​ឃាតកម្ម​លើ​លោក កែម ឡី អាច​គំរាមកំហែង​ដល់​សេរីភាព​ផ្នែក​សារព័ត៌មាន​? និពន្ធដោយ : ម៉ៅ សុផា       July-19-2016, 5:03 pm         317

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​ឃាតកម្ម​លើ​លោក កែម ឡី អាច​គំរាមកំហែង​ដល់​សេរីភាព​ផ្នែក​សារព័ត៌មាន​?​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៨ ខែកក្កដា អង្គការ​អន្តរជាតិ​មួយ ដែលមាន​ឈ្មោះថា «​អ្នកកាសែត​គ្មាន​ព្រំដែន​» បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ជុំវិញ​ឃាតកម្ម​លើ​លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​។ ឃាតកម្ម​លើ​លោក កែម ឡី ធ្វើ​ឲ្យ​អង្គការ​នេះ ព្រួយបារម្ភ ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អាច​រង​ការវាយប្រហារ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​អ្នកនាំពាក្យ​របស់​ក្រសួង​សារព័ត៌មាន នៅតែ​អះអាងថា សេរីភាព​ផ្នែក​សារព័ត៌​មាននៅ​កម្ពុជា មាន​ភាពល្អប្រសើរ ហើយ​គ្មាន​ការគាបសង្កត់​អ្វី​នោះទេ​។

​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ប្រចាំ​កម្ពុជា ដែល​ហៅ​កាត់​ថា RSF បាន​សង្កេតឃើញ​សញ្ញាណ​នៃ​ការគំរាមកំហែង​លើ​អ្នកសារព័ត៌មាន ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា កាន់តែ​ជួប​សភាព​ធ្ងន់ធ្ងរ​ឡើងៗ បន្ទាប់ពី​មាន​ឃាតកម្ម​ដ៏​សាហាវ​លើ​លោក កែម ឡី នៅក្នុង​ស្តា​ម៉ា​ត​មួយ (Star Mart) ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ​។ អង្គការ​អន្តរជាតិ ដែល​ធ្វើការ​លើកស្ទួយ​វិស័យ​សារព័ត៌មាន​មួយ​នេះ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការបំភិតបំភ័យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការរំលោភ​លើ​សេរីភាព​ផ្នែក​សារ​ព័ត​មាន​។

«​អ្នកកាសែត​គ្មាន​ព្រំដែន​» បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា បើទោះបីជា​សមត្ថកិច្ច ប្រកាស​ធ្វើការ​ស៊ើបអង្កេត​តឹងរឹង ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី​ក៏ពិតមែន ប៉ុន្តែ​សេរីភាព​សារព័ត៌មាន ហាក់ដូច​ជាមាន​ហានិភ័យ​កាន់តែខ្លាំង​ទៅៗ ហើយ​អ្នកសារព័ត៌មាន នៅតែ​ជា​គោលដៅ​នៃ​ការគំរាមកំហែង​ដដែល​។ អង្គការ​នេះ កត់សម្គាល់​ទៀតថា ឃាតកម្ម​លើ​លោក កែម ឡី ទើបតែ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​របាយការណ៍​មួយ​របស់​អង្គការ Global Witness  ។​

​យ៉ាងណាក៏ដោយ លោក អ៊ុក គឹម​សេង អ្នកនាំពាក្យ​របស់​ក្រសួង​ព័ត៌មាន មិន​យល់ស្រប​ឡើយ ចំពោះ​ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ «​អ្នកកាសែត​គ្មាន​ព្រំដែន​»​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​នេះ លោក អ៊ុក គឹម​សេង បាន​អះអាងថា រាជរដ្ឋាភិបាល តែង​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ពង្រឹង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​។ លោក បន្តទៀតថា សេរីភាព​ផ្នែក​សារព័ត៌មាន គ្មានអ្វី​គូរ​ឲ្យ​ព្រួយបារម្ភ​នោះទេ ព្រោះ​ការ​ផ្សា​ព្វ​ផ្សាយ​តាម​ទូរទស្សន៍​ឬ​វិទ្យុ នៅតែ​ដំណើរការ​ជាធម្មតា​។

​ចំណែកឯ​ឃាតកម្ម​លើ​លោក កែម ឡី អ្នកនាំពាក្យ​រូបនេះ លើកឡើងថា រដ្ឋាភិបាល រួមទាំង​សង្គម​ស៊ីវិល ពិតជា​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​តក់ស្លុត​មួយ​នេះ​។ លោក អ៊ុក គឹម​សេង សង្កត់ធ្ងន់ថា អំពើ​ឃាតកម្ម​លើ​លោក កែម ឡី គឺជា​ចំណាត់កា​របស់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ដែល​ត្រូវ​ដោះស្រាយ​។ ហេតុ​ដូច្នេះហើយ លោក បានស្នើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រង​ចាំមើល​សមត្ថកិច្ច បំពេញភារកិច្ច​ជាមុនសិន ដោយ​មិនត្រូវ​ចោទ​អ្នកណា​ឡើយ​។

​ម្យ៉ាងទៀត ការកើតមាន​ឃាតកម្ម​នេះ មិនមែន​បានន័យថា ដោយសារតែ​លោក កែម ឡី ផ្តល់​បទ​សម្ភាស​ជាមួយ​វិទ្យា​អាស៊ីសេរី ទាក់ទង​នឹង របាយការណ៍ Global Witness នោះទេ​។ នេះ​ជាការ​បន្ថែម​របស់លោក អ៊ុក គីម​សេង ហើយ​បន្ទាប់មក​លោក ក៏​អំពាវនាវ​ទៅកាន់​មហាជន​ដូច្នេះ​ថា​៖«​យើង​កុំ​ទាន់​ចង្អុល​ដាក់​អ្នកនេះ​ឬ​អ្នកនោះ​។ យើង​រង់​ចាំមើល​សមត្ថ​កិច្ច​ធ្វើការ​សិន​។ រឿងនេះ​រដ្ឋាភិបាល​ជា​អ្នក​ខាត ដូច្នេះ​ពួក​អ្នក​ឱកាសនិយម អាច​នឹង​ឆ្លៀតឱកាស​។ យើង​ចាំមើល​សិន​»៕