ប្រពន្ធ​លែង​ស្មោះ មន្ត្រី​អាវុធហត្ថ​មាន​វិបត្តិ​ចង​.​ក​សម្លាប់​ខ្លួន

ប្រពន្ធ​លែង​ស្មោះ មន្ត្រី​អាវុធហត្ថ​មាន​វិបត្តិ​ចង​.​ក​សម្លាប់​ខ្លួន



ខេត្តកំពង់ធំ ៖ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស​ន្ទុ​កមួយ​រូប​ដែល​គេ​ដឹង​ថា មានការ​ឈឺចិត្ត​និង​មាន​វិបត្តិ​ក្នុង​គ្រួសារ បាន​ប្រល័យ​ជីវិត​ខ្លួនឯង​ដោយ​ចងក​សម្លាប់​ខ្លួន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៧ ខែកក្កដា ។ ការ​ធ្វើ​អត្តឃាត​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​រូប​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា ប្រុស​អី​ក៏​អន់​ម្ល៉េះ បើ​ប្រពន្ធ​លែង​ស្មោះ​ទៅហើយ​យក​ថ្មី​មួយទៀត ហេតុ​អី​ក៏​គិត​ខ្លី​មក​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​របៀប​នេះ​ទៅ​វិញ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​ជិតខាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ចងក​សម្លាប់​ខ្លួន​នឹង​ក្រមា​នៅ​ដើម​សុ​ក្រំ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែលជា​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​តា​ព្រាច ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ។ មន្ត្រី​កងរាជអាវុធហត្ថ​រូប​នវ​ឈ្មោះ វ៉ា​ន សី អាយុ​៤៥​ឆ្នាំ មានកូន​៣​នាក់​ក្នុង​បន្ទុក (​ប្រុស​២​នាក់​ស្រី​ម្នាក់)​ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ពី​មុន​មក​ក្រុម​គ្រួសារ​នេះ​រស់នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សុភមង្គល លុះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​តែងតែមាន​បញ្ហា​ជាមួយ​គ្នា​ជា​ច្រើន​លើក​ច្រើន​សា និង​បាន​កើត​មាន​ជា​វិបត្តិ​ក្នុង​គ្រួសារ​ធ្ងន់ធ្ងរ ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ជាក់ស្តែង​នៅ​មុន​ពេល​កើតហេតុ ប្តី​ប្រពន្ធ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​ ដោយ​ប្តី​ខឹង​នឹង​ប្រពន្ធ​ដែល​យក​ប្លង់​ដី​ទៅ​ឲ្យ​បងប្រុស​របស់​ខ្លួន​យក​ទៅ​បញ្ចាំ​គេ ហើយ​បុរស​ជា​ប្តី​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់​ដោយ​មិន​បានដឹង​ថា​ទៅ​ណា​ឡើយ ។ ដោយ​មិនឃើញ​ឪពុក​ត្រឡប់​មក​វិញ កូន​ៗ​នាំ​គ្នា​ដើរ​រក​ក៏​ប្រទះ​ឃើញ​ឪពុក​ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ ។ ទោះបីជា​បែប​ណា​ក្តី មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ភរិយា​សព​បាន​ទេ ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ​នេះ ៕