កម្មការិនី​រោងចក្រ​ស្បែកជើង​ជាង​100​នាក់​ដួល​សន្លប់

កម្មការិនី​រោងចក្រ​ស្បែកជើង​ជាង​100​នាក់​ដួល​សន្លប់



ខេត្តកណ្ដាល ៖ កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង ហ្គ្រែ​ន អ៊ី​ស្ត ហ្វ៊ូ​ត​វែ​រ ជាង​១០០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ដោយ​មិនដឹងពី​មូលហេតុ ហើយ​ត្រូវ​ខាង​រោងចក្រ​រារាំង​មិន​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន បាន​ចូល​ទៅ​អន្តរា​គម​ន៏​ភ្លាម​ៗ​នោះ​ឡើយ ។

ការ​ដួល​សន្លប់​នោះ​ត្រូវ​បាន​សង្ស័យ​ថា អាច បណ្ដាល​មក​ពី​ធុំក្លិន​កាវ​បិទ​ស្បែកជើង គួប​ផ្សំ​ជាមួយ​អាកាសធាតុ​ក្ដៅ​ហប់ និង​បរិស្ថាន​នៅ​ក្នុង​រោងចក្រ​មិនល្អ ទើប​បណ្ដាល​ឲ្យ​កម្មការិនី​ទាំងនោះ មាន​អាកា​រៈ​តឹង​ណែន​ទ្រូង ថប់ដង្ហើម ងងឹតមុខ ហើយ​ក៏​ទន់ដៃទន់ជើង​ដួល​សន្លប់​តែ​ម្ដង ។

កម្មការិនី​ដែល​ដួល​សន្លប់​នោះ ភាគច្រើន​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​អង្គស្នួល និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​គ្លីនិក​ឯកជន​ផ្សេង​ទៀត ។ ដោយឡែក​កម្មករ កម្មការិនី​ដែល​មិន​បាន​ដួល​សន្លប់ បាន​នាំ​គ្នា​រត់​សម្រុក​ចេញពី​ក្នុង​រោងចក្រ ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោរ ហើយ​រោងចក្រ​ខាងលើ ក៏​បាន​បង្ខំចិត្ត​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ដែរ ។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ កក្កដា ក្នុង​រោងចក្រ ហ្គ្រែ​ន អ៊ី​ស្ត ហ្វ៊ូ​ត​វែ​រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្មករ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​មួយ​នេះ មាន​ចំនួន​សរុប​១១០០​នាក់ ការ​ដួល​សន្លប់​នោះ គឺ​នៅ​ក្រោយ​ពេល​ដែល​កម្មករ​ទាំងនោះ​ទើបតែ​ចូល​ធ្វើការ​បាន​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ ។ នៅ​មុន​ពេល​កើតហេតុ មានកម្ម​ការិនី​២​នាក់ ស្ថិត​ក្នុង​ក្រុម​ទី​៤ បាន​ដួល​សន្លប់​មុនគេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។

ពេល​នោះ​គេ​មិន​ទាន់​បាន​នាំ​យក​អ្នក​ដួល​សន្លប់​ទាំង​ពីរ​នាក់​នោះ ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ផង ក៏​ស្រាប់តែ​មាន​អ្នក​ដួល​សន្លប់​ជា​បន្តបន្ទាប់​គ្នា​ទៀត បង្ក​ឲ្យ​មានការ​ច្របូកច្របល់ ពេញ​ក្នុង​រោងចក្រ​ទាំងមូល ។ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ពេល​កំពុង​មាន​ចលាចល ស្រាប់តែ​មានកម្ម​ក​រិ​នី​ម្នាក់ ត្រូវ​បាន​ព្រលឹង​ខ្មោច​ចូល​ក្នុង​ខ្លួន ដោយ​និយាយ​ថា «​ឃ្លាន​ផ្លែ​ឈើ មិន​ដែល​នរណា​ដាក់​សែន​ឲ្យ និង​បាន​ទារ​រក​ផ្លែ​ឈើ​៧​មុខ ក្នុង​នោះ​ផ្លែ​ឈើ​ដែល​ចង់​ហូប​ជាងគេ គឺ​មាន​ផ្លែ​ប៉ម ,​ផ្លែ​ចេក ,​និង​ផ្លែ​សារី ប៉ុន្តែ​ដោយសារ​គ្មាន​អ្នក​គិតគូរ ទើប​មានរឿង​បែប​នឹង​កើតឡើង​» ។

ប្រភព​ដដែល​បាន​បន្ត​ថា កម្មការិនី​ទាំងនោះ​ខ្លះ​ដួល​សន្លប់​នៅ​ក្នុង​អគារ​រោងចក្រ និង​ខ្លះ​ទៀត​ពេល​រត់​ចេញ​ផុត​ពី​អគារ ទើប​ដួល​សន្លប់​នៅ​ក្នុង​បរិវេណ​ទីធ្លា​រោងចក្រ និង​មួយ​ចំនួន​ទៀត រត់​ចេញ​ផុត​ពី​បរិវេណ​រោងចក្រ ទើប​ដួល​សន្លប់​នៅ​ខាង​មុខ​រោងចក្រ ។

រីឯ​អ្នក​ដែល​មិន​បាន​ដួល​សន្លប់ បាន​នាំ​គ្នា​រត់​ចេញ​ឡើង​ជិះ​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោរ ហើយ​រោងចក្រ​ក៏​ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ផង​ដែរ ។ ដោយឡែក​អ្នក​រង​របួស តាម​ការ​រាប់​ឃើញជាក់ស្ដែង​មាន​ចំនួន​៨៨​នាក់ ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​សន្លប់​បន្តបន្ទាប់​ទៀត អាច​កើនឡើង​ដល់​ជាង​១០០​នាក់ ។ ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល រួម​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ពើក បាន​ទៅ​ដល់ទី​នោះ ដើម្បី​ជួយ​អន្តរា​គម​ន៏ និង​ពិនិត្យ​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កំណត់ហេតុ​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ខាង​ភាគី​រោងចក្រ​ខាងលើ​នោះ ។

មន្ត្រី​នគរបាល​បាន​និយាយ​ថា ពិតជា​មានកម្ម​ការិនី​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​មួយ​នោះ​មែន ហើយ​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នោះ មិនដឹង​នៅឡើយ ព្រោះ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម កម្លាំង​បាន​ចុះ​ទៅ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​បាន​ត្រឹមតែ​ស្ថិត​នៅ​ខាងក្រៅ​រោងចក្រ​តែ​ប៉ុណ្ណោះ ព្រោះ​ខាង​រោងចក្រ​មិន​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ខាងក្នុង​ឡើយ ៕