ពេល​ទៅ​សួរ​ទើប​ដឹង ភ្ញាក់ផ្អើល​តែ​ម្តង

ខេត្តកំពត ៖ បុរស​ម្នាក់​ចូល​ទៅ​ជ្រក​ភ្លៀង​ដោយ​អង្គុយ​លើ​កៅអី​នៅ​មុខ​ក្រុមហ៊ុនទូរស័ព្ទ រហូត​ដល់​រាំង​ភ្លៀងហើយ​នៅ​តែ​មិនឃើញ​ក្រោក​ទៅ​ទៀត​សន្តិសុខ​ក៏​ចេញ​ទៅ​សួរនាំ​ទើប​ដឹង​ថា​បុរស​រូប​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​មុខ​ផ្សារ​ឈូក ស្ថិត​ក្នុងភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត ។

លោក សិលា សំ​រិ​ទ្ធ​វិបុល អធិការ​នគរបាល​ស្រុក​ឈូក បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ចាន់ ឯម អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នាចរមាស ឃុំ​នា​រាយ ស្រុក​ឈូក ខេត្តកំពត ។

ប្រភព​ពី​ស្ត្រី​អ្នកលក់​ទូរស័ព្ទ​នៅ​ផ្សារ​ឈូក​ម្នាក់​បាន​ឲ្យ​ដឹង​ថា ខណៈ​មេឃ​កំពុង​ភ្លៀង​គេ​ឃើញ​បុរស​ម្នាក់​បាន​ដើរ​ចូល​ទៅ​ជ្រក​ភ្លៀង​នៅ​មុខ​ក្រុមហ៊ុនទូរស័ព្ទ​ដោយ​អង្គុយ​លើ​កៅអី​នៅ​មុខ​នោះ ។ ប្រភព​បន្ត​ទៀត​ថា ដោយ​ភ្លៀង​រាំង​ហើយ បុរស​រូប​នោះ​នៅ​តែ​មិន​ទាន់​ក្រោយ​ទៅ​ទៀត​ទើប​សន្តិសុខ​ចេញ​មក​សួរនាំ ទើប​ដឹង​ថា​បុរស​រូប​នោះ​អង្គុយ​ស្លាប់​នៅ​លើ​កៅអី​នោះ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

លោក​អធិការ​នគរបាល​ស្រុក​ឈូក បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​នគរបាល​ជំនាញ ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ ប្រហែលជា​មុន​ពេល​ជន​រង​គ្រោះ​ស្លាប់​អស់កម្លាំង​ខ្លាំង​ពេក រួច​អង្គុយ​រហូត​ដាច់ខ្យល់​តែ​ម្តង ។

លោក​អធិការ​នគរបាល​ស្រុក​ឈូក បន្ត​ឲ្យ​ដឹង​ទៀត​ថា ពេល​ភ្លាម​ៗ​នោះ​ពុំ​មាន​អ្នក​ណា​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទេ រហូត​ដល់​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ដដែល​ទើប​មាន​ក្រុម​សាច់ញាតិ​មក​ទទួលយក​សព​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕