលពី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ កក្កដា ហើយ​បាន​គាស់​ប​ង្អូ​ច​ចូល​ក្នុង​ស្នាក់​ការ​លួច​យក​លុយកាក់ និង​សម្ភារៈ​មាន​តំលៃ​អស់​គ្មាន​សល់ ខណៈ​បុគ្គលិក​កំពុង​ដេក​លក់​នៅ​ក្នុង​បន្ទប់ ។ ប៉ុន្តែ​សកម្មភាព​ជន​នេះ បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ក្នុង​ស្នាក់​ការ​នោះ ។

របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​ស្ដី​ពី​ការ​បាត់បង់​រួម​មាន អាយ​ផេ​ត​២​គ្រឿង ឡិ​ប​ថប​១​គ្រឿង ទូរស័ព្ទ​អាយ​ហ្វូ​ន​១​គ្រឿង ម៉ាស៊ីន​ថត​ម៉ាក​កាណុង​១​គ្រឿង និង​ប្រាក់​មួយ​ចំនួន​ធំ​ផង​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា វត្ថុ​តាង​ដកហូត​បាន​ពី​ជនសង្ស័យ​មាន អាយ​ផេ​ត​១​គ្រឿង​, ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង​, ប្រាក់​វៀតណាម​ជាង​៣​លាន​ដុ​ង និង​សម្ភារ សំរាប់​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ទៀត ។ សម្ភារ​ទាំងនេះ គឺ​ជនសង្ស័យ​បាន​លួច​ពី​អង្គការ​ខាងលើ តែ​នៅ​បាត់​សម្ភារ និង​លុយកាក់​មួយ​ចំនួន​។

ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​លួច​យក​ទ្រព្យសម្បត្តិ ពី​ក្នុង​ស្នាក់​ការ​សហគមន៍​កប្បាស​កម្ពុជា​ខាងលើ​នេះ​មែន ដោយ​និយាយ​ទៀត​ថា ខ្លួន​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​ទេ ។