ត្រណមសំខាន់ៗ សម្រាប់ស្រ្តី កំពុងមានផ្ទៃពោះ ក្នុងសង្គមខ្មែរ

ការមានបុត្រធីតា ជាបំណងប្រាថ្នា របស់គូស្វាមីភរិយាគ្រប់ៗរូប។ ហេតុនេះហើយ ការរក្សា និងថែទាំបុត្រ ដែលកំពុងតែនៅក្នុងផ្ទៃ ជារឿងដ៏មានសារៈសំខាន់ណាស់ សម្រាប់មាតា-បិតា ដែលត្រូវទាមទារការយកចិត្តទុកដាក់ខ្ពស់ ដើម្បីការពារកុំឲ្យមានបញ្ហាដល់សុខភាព និងរូបរាងកាយរបស់កូន។

ក្នុងនោះដែរ ខ្មែរយើងតែងមានទម្លាប់ និងជំនឿ ក៏ដូចជាត្រណមផ្សេងៗ ដែលស្រ្តីកំពុងមានផ្ទៃពោះ ត្រូវប្រកាន់យក តាមចាស់ៗបុរាណ មានជំនឿជឿ តៗគ្នាមក។ ថ្ងៃនេះ Khmerload នឹងបង្ហាញពីទម្លាប់  ជាពិសេសត្រណមសំខាន់ៗមួយចំនួន សម្រាប់មាតាទាំងឡាយ ដែលកំពុងតែមានបុត្រធីតាក្នុងផ្ទៃ។

ខាងក្រោមនេះ សុទ្ធតែជាជំនឿ និងប្រពៃណី ដែលត្រូវបានចងក្រង មកពីចាស់ៗបុរាណ សាស្រ្តាចារ្យ និងស្រ្តីធ្លាប់ឆ្លងកាត់បទពិសោធន៍ មានកូនរួច មកជូនប្រិយមិត្ត Khmerload ទាំងអស់គ្នា ៖ 

* បើយោងតាមចាស់ៗ និងស្រ្តីដែលធ្លាប់មានកូនរួច គេមិនអនុញ្ញាតឲ្យស្រ្តី ដែលកំពុងតែពពោះកាន់ ឬយួររបស់ធ្ងន់ៗទេ ព្រោះតែធ្វើឲ្យកូន នៅក្នុងផ្ទៃ ប្រឈមនឹងហានិភ័យ “រលូត” ខ្ពស់។

* ស្រ្តីជាអ្នកដែលចូលចិត្ត ការលេងខ្លួន ឲ្យទាន់សម័យ។ ប៉ុន្តែសម្រាប់ការឈានចូលវ័យជាម្តាយគេគឺ ត្រូវតែបញ្ឈប់ការពាក់ស្បែកជើងកែងចោទខ្ពស់ៗ ក៏ព្រោះតែស្រ្តីមានគក៌ អាចមានបញ្ហាដើរដួល ដែលបង្កជាលទ្ធភាពរលូតកូនខ្ពស់។ ដើម្បីចៀសវាង គួរពាក់ស្បែកជើងរាបវិញ។

* សម្រាប់សម្លៀកបំពាក់វិញ មិនត្រូវស្លៀកសម្លៀកបំពាក់ តឹងឬចង្អៀតពេកទេ។ គេជឿថា ធ្វើឲ្យកូន ក៏រងភាពចង្អៀតក្នុងផ្ទៃដែរ។ ហេតុនេះគួរជ្រើសរើស សម្លៀកបំពាក់រលុងៗ ឬរ៉ូប ក៏កាន់តែប្រសើរ។

* លើសពីនេះផងដែរ ស្រ្តីមានផ្ទៃពោះ មិនត្រូវដើរបោះជំហានវែងៗជាដាច់ខាត ព្រោះតែអាចធ្វើឲ្យរលូតកូនបាន ជាពិសេស នៅអំឡុងពេលទើបតែ ពពោះដំបូង ព្រោះទារកនៅជាអំប្រ៊ីយ៉ុងនៅឡើយ។

* បន្ថែមពីនេះទៅទៀត ស្រ្តីមានគក៌ មិនត្រូវឈោងដៃលើកយករបស់ខ្ពស់ៗទេ ព្រោះតែចាស់ៗ និងសាស្រា្តចារ្យ គេជឿថា វាអាចធ្វើឲ្យរបូតទងសុកបាន។

* បើតាមចាស់បុរាណជឿតៗគ្នាមក គេមិនអនុញ្ញាតឲ្យស្រ្តីមានផ្ទៃពោះ អង្គុយមាត់ជណ្តើរ ឬមាត់ទ្វារឡើយ។ ចាស់ៗជឿថា វាធ្វើឲ្យកូនពិបាកកើត។ បើចេញ ត្រូវចេញឲ្យផុត បើចូល ត្រូវចូលឲ្យផុត។ 

* ស្រ្តីកំពុងមានគក៌ក៏ មិនត្រូវឲ្យបរិភោគអាហារដើរ ឬដេកទេ ព្រោះគេជឿថា ធ្វើឲ្យពេលឆ្លងទន្លេ កូនក្រកើត។

* មួយវិញទៀត ស្រ្តីមានផ្ទៃពោះ មិនត្រូវឲ្យ ញ៉ាំចំនីចិបចុបទេ ព្រោះចាស់ៗជឿថា ពេលជិតគ្រប់ខែ ប្រាកដជាម្តងឈឺ ម្តងបាត់ ដូចយើងទៅញ៉ាំម្ហូបចិបចុប ចឹងដែរ។

* ស្រ្តីមានផ្ទៃពោះក៏ ត្រូវចៀសវាងបរិភោគអាហារដែលមានរសជាតិហិល និងគ្រឿងស្រវឹង ព្រោះតែវាអាចបង្កបញ្ហា ដល់ទាំងកូនក្នុងផ្ទៃ និងម្តាយផងដែរ។ សម្រាប់ម្តាយ អាចនឹងធ្វើឲ្យខូចសុខភាព និងសម្រាប់កូន ធ្វើឲ្យក្រហល់ក្រហាយ។

* ជាងនេះទៅទៀត ចាស់បុរាណជឿថា ស្រ្តីកំពុងពពោះមិនគួរបរិភោគ ខ្ចៅខ្ចងទេ ព្រោះខ្លាចកូនកើតមកហៀរតែទឹកមាត់។

* មនុស្សជាច្រើនក៏ជឿថា ស្រ្តីមិនត្រូវបរិភោគបបរទេ ព្រោះតែខ្លាច កូនកើតមកមិនស្អាត ប្រតេកប្រតាក ដូចជាជាប់បបរមកយ៉ាងអីចឹង។

* ភាគច្រើន គេតែងតែណែនាំ ស្រ្តីមានផ្ទៃពោះ មិនគួរញ៉ាំ ក្តាម ឬកន្តេះឡង់ទេ ព្រោះកូនកើតមកនឹងរពឹស នៅមិនស្ងៀម ជាមិនខានឡើយ។

* ជំនឿដ៏ពេញនិយមមួយទៀត សម្រាប់ពេលណាដែលមាន ច័ន្ទគ្រាស ឬសូរ្យគ្រាស គេមិនអនុញ្ញាតឲ្យស្រ្តីមានគក៌ចេញទៅក្រៅផ្ទះឡើយ ប៉ុន្តែប្រសិនបើចង់ចេញក្រៅ ឬចង់ទៅមើល ត្រូវដកកូនសោរ មកពាក់ជាប់ក តែក៏មានចាស់ៗមួយចំនូនខ្លះទៀតថា អាចយកមេសោរមកដាក់ក្នុងថ្នក់សំពត់ក៏បាន។ ទាំងនេះ សុទ្ធតែជាវិធីការពារ ខ្លាចកូនគ្រាសកន្លង នាំឲ្យកូនទន់អវៈយវៈបាន។

* កាន់តែពិសេសជាងនេះ គេជឿថា មិនត្រូវឲ្យស្ត្រីមានផ្ទៃពោះ ងូតទឹកពេលយប់ឡើយ ព្រោះប្រាកដជាធ្វើឲ្យ កូនថ្លោស ជាមិនខាន (ជាហេតុបណ្តាលឲ្យពិបាកកើត)។

* ស្រ្តីកំពុងមានគក៌ មិនត្រូវឲ្យដេកដំអក់ទេ ត្រូវភ្ញាក់មុនប្តី ព្រោះគេជឿថា អាចឲ្យកូនកើតបានរហ័ស។

* ជាងនេះទៅទៀត ស្ត្រីមានផ្ទៃពោះ គួរចេះដើរក្រឡងជើងប្តី ដែលចាស់បុរាណជឿថា ធ្វើបែបនេះ ដើម្បីឲ្យប្តី ជួយចាញ់កូនជំនួស ផងដែរ។ 

ថ្វីត្បិតតែជំនឿ និងទំនៀមទម្លាប់ទាំងនេះ មានមនុស្សមួយភាគធំជឿ និងប្រតិបត្តិតាម ក៏នៅតែមានមនុស្សខ្លះទៀតមិនសូវជាជឿ ប៉ុន្មានដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្រ្តីជាមាតា ត្រូវតែមានការយកចិត្តទុកដាក់ ថែទាំកូន នៅក្នុងផ្ទៃឲ្យបានខ្ពស់ ដូចពាក្យចាស់លោកពោលថា “អាគមផ្សំអាយូស” ដូច្នោះដែរ៕

ចុះប្រិយមិត្តខ្មែរឡូត វិញយល់យ៉ាងណាដែរ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ត្រណមសំខាន់ៗ សម្រាប់ស្រ្តី កំពុងមានផ្ទៃពោះ ក្នុងសង្គមខ្មែរ

ត្រណមសំខាន់ៗ សម្រាប់ស្រ្តី កំពុងមានផ្ទៃពោះ ក្នុងសង្គមខ្មែរ