បណ្តឹងរបស់​​​មន្រ្តី​តុលាការ​​​ប្រឆាំង​​​​​​មន្ត្រី​​​បោះ​​​ឆ្នោត​​​​ត្រូវ​​​​​​ពន្យារ​​​ពេល​​​​​

ចៅក្រមបានពន្យារពេលនៃការចាប់ផ្តើមសវនាការពីបទបរិហារកេរ្តិ៍ប្រឆាំងលោក នី ចរិយា មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីមន្រ្តីតុលាការនៅខេត្តសៀមរាបពីររូបដែលបានប្តឹងលោកមិនបង្ហាញខ្លួននៅតុលាការក្រុងភ្នំពេញ។ សវនាការនេះបានប្រើពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ មុនពេលលោក ឃី ឆៃ ចៅក្រមជំនុំជម្រះបញ្ជាឲ្យបន្តរឿងក្តីនេះ។ចៅក្រមរូបនេះក៏បានអនុញ្ញាតឲ្យលោក ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់បណ្តឹងស្នើសុំប្តូរចៅក្រមថ្មី ក្រោយពីចុងចោទរូបនេះបានជំទាស់នឹងនីតិវិធីរបស់តុលាការ។ លោក ឆៃ ចៅក្រមជំនុំជម្រះបាននិយាយថា” តុលាការបានសម្រេចពន្យារសវនាការ និងអនុញ្ញាតឲ្យលោក ចរិយា ដាក់បណ្តឹងជំទាស់ចៅក្រមក្នុងពេលមួយខែ”។ លោកបាននិយាយបន្ថែមថា សវនាការនឹងបន្ត ប្រសិនបើគ្មានពាក្យបណ្តឹងទេ”។ នៅតុលាការកាលពីថ្ងៃច័ន្ទលោក ចរិយា បាននិយាយថា ការលើកពេលគឺចាំបាច់ ដើម្បីការពារសិទ្ធិរបស់លោក។អគ្គលេខារងគ.ជ.ប.រូបនេះបាននិយាយថា” ពីព្រោះដើមបណ្តឹងរដ្ឋប្បវេណីអវត្តមាន ខ្ញុំនឹងបាត់បង់សិទ្ធិរបស់ខ្ញុំក្នុងការស្តាប់ភ័ស្តុតាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី “។ បណ្តឹងពីបទបរិហារកេរ្តិ៍ប្រឆាំងលោក នី ចរិយា ទាក់ទងនឹងការអត្ថាធិប្បាយពីមុនដែលលោកជាប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមអាដហុកបានលើកឡើងអំពីការដាក់គុកកសិករពីរនាក់នៅខេត្តសៀមរាម ដែលត្រូវកាត់ឲ្យជាប់ទោសពីបទឈូសឆាយដីដោយខុសច្បាប់នៅស្រុកវ៉ារិន ខេត្តសៀមរាប។ លោក ចរិយា បានលើកឡើងនៅពេលនោះថា លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងតុលាការខេត្តសៀមរាប និងលោក គី ឬទ្ធី ចៅក្រមស៊ើបអង្កេត ថាបានកាត់ក្តីករណីកសិករដោយមិនត្រឹមត្រូវ ហើយបានផ្តន្ទាទោសពួកគេដោយអយុត្តិធម៌។ ក្នុងខែដដែល លោក ចរិយា ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍និងបង្កាច់កេរ្តិ៍ដោយរិះគន់មន្រ្តីតុលាការ និងប៉ុនប៉ងបង្ខំពួកគេឲ្យប្តូរសាលក្រម។ ក្នុងសវនាការកាលពីម្សិលមិញ លោក ចរិយា បានផ្តល់ទឡ្ហីករណ៍ថា លោក កែវបណ្ឌិត និងចៅក្រម ឬទ្ធី គួរតែតម្រូវឱ្យមកបង្ហាញខ្លួននៅតុលាការ ដើម្បីផ្តល់ភ័ស្តុតាង។ជាងនេះទៅទៀត លោកបាននិយាយថា បណ្តឹងពីបទបរិហារកេរ្តិ៍មិនគួរបន្តនោះទេ រហូតទាល់តែមានការសម្រេចមួយធ្វើឡើងចំពោះបណ្តឹងរបស់លោកដែលបានដាក់ប្តឹងក្នុងនាមកសិករជាមុនសិន។ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ពុំអាចទាក់ទងបានទេ។ លោក សៀង សុខ ព្រះរាជអាជ្ញារងបាននិយាយថា ដើមបណ្តឹងក៏ត្រូវបានកោះហៅឲ្យមកតុ លាការដែរ ហើយតំណាងដោយមេធាវីរបស់ពួកគេ ប៉ុន្តែបានទទួលស្គាល់នូវសិទ្ធិរបស់ចៅក្រម ឆៃ ក្នុងការពន្យារពេលសវនាការនេះ៕ មាំ វិបុល     © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post បណ្តឹងរបស់​​​មន្រ្តី​តុលាការ​​​ប្រឆាំង​​​​​​មន្ត្រី​​​បោះ​​​ឆ្នោត​​​​ត្រូវ​​​​​​ពន្យារ​​​ពេល​​​​​ appeared first on The Cambodia Daily.