ឯកអគ្គរដ្ឋទូត​តួកគី​ថា ​រដ្ឋាភិបាល​លោក​មាន​បំណង​ចង់​ឲ្យ​មាន​ការ​បិទ​សាលា​អន្តរជាតិ ZAMAN

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា Ilhan Khemal Tug បានប្រកាសអំពីគោលបំណងរបស់រដ្ឋាភិបាលតួកគីចង់ឲ្យមានការបិទសាលាអន្តរជាតិ Zaman និងសាកលវិទ្យាល័យ Zaman នៅរាជធានីភ្នំពេញដោយសារការជាប់ពាក់ព័ន្ធរបស់សាលានេះជាមួយចលនាលោក Gulen ដែលធ្វើរដ្ឋប្រហារនៅតួកគីបរាជ័យប៉ុន្តែប្រធានក្រុម Zaman ថាលោក Gulen គ្មានទំនាក់ទំនងផ្លូវការជាមួយសាលាទេ។

កាលពីថ្ងៃទី ១៥ កក្កដា កងប្រដាប់អាវុធតួកគីបានប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាបណ្តេញប្រធានាធិបតីបច្ចុប្បន្នលោក Recep Erdogan ពីអំណាច។ ប៉ុន្តែរដ្ឋប្រហារនេះបានបរាជ័យហើយរដ្ឋាភិបាលបានចោទសមាជិកចលនាសង្គមអ៊ិស្លាមសេរីរបស់លោក Fethullah Gulen ជាអ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ។ឯកអគ្គរដ្ឋទូត Tug បានថ្លែងក្នុងអំឡុងសន្និសីទកាសែតមួយនៅស្ថានទូតតួកគីកាលពីម្សិលមិញថា៖ «នេះគឺលើសពីផែនការក្បត់ដ៏គ្រោះថ្នាក់»។ «វាជាយុទ្ធនាការភេរវកម្ម»។រដ្ឋាភិបាលតួកគីជាយូរមកហើយបានចាត់ទុកលោក Fethullah Gulen ជាភេរវករ និងចោទចលនារបស់គាត់ថាជាអង្គការភេរវកម្ម។

សាលា ZAMAN នៅកម្ពុជាត្រូវបានបង្កើតឡើងដោយ Atilla Yusef Guleker ដែលជាអតីតអ្នកកាសែតនៅប្រទេសតួកគី និងជាសមាជិកនៃចលនាលោក Gulen។ Guleker ជាអ្នកកាសែតសរសេរឲ្យកាសែត ZAMAN ដែលមានទំនាក់ទំនងនយោបាយជិតស្និទ្ធជាមួយលោក Fethullah Gulen។

ឯកអគ្គរដ្ឋទូត​តួកគី​ថា ​រដ្ឋាភិបាល​លោក​មាន​បំណង​ចង់​ឲ្យ​មាន​ការ​បិទ​សាលា​អន្តរជាតិ ZAMAN

ក្នុងសេចក្តីថ្លែងការណ៍មួយដោយលោក Ejder Kilic ប្រធានក្រុមហ៊ុន ZAMAN បានថ្លែងថាស្ថាប័នរបស់លោកទទួលស្គាល់ការជាប់ពាក់ព័ន្ធ «ផ្នែកស្មារតី» ជាមួយលោក Gulen ប៉ុន្តែបានអះអាងថា៖ «លោក Gulen មិនដែលមានទំនាក់ទំនងផ្លូវការណាមួយភាពជាម្ចាស់ណាមួយ ឬចលនាណាមួយក្នុងការគ្រប់គ្រងសាលាហើយគាត់ក៏មិនដែលចូលរួមក្នុងផ្នែកណាមួយនៃការធ្វើសេចក្តីសម្រេចរបស់សាលាដែរ»។

ទោះយ៉ាងណាក្តីឯកអគ្គរដ្ឋទូត Tug បានអះអាងថារដ្ឋាភិបាលតួកគីរំពឹងថាកម្ពុជានឹង «បញ្ឈប់រាល់ការគាំទ្រ» ទាំងអស់ទៅលើសាលា ZAMAN ដើម្បីឲ្យសាលា «បញ្ចប់រាល់សកម្មភាពទាំងអស់» ដោយសារការជាប់ពាក់ព័ន្ធរបស់ខ្លួនជាមួយលោក Gulen។សមាជិកចលនាលោក Gulen បានបង្កើតសាលាក្នុងប្រទេសនានាទូទាំងពិភពលោករួមទាំងសាលា ១០០ នៅសហរដ្ឋអាមេរិក និងសាលាជាង ៣០០ នៅតួកគី។ លោក Gulen បច្ចុប្បន្ននៅសហរដ្ឋអាមេរិក។

អគ្គរដ្ឋទូត Tug បានបញ្ជាក់ថាសំណើនេះកំពុងធ្វើឡើងក្នុងប្រទេសទាំងអស់ដែលមានសាលាជាប់ពាក់ព័ន្ធនឹងចលនា Gulen ខណៈប្រទេសតួកគីប៉ុនប៉ងបិទ «សាលាទាំងអស់ជុំវិញពិភពលោកដែលពាក់ព័ន្ធនឹងអង្គការភេរវកម្មរបស់លោក Fethullah Gulen(FETO)»។

ឯកអគ្គរដ្ឋទូត​តួកគី​ថា ​រដ្ឋាភិបាល​លោក​មាន​បំណង​ចង់​ឲ្យ​មាន​ការ​បិទ​សាលា​អន្តរជាតិ ZAMAN

នៅក្នុងសេចក្តីថ្លែងការណ៍របស់ Kilic បានពន្យល់ថា៖ «សាលានេះគឺត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយក្រសួងអប់រំ យុវជន និងកីឡាដែលដំណើរការក្រោមក្រុមហ៊ុន ZAMAN Co Ltd ជាក្រុមហ៊ុនចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មផងដែរ»។«ដូច្នេះសាលានេះគឺជាសាលាកម្ពុជាដែលត្រូវបានពិនិត្យទៀងទាត់បង់ពន្ធត្រឹមត្រូវ និងប្រតិបត្តិការក្រោមគណៈកម្មាធិការសាលា»។Guleker បានបង្កើតសាលាអន្តរជាតិ ZAMAN ដំបូងសម្រាប់ថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី ១២ ក្នុងឆ្នាំ ១៩៩៧។ នៅពេលដែលសាលានេះប្តូរទីតាំងថ្មីនៅឆ្នាំ ២០០៦ ឧបនាយករដ្ឋមន្រ្តី សុខ អាន បានចូលរួមជាអធិបតីនៅពិធីសម្ពោធអគារ។ លោកបានសម្ដែងបំណងថាសាលានេះនឹងដើរតួនាទីក្នុងការធ្វើឲ្យប្រសើរឡើងទំនាក់ទំនងទ្វេភាគីរវាងតួកគី និងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុម័តលើការដាក់ពាក្យសុំអាជ្ញាប័ណ្ណសាកលវិទ្យាល័យរបស់សាលា ZAMAN ក្នុងឆ្នាំ ២០១០ ខណៈលោក សុខ អាន បានចូលរួមពិធីសម្ពោធដោយកាត់ខ្សែបូរួមជាមួយឧបនាយករដ្ឋមន្រ្តីតួកគីលោក Bulent Arinc។សេចក្តីថ្លែងការណ៍របស់លោក Kilic បានបន្តថា៖ «មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់បានចូលរួមពិធីសម្ពោធ។ យើងមិនដែលមានការស្អប់ពីរដ្ឋាភិបាលតួកគីរហូតមកដល់ពេលនេះ»។ទាំងឯកអគ្គរដ្ឋទូតលោក Tug និងក្រុមហ៊ុន ZAMAN បានសម្ដែងការរំពឹងថារដ្ឋាភិបាលនឹងចូលខាងខ្លួន។អ្នកវិភាគនយោបាយលោក អ៊ូ វីរៈ បានសម្ដែងក្តីមន្ទិលថាតើរដ្ឋាភិបាលនឹងបិទសាលា ZAMAN ឬអត់នោះទេ។លោកបានថ្លែងថា៖ «ខ្ញុំគិតថារដ្ឋាភិបាលតួកគីមិនមានឥទ្ធិពលច្រើនទេ»។

ខណៈអ្នកនាំពាក្យក្រសួងអប់រំ និងការបរទេសបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីម្សិលមិញលោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា៖ «មិនទាន់មានចំណាត់ការណាត្រូវបានធ្វើនៅឡើយទេ» ដោយសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្រៅប្រទេស។ លោកស្រីបានថ្លែងថាស្ថានទូតតួកគី «បានព្រមានយើងម្តងថាសាលានេះពាក់ព័ន្ធនឹងមនុស្សដែលចង់ផ្តួលរំលំរដ្ឋាភិបាល» និងថាសាលានេះបានទទួល «ការព្រមាន» កាលពីខែមុន។ទន្ទឹមនេះសាច់ញាតិសិស្សនិស្សិតមានការបារម្ភចំពោះផលវិបាកបើបិទសាលានេះ។លោក សាតា ម៉ូរ៉ាត ប្រធានសមាគមនិស្សិតកម្ពុជានៅតួកគីដែលក្មួយប្រុស និងបងប្អូនប្រុសរបស់គាត់កំពុងសិក្សានៅទីនោះបានថ្លែងថាការបិទសាលាដែលល្អបំផុតនៅកម្ពុជានឹងធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ។

លោកថា៖ «គុណភាពអប់រំ និងសញ្ញាបត្រពីសាលា Zamanគឺមានតម្លៃស្មើនឹងសាលាដទៃទៀតនៅអាមេរិក ឬអឺរ៉ុបដូច្នេះវាពិបាកស្វែងរកសាលាដទៃជំនួស»៕

ប្រភព៖ postkhmer

  • ឯកអគ្គរដ្ឋទូត​តួកគី​ថា ​រដ្ឋាភិបាល​លោក​មាន​បំណង​ចង់​ឲ្យ​មាន​ការ​បិទ​សាលា​អន្តរជាតិ ZAMAN已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/19  Category:ជីវិតនិងសង្គម
Tags: