អស់កែ​! អ្នក​ទោស​លួចចាប់​​វ៉ៃអ្នកទោស​មនុស្ស​​ឃាត​​សន្លប់​​​ក្នុង​​ពន្ធនា​​គារ​ ព្រោះ…

ខេត្តកណ្តាល ៖ អ្នកទោស​​ពី​បទ​លួច​ម្នាក់ បាន​ឈ្លោះ និង​វាយ​ទៅ​លើ​អ្នកទោស​ពី​បទ​មនុស្សឃាត បណ្ដាល​ឱ្យ​សន្លប់ និង​រង​របួស​ធ្ងន់ ខណៈ​ដែល​មន្ត្រី​អនុរក្ស​ពន្ធនាគារ​បញ្ចេញ​ពី​ក្នុង​ទ្រុង​ឱ្យ​ងូតទឹក​ក្នុង​របង​ពន្ធនាគារ​ខេត្តកណ្ដាល កាលពី​ម៉ោង​០៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ ។

ប្រភព​ឱ្យ​ដឹង​ថា ទណ្ឌិត​ជាប់ចោទ​ពី​បទ​លួចឈ្មោះ​យូ សេង​លី អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ហើយ​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន និង
កសាង​សំណុំរឿង​បន្ថែម​ពីលើ​ទោស ដែល​មាន​ស្រាប់ ។ ចំណែក​ទណ្ឌិត​ម្នាក់​ទៀត​សន្លប់​ឈ្មោះ​ម៉ិច ឡុ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​កូន​ជ្រៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​បញ្ជាក់​បន្ថែម​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អំពើ​ហិង្សា​នេះ គឺ​ដោយសារ​តែ​ជនសង្ស័យ ចោទ​ជន​រង​គ្រោះ​ថា បាន​និយាយដើម​ខ្លួន ថា​ប្រើប្រាស់​គ្រឿងញៀន ។ លុះ​នៅ​វេលា​កើតហេតុ​ខាងលើ ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ឈ​នៅ​ក្បែរ​របង​អគារ ពេល​នោះ​ជន​ជនសង្ស័យ​ដែល​ខាង​អនុរក្ស​ពន្ធនាគារ បញ្ចេញ​ឱ្យមក​ងូតទឹក​នៅ​ក្រៅ​អគារ​ឃុំខ្លួន បាន​ដើរទៅ​ពីក្រោយ​ខ្នង​ជន​រង​គ្រោះ ហើយ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​មួយ​ដៃ​ចំ​មុខ​និង​ធាក់​មួយ​ជើង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ទៅ​លើ​ជញ្ជាំង​អាគារ​ពក​ក្បាល​ចំហៀង​ខាងឆ្វេង​សន្លប់​បាត់ស្មារតី ហើយ​ត្រូវ​អនុរក្ស​ពន្ធនាគារ បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ
-​សូ​វៀត ។