លោក Johnson ៖ រុស្សី​ត្រូវ​ចូលរួម​ទម្លាក់​លោក អាសាដ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-19-2016, 4:18 pm         376

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Johnson ៖ រុស្សី​ត្រូវ​ចូលរួម​ទម្លាក់​លោក អាសាដ​​ប្រមុខ​ការទូត​អង់គ្លេស បានស្នើ​ទៅកាន់​រុស្សី ក៏ដូចជា​ប្រទេស​ដទៃទៀត ត្រូវ​ទាមទារ​ឲ្យ​ប្រធានាធិបតី​ស៊ី​រី បាស​សា អាល់ អាសាដ ចុះ​ចេញពី​តំណែង​។ អង់គ្លេស ស្នើ​ទៅ​រុស្សី ព្រោះ​រុស្សី មាន​ជំហរ​ការពារ​របប​លោក អាសាដ ឲ្យ​បន្ត​គ្រប់គ្រង​ស៊ី​រី ដែល​កំពុង​ហែកហួរ​ដោយ​ជម្លោះផ្ទៃក្នុង​ជាមួយនឹង​ក្រុម​ឧទ្ទាម ដែល​ទាមទារ​ឲ្យ​លោក អាសាដ ចុះចេញ​។​

​ខណៈដែល​ជម្លោះ​នៅ​ស៊ី​រី នៅ​មិនទាន់មាន​ដំណោះស្រាយ​នោះ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Boris Johnson នៅ​ថ្ងៃទី​១៩ ខែកក្កដា បាន​ប្រាប់​ទៅ​រុស្សី ដែលជា​អ្នក​ជួយ​ការពារ​របប​ស៊ី​រី ត្រូវ​ជួយ​ជំរុញ​ប្រធានាធិបតី អាសាដ ត្រូវ​ចេញពី​អំណាច ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​បង្ហូរឈាម​រយៈពេល​៥​ឆ្នាំ​មកនេះ​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ក៏​នឹង​ជួប​ជាមួយ​សម​ភាគី​លោកខាងលិច​មួយចំនួន​ទៀត ដើម្បី​ពិគ្រោះ​យោបល់​លើ​បញ្ហា​នៅ​ស៊ី​រី​ផងដែរ​។​

​លោក Boris Johnson នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ឡុង​ដ៍ ក្នុងការ​ស្វះ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ស៊ី​រី​។ វិបត្តិ​ស៊ី​រី ដែល​ចេញ​ជា​រូបរាង​ក្នុង​ឆ្នាំ​២០១១ បាន​បង្កើត​ជាការ​គំរាម​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​តំបន់ និង​ពិភពលោក ក៏ដូចជា​លំហូរ​ជនភៀសខ្លួន​យ៉ាង​សន្ធឹកសន្ធាប់ ចូលទៅ​តំបន់​អឺរ៉ុប​។

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន រដ្ឋមន្ត្រីការបរទេស​រូបនេះ​បន្តថា លោក​នឹង​បញ្ជាក់​ច្បាស់ៗ​ថា ការឈឺចាប់​របស់​ប្រជាជន​ស៊ី​រី នឹងមិន​បញ្ចប់​ទេ ប្រសិនបើ​លោក អាសាដ នៅតែ​បន្ត​កាន់អំណាច​។ លោក​បន្តថា សហគមន៍​អន្តរជាតិ ដែល​រួមទាំង​រុស្សី​ផង​នោះ ត្រូវ​រួបរួមគ្នា​លើ​បញ្ហា​នេះ​។      

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Boris Johnson ក៏​គ្រោង​ជួប​រដ្ឋមន្ត្រី ការបរទេស អាមេរិក លោក ច​ន ឃែ​រី (John Kerry) ក្នុង​ទីក្រុង​ឡុង​ដ៍ នៅ​ថ្ងៃទី​១៩ ខែកក្កដា​ផងដែរ​។ ជំនួប​នេះ ធ្វើឡើង​មិន​ដល់ពេល​មួយ​សប្ដាហ៍​ផង បន្ទាប់ពី​លោក Johnson ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស របស់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី Theresa May​។​

​សូម​រម្លឹកថា រុស្សី និង​អាមេរិក ជា​អ្នកផ្ដើមគំនិត​ការចរចា​សន្តិភាព ប៉ុន្តែ​ក៏​ជា​អ្នកគាំទ្រ​ភាគី​ជម្លោះ​ស៊ី​រី​ផងដែរ​។ យ៉ាងណាក្ដី ការ​រ​ចា​ទាំងនោះ បាន​ជាប់គាំង​ជាច្រើនលើក​មកហើយ ជាពិសេស​ត្រង់​ការអនុញ្ញាត​ឲ្យ​ប្រធានាធិបតី អាសាដ បន្ត​កាន់អំណាច​ទៀត ឬ​អត់​។ ខណៈដែល​អាមេរិក និង​ប​ស្ចឹ​ម​ប្រទេស ចង់​ឲ្យ​លោក អាសាដ ចាកចេញ ក្រុង​មូ​ស្គូ មាន​ជំហរ​គាំទ្រ​លោក អាសាដ បន្ត​ជា​ប្រធានាធិបតី​។​

​ការចរចា​ចុងក្រោយ​រវាង​រដ្ឋាភិបាល​លោក អាសាដ និង​ក្រុម​ឧទ្ទាម បានបញ្ចប់​នៅ​ចុងខែ​មេសា បន្ទាប់ពី​ទាហាន​ក្រុង​ដា​ម៉ាស់ ដែល​គាំទ្រ​ដោយ​កងកម្លាំង​រុស្សី វាយប្រហារ​ទីតាំង​ក្រុម​ឧទ្ទាម នៅ​Aleppo​។ នៅពេលនេះ កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី ហាក់ដូច​ជាមាន​លំនឹង​ជាង​មុន ខណៈ​ក្រុម​ឧទ្ទាម បាន​បាត់់បង់​ទឹកដី​គ្រប់គ្រង​ជា​បន្តបន្ទាប់​៕