តួវិកលចរិតថតចប់ ប្តូរចរិត

ភ្នំពេញ៖ លោកអ្នកបានដឹងរួចមកហើយថាការលះបង់របស់តួវិកលចរិតម្នាក់នេះលំបាកយ៉ាងណា តាំងពីការ អត់បាយតមអាហារបរិភោគតែ  ផ្លែឈើដើម្បីសម្រកគីឡូ ពេលសម្តែងត្រូវភ្លាត់ស្នៀតដួលបែកក្បាល ស្នាមរហូតដល់សព្វថ្ងៃ ទាំងអស់នេះគឺជាការចងចាំមិនភ្លេចទេ របស់តួសម្តែងម្នាក់នេះ ចុះតើក្រោយពេលថតចប់ តួវិកលចរិតម្នាក់នេះប្តូរចរិតទៅជាអ្វីដែរ។

នេះបើតាមការជួបសម្ភាសន៍ពីអារម្មណ៍របស់លោក ហ៊ុយ យ៉ាឡេង ដែលជាតារាសម្តែងតួវិកលចរិតផ្ទាល់បានប្រាប់ឲ្យដឹងថា មូលហេតុខាងលើទាំងអស់នោះហើយ ដែលធ្វើអោយលោកប្តូរចរិត ពីមុនលោកចូលចិត្ត បរិភោគសាច់ច្រើន មិនចូលចិត្តត្រីរឺបន្លែទេ តែក្រោយពីការតស៊ូតម អាហារមិនបរិភោគសាច់ រយៈពេល២ខែរួចមក ទើបលោកយល់ ពីការថែរក្សារសុខភាពកាន់តែច្រើន ដែលជាហេតុធ្វើអោយលោកពីមុនមិនចូលចិត្តត្រីបន្លែ តែបែជា ចូលចិត្តត្រីបន្លែទៅវិញ ពីមុនមិនធ្លាប់គិតពីហាត់កីឡាដោយយកលេសរវល់ការងារ តែបែជាឆ្លៀតពេល ចេះរត់ទៅហាត់កីឡាវិញ ហើយចំណុចពិសេសជាងគេ ដែលធ្វើអោយមិត្តភ័ក្ដ លោកទាំងអស់ងឿងឆ្ងល់នោះ គឺការតមស្រាបៀរបស់លោកតែម្តង មូលហេតុដែលលោកឈប់ញ៉ាំស្រាបៀរគឺដោយសារតែលោកសម្លឹងឃើញខ្លួនឯងថា ការញាំស្រាបៀរធ្វើអោយលោកធាត់លឿន ឡើងជាតិខ្លាញ់ និងឡើងក្បាលពោះ។ និយាយដល់ចំណុចនេះលោកញញឹមហើយនិយាយបន្តថា លាក់បាំងអីបងអើយមិនអាចផ្តាច់ជាតិ ស្រវឹងទាំងស្រុងបានទេ មិត្តភាពការជួបជុំតែងតែមាន តែគ្រាន់តែខ្ញុំជ្រើសរើស យកការញ៉ាំរបៀបផ្សេងវិញ ដូចជាស្រាក្រហម រឺស្រាក្រឡុកអីវិញ ហើយយើងញ៉ាំរបៀបដូចជនជាតិគេ ញាំ១កែវ២កែវហើយ និយាយគ្នាលេង កុំអោយគេថាយើងមិនញ៉ាំ ។ សម្តីដោយស្នាមញញឹមនិងភាពជឿជាក់ ហាក់ដូចជា មនុស្សម្នាក់ដែលបានសម្លឹងមើលគោលដៅនឹងជីវិតរបស់ខ្លួនយ៉ាងច្បាស់

លោកហ៊ុយ យ៉ាឡេង ជាចាងហ្វាងផលិតកម្មមាតុចក្រហ្វីលម៍ ជាអ្នកដឹកនាំរឿង និងជាតួសម្តែងនៅ ក្នុងរឿងវិកលចរិត ដែលពេលនេះបានថតចប់ហើយ ហើយកំពុងតែសម្រឹតសម្រាំង នៅក្នុងបន្ទប់កាត់ត បើសិនជាដូចការរំពឹងទុកខ្សែភាពយន្តនេះនឹងដាក់បញ្ចាំងនៅចុងឆ្នាំ២០១៦នេះ ជាចុងក្រោយនេះ សូមជូនពរអោយការតស៊ូរបស់លោកចំពោះការផលិតរឿងវិកលចរិតនេះ ទទួលបាន ការគាំទ្រពីសំណាក់បងប្អូនខ្មែរយើងទាំងអស់គ្នានៅ ពេលដាក់បញ្ចាំងផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload