តើអ្នកចង់ចូលរួមសម្តែងជាមួយ លោកព្រហ្មម៉ាញឬទេ?

ភ្នំពេញ៖ កម្មវិធី«វេទិកាព្រហ្មម៉ាញ»របស់ទូរទស្សន៍ភីអិនអិន ប្រកាសស្វែងរកអ្នកដែលមានទេពកោសល្យ វេហាស័ព្ទនិយាយកំប្លែង ដើម្បីមកសម្តែងរួមគ្នាជាមួយនឹងលោក ព្រហ្មម៉ាញ នៅក្នុងកម្មវិធី «វេទិកាព្រហ្មម៉ាញ» ឬ The Prom Manh Show ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងមួយសប្តាហ៍ បេក្ខជនចំនួនពីររូបក្នុងចំណោមបេក្ខជន ដែលបានដាក់ពាក្យចូលរួមប្រកួតនឹងត្រូវឡើងមក សម្តែងសមត្ថភាពនិយាយកំប្លែងនៅក្នុងកម្មវិធី ហើយនឹងទទួលបានការដាក់ពិន្ទុពីគណៈកម្មាការ។ បេក្ខជនពីររូបចុងក្រោយដែលទទួលបានពិន្ទុច្រើនជាងគេ នឹងត្រូវចូលរួមសម្តែងជាមួយ នឹងលោកព្រហ្មម៉ាញក្នុងកម្មវិធី «វេទិកាព្រហ្មម៉ាញ» របស់ភីអិនអិន។

លោក ស៊ុន សន្តោស ផលិតករកម្មវិធី «វេទិកាព្រហ្មម៉ាញ» ឬ The Prom Manh Show បានឲ្យដឹងថា រហូតមកដល់ពេលនេះមាន បេក្ខជនជាច្រើនចាប់អារម្មណ៍ចូលរួមប្រកួតវេហាស័ព្ទនិយាយកំប្លែង ហើយក្នុងចំណោមពួកគេទាំងនោះ នឹងឡើងមកសម្តែងនៅក្នុងកម្មវិធីឆាប់ៗនេះ។
លោកថា លោកមានការជឿជាក់ទូរទស្សនិកជន នឹងទទួលបាននូវសំណើចបែបថ្មីប្លែក ពីសំណាក់បេក្ខជនចូលរួមប្រកួត ប្រកបដោយទេពកោសល្យវេហាស័ព្ទមកពីគ្រប់ទិសទី។
ចំពោះលោកអ្នកដែលមានទេពកោសល្យ វេហាស័ព្ទ និយាយកំប្លែង ចង់ចូលរួមក្នុងកម្មវិធីវេទិកាព្រហ្មម៉ាញ សូមអញ្ជើញមកដាក់ពាក្យចូលរួមនៅស្ថានីយ៍ទូរទស្សន៍ភីអិនអិនព្រែកព្នៅ ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០៨១ ៥៦ ៤៤ ៥៦។

«វេទិកាព្រហ្មម៉ាញ» បាននឹងកំពុងចាក់ផ្សាយ ហើយក៏កំពុងតែ ទទួលបានប្រជាប្រិយភាពពីសំណាក់ទូរទស្សនិកជន អស់ជាច្រើនសប្តាហ៍មកហើយ។ កម្មវិធីនេះកំពុងចាក់ផ្សាយនៅក្នុង ម៉ោងមាសរបស់ភីអិនអិន ជារៀងរាល់ថ្ងៃពុធ វេលាម៉ោង៨:៣០នាទី ដល់ម៉ោង៩យប់។
កម្មវិធីនេះ ទស្សនិកជនតែងទទួល បាននូវសំណើចសើចក្អកក្អាយពីសំណាក់លោក ព្រហ្មម៉ាញ លោក ចាបចៀន ដែលមានវេហាស័ព្ទនិយាយរឿងកំប្លែងសប្បាយៗ ព្រមទាំងការចូលរួមរបស់ តារាកិត្តិយសល្បីៗសម្តែងឈុតឆាកកំប្លែង ច្រៀង រាំ និងលេងហ្គេមកំសាន្ត។

កម្មវិធីវេទិកាព្រហ្មម៉ាញកន្លងមកមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសជាតារាល្បីៗ ដូចជា លោក នេនទុំ អ្នកនាង សារ៉ាយ សក្កណា អ្នកនាង ទូច ស្រីល័ក្ខ កញ្ញា ព្រះកាយច័ន្ទ និងកញ្ញា នៅ សូនីតាជាដើម។
សម្រាប់ថ្ងៃពុធ ទី២០ ខែកក្កដានេះ កម្មវិធី «វេទិកាព្រហ្មម៉ាញ» នឹងមានទស្សនីយភាពថ្មី សម្រាប់បម្រើអារម្មណ៍របស់ទូរទស្សនិកជន ដែលមានការចូលរួមពីលោក សួន ប៊ុនសំ និងកញ្ញា ស្រីអូន។ ពួកគេនឹងច្រៀង ក៏ដូចជា សម្តែងរួមគ្នា ជឿជាក់ថាទូរទស្សនិកជន នឹងទទួលបាននូវសំណើចសើចក្អកក្អាយ ដូចសព្វមួយដងដែរ៕

សូមទស្សនាឈុតខ្លីរបស់កម្មវិធីវេទិកាព្រហ្មម៉ាញនៅទីខាងក្រោមនេះ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload