តើU16កម្ពុជា អាចទម្លាក់ក្រុមទីម័រ នៅថ្ងៃនេះ ដើម្បីទៅវគ្គបន្តបានទេ?

ក្រុមU16ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតកាត់សេចក្តីលើកចុងក្រោយប្រចាំពូលB ជាមួយក្រុមU16ទីម័រខាងកើត ក្នុងពានរង្វាន់ AFF U16 Championship 2016 នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ ខណៈក្រុមU16ឡាវ ក៏ត្រូវប្រកួតជាមួយក្រុមថៃ នៅរសៀលម៉ោង ៣:៣០ ថ្ងៃនេះដែរ។

mm1

ការចាញ់ក្រុមម្ចាស់ជើងឯកថៃ ៦-០ កាលពីថ្ងៃអាទិត្យ បានដាក់បន្ទុកយ៉ាងខ្លាំងដល់ក្រុមកម្ពុជា នៅក្នុងការប្រកួតជមួយក្រុមទីម័រខាងកើត នៅថ្ងៃនេះ គឺកម្ពុជា ត្រូវការឈ្នះជាដាច់ខាត ដើម្បីទទួលបានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្រ្ត។ ផ្ទុយទៅវិញ បើកម្ពុជា ចាញ់វិញនោះ ក្រុមដែលទទួលបានឱកាសឡើងទៅវគ្គបន្តជាមួយក្រុមថៃ អាចជាក្រុមឡាវ ឬ ក្រុមទីម័រ។

mm2

យ៉ាងណាក៏ដោយ ដោយសារក្រុមឡាវ និងទីម័រ មាន៤ពិន្ទុស្មើគ្នា គឺតិចជាងកម្ពុជា ដែលមាន៦ពិន្ទុនោះ ហេតុនេះកម្ពុជា អាចនឹងទប់យកត្រឹមស្មើជាមួយក្រុមទីម័រ ក៏អាចបានឡើងទៅវគ្គបន្តបានដែរ នៅពេលឡាវ ចាញ់ ឬស្មើជាមួយក្រុមថៃ នៅថ្ងៃនេះនោះ ខណៈក្រុមថៃ ដឹងតែពីទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូលBនេះ ដោយស្វ័យប្រវត្តិហើយ ទៅពួកគេបានភ្លាត់ទៅចាញ់ក្រុមឡាវ ក៏ដោយ។

លោក Inoue Kazunori គ្រូបង្វឹកក្រុមកម្ពុជា នៅតែមានការជឿជាក់ថា កម្ពុជា នឹងទទួលបានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលោកបានប្រាប់ក្រោយកម្ពុជាចាញ់ថៃ ៦-០ កាលពីថ្ងៃអាទិត្យថា៖«បើទោះបីជាយើងបានចាញ់ក្រុមថៃ ប៉ុន្តែខ្ញុំនៅតែមានការជឿជាក់ថា កម្ពុជា នឹងបានឡើងទៅវគ្គបន្ត ដោយយើងនឹងព្យាយាមកែប្រែនៅរាល់កំហុសដែលបានកើតមាន សម្រាប់ត្រៀមប្រកួតជាមួយក្រុមទីម័រ»។

ចំណែកលោក Andi Susanto គ្រូបង្វឹកក្រុមU16ជម្រើសជាតិទីម័រខាងកើត ក៏បានប្រកាន់គោលជំហរក្នុងការប្រកួតយកឈ្នះ ដើម្បីបានឡើងទៅវគ្គបន្តផងដែរ បើទោះបីជា លោកបានមើលឃើញថា កម្ពុជា មានទម្រង់លេងបានល្អក៏ដោយ។ លោកបានបញ្ជាក់ថា៖«ក្រុមយុវជនកម្ពុជា មានប្រព័ន្ធលេងស៊ីចង្វាក់គ្នាល្អ និងមានឆន្ទៈខ្ពស់ក្នុងការប្រកួត ប៉ុន្តែយើងនឹងប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីតទល់ជាមួយកម្ពុជា ក្នុងការប្រជែងយកឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ»។

យ៉ាងណាមិញ លោក Chaiyong Khumpian គ្រូបង្វឹកក្រុមU16ថៃ ដែលបានដឹក និងធ្លាប់ដឹកក្រុមឈ្នះទាំងក្រុមកម្ពុជា និងទីម័រនោះ បានមើលឃើញថា ក្រុមកម្ពុជា នឹងអាចយកឈ្នះក្រុមទីម័រខាងកើត ដោយលោកបានបញ្ជាក់ថា ក្រុមទីម័រ គ្មានសមត្ថភាពបិទក្រុមកម្ពុជា ជាប់នោះទេ គឺពួកគេមិនអាចដឹកពីរបៀបក្នុងការទប់ក្រុមកម្ពុជានោះឡើយ៕