ក្រុមប្រឹក្សា​ឃុំ​គគីរ​ម្នាក់​ត្រូវ​គេ​កាប់​២​ប៉័ងតោ​របួសធ្ងន់

ខេត្តកណ្តាល ៖ ក្រុមប្រឹក្សា​ឃុំ​គគីរ​ម្នាក់​ត្រូវ​បុរស​ម្នាក់​កាប់​២​ប៉័ងតោ​ចំ​ក្បាល​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈ​យក​លិខិត​លែងលះ​គ្នា​ទៅ​ឲ្យ​ជន​ដៃដល់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​ជន​ដៃដល់​ស្ថិត​ក្នុងភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ថោ​ង សំ​អឿ​ន អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ មុខងារ​ជា​ក្រុមប្រឹក្សា​ឃុំ​គគីរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ ហ៊ីង សុ​ផុ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្រូទាយ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​យក​លិខិត​លែងលះ​របស់​សាលាឃុំ​គគីរ​(​លិខិត​លែងលះ​រវាង​ជន​ដៃដល់ ហ៊ីង សុ​ផុ​ន និង​ប្រពន្ធ​ឈ្មោះ ថោ​ង សុផល​) ទៅ​ឲ្យ​នៅ​ក្នុងផ្ទះ​ជន​ដៃដល់ ។ បន្ទាប់​ពី​ឲ្យ​លិខិត​លែងលះ​រួច ស្ត្រី​រង​គ្រោះ​បាន​សុំ​ចូល​បន្ទប់ទឹក​ដើម្បី​បត់ជើង ពេល​បត់ជើង​រួច​បើកទ្វា​បន្ទប់ទឹក​ចេញ​មក​ក្រៅ​វិញ​ក៏​ត្រូវ​ជនល្មើស​យក​កាំបិតប៉័ងតោ​ដង​ឈើ​រុំ​ក្រណាត់​ពណ៌​ក្រហម​កាប់​ចំ​ក្បាល​ស្ត្រី​រង​គ្រោះ​ចំនួន​២​កាំបិត​បណ្ដាល​ឲ្យ​រង​បួស​១​កន្លែង និង​ធាក់​៣​ជើង​ទៀត ចំ​ដើមទ្រូង​១​ជើង និង​ចំពោះ​២​ជើង តែ​ស្ត្រី​រង​គ្រោះ​បាន​ព្យាយាម​រត់គេច​ចេញ​មក​ក្រៅ​ទាំង​ឈាម​ហូរ​ពេញ​ខ្លួន ហើយ​ទូរស័ព្ទ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​គគីរ​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ដោយ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ភ្លាម​ៗ​ប​ញ្ចូ​ន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាតការ​តាម​នីតិវិធី​ច្បាប់ រីឯ​ស្ត្រី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕