ខំ​ដើរ​រក​គ្រប់​ច្រកល្ហក មក​រក​ឃើញ​នៅ​ក្នុងផ្ទះ​សំណាក់

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​២​នាក់​បាន​បាត់​ពី​ផ្ទះ​រយៈពេល​៣​ថ្ងៃ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​និង​អាណាព្យាបាល​ខំ​ដើរ​រក​គ្រប់​ច្រកល្ហក ទីបំផុត​បែរជា​រក​ឃើញ​កំពុង​សម្ងំ​ពពាក់ពពូន​ជាមួយ​ក្មេង​ប្រុស​ស្ទាវ​ៗ៤​នាក់​ទៀត​នៅ​ក្នុងផ្ទះ​សំណាក់​ទៅ​វិញ ។

ហេតុការណ៍​តាម​រក​កូនស្រី​រហូត​ឃើញ​វិញ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​សមុទ្រ​មាស​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អាណាព្យាបាល​ក្មេង​ស្រី​ទាំង​២​នាក់​បាន​ប្តឹង​សមត្ថកិច្ច​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ពី​មិត្តភក្តិ​កូនស្រី​ថា ពួក​គេ​បាន​នាំ​គ្នា​ទៅ​សម្ងំ​ពពាក់ពពូន​គ្នា​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ហើយ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ ហើយ​ឃើញ​ក្មេង​ស្រី​ទាំង​២​នាក់ និង​ក្មេង​ប្រុស​៤​នាក់​ផ្សេង​ទៀត រួច​នាំ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី ដើម្បី​ធ្វើការ​សាកសួរ ៕