ពលរដ្ឋ​ដឹក​ឧស​ធ្យូង​ចោទ​អាជ្ញាធរ​ស្រុក​សំឡូត​ថា​ដាក់​កុងត្រូល​យក​ប្រាក់​ដោយ​ខុស​ច្បាប់

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង អះអាង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រុក​នេះ​រួម​មាន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ទាហាន និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ជាដើម កំពុង​ត្រូវ​ប៉ាន់​ដោយ​ដាក់​កុងត្រូល​យក​ប្រាក់​ពី​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដឹក​ឧស ធ្យូង និង​ឈើ​សម្រាប់​ធ្វើ​សំណង់​ផ្សេងៗ​នៅ​តាម​ដង​ផ្លូវ​ដោយ​សេរី ហើយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ។ ប៉ុន្តែ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សំឡូត បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​នៅ​ស្រុក​សំឡូត ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​ខិលខូច​ទាំង​នោះ ឲ្យ​បញ្ឈប់​សកម្មភាព​ដាក់​កុងត្រូល​គាប​យក​ប្រាក់​ពី​ពួក​គាត់​បន្ត​ទៀត។

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​កំពង់ល្ពៅ ស្រុក​សំឡូត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ កក្កដា ថា សមត្ថកិច្ច​ជំនាញ​រួម​មាន​មន្ត្រី​ប៉ូលិស កង​រាជ​អាវុធហត្ថ ទាហាន និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សំឡូត ជាដើម ដាក់​កុងត្រូល​តាម​ផ្លូវ​វាល​ចម្បាំង​ដូច​គេ​ហែ​កឋិន យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹក​ឧស បង្គោល​ក្រាក់ ដឹក​ធ្យូង និង​ឈើ​ដែល​ពួក​គាត់​ទិញ​សម្រាប់​សង់​ផ្ទះ​ស្នាក់នៅ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ពួក​គាត់​អះអាង​ថា មន្ត្រី​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ មិន​មាន​បញ្ហា​ចោទ​ប៉ុន្មាន​ទេ គឺ​សំខាន់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​តែ​ម្ដង ដែល​ក្នុង​នោះ​យ៉ាង​ហោច​ណាស់​តាម​ដង​ផ្លូវ​ពី​ស្រុក​សំឡូត ដល់​ព្រំ​ប្រទល់​ស្រុក​បាណន់ មាន​កុងត្រូល​ប្រមាណ ១២​កន្លែង និង​បាន​យក​ប្រាក់​ទៅ​តាម​ដឹក​តិច និង​ដឹក​ច្រើន ចាប់​ពី ៥​ពាន់​រៀល​ទៅ ៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ជើង៖ «កូន​ចៅ​របស់​លោក ម៉ាក ម៉ានី យក​ប្រាក់​ប្រមាណ​ពី ១៥​ម៉ឺន​ទៅ ២០​ម៉ឺន​រៀល​ចំពោះ​អ្នក​រក​ស៊ី​ដឹក​ឈើ​ប្រចាំ។ ចំណែក​អ្នក​ដឹក​ឈើ​ម្ដង​ម្កាល​ពី ២០០ ទៅ ៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឡាន។ ពួក​ខ្ញុំ​មាន​ការ​អន់​ចិត្ត​ណាស់ ព្រោះ​ត្រូវ​ដឹក​បង្គោល​ក្រាក់​មក​ធ្វើ​របង​ក៏​មិន​បាន​ដែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សំឡូត លោក ម៉ាក ម៉ានី មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​របស់​លោក​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចំពោះ​តែ​រថយន្ត​ដែល​ដឹក​ឈើ​ខុស​ច្បាប់​ទេ ចំណែក​ឯ​ពលរដ្ឋ​ដែល​ដឹក​ឈើ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ គឺ​ពុំ​បាន​ចាប់​ឡើយ៖ «អត់​មាន​ទេ! បើ​និយាយ​ទៅ​កូន​ចៅ​របស់​ខ្ញុំ​នៅ​កន្លែង​នោះ មិន​ដែល​បាន​យក​ប្រាក់​ពី​អ្នក​ដឹក​ឧស​ធ្យូង សូម្បី​តែ​មួយ​រយ​រៀល ក៏​គ្មាន​ដែរ។ ពួក​គាត់​ឃ្លាំ​មើល​តែ​ការងារ​ល្មើស​ច្បាប់​ធំៗ​ទេ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ដាក់​កុងត្រូល​តាម​ដង​ផ្លូវ​គាប​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដឹក​ឧស​ដឹក​ធ្យូង និង​ដឹក​ឈើ ដើម្បី​បម្រើ​ប្រយោជន៍​របស់​ខ្លួន គឺ​ជា​រឿង​ខុស​ច្បាប់ ដែល​អាជ្ញាធរ​ត្រូវ​បើក​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ទប់ស្កាត់ ហើយ​ចាប់​ជន​ប្រព្រឹត្តិ​មក​ផ្ដន្ទាទោស​តាម​នីតិវិធី៖ «បើ​យើង​និយាយ​ពី​អនុផល​ព្រៃ​ឈើ ប្រជាពលរដ្ឋ​អាច​ទទួល​អនុផល​ពី​របរ​នេះ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​គាត់ ហើយ​ប្រសិន​ជា​មន្ត្រី​ធ្វើ​អ៊ីចឹង ខ្ញុំ​គិត​ថា​វា​ជា​ត្រីងៀត​ឆ្លៀត​ពង ព្រោះ​ថា សមត្ថកិច្ច​ឆ្លៀត​យក​តួនាទី​មុខ​ងារ​របស់​គាត់​ទៅ​រក​កម្រៃ​ផ្ទាល់​ខ្លួន»

ពលរដ្ឋ​អះអាង​ថា សមត្ថកិច្ច​ដាក់​កុងត្រូល​យក​ប្រាក់​តាម​ដង​ផ្លូវ​រៀង​រាល់​ថ្ងៃ ហើយ​ប្រសិន​បើ​ម្ចាស់​រថយន្ត​ណា​មិន​ព្រម​បង់​ប្រាក់​ឲ្យ​ពួក​គេ​ទេ នោះ​សមត្ថកិច្ច​នឹង​ចាប់​រថយន្ត​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​ឡើយ។ បញ្ហា​ទាំង​នេះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មិន​បាន​ដឹក​ឈើ​សម្រាប់​សង់​ផ្ទះ និង​ធ្យូង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។