សាស្ត្រា​សារព័ត៌មាន​កម្ពុជា​ចាត់​ទុក​អតីត​អ្នក​កាសែត​ញូវយ៉កថែមស៍​ម្នាក់​ជា​វីរ​អ្នក​កាសែត​គំរូ

អតីត​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឱ្យ​កាសែត​ញូវយ៉ក ថែមស៍ (The New York Times) លោក ស៊ីដនី ហ្សានប៊ើគ (Sydney Schanberg) បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា។ លោក​ក៏​ជា​អ្នក​ដែល​ធ្វើ​ឱ្យ​ពិភពលោក​ដឹង​កាន់​តែ​ច្បាស់​អំពី​រឿងរ៉ាវ​កាប់​សម្លាប់​របស់​របប​ខ្មែរក្រហម នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០។ លោក​បាន​ទទួល​ពាន​រង្វាន់ Pulitzer Prize ដែល​ជា​ពាន​រង្វាន់​ផ្នែក​សារព័ត៌មាន​ធំ​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក ហើយ​សាស្ត្រា​សារព័ត៌មាន​កម្ពុជា ចាត់​ទុក​លោក​ជា​វីរ​អ្នក​កាសែត​គំរូ។

ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន​ជាង ៥០​ឆ្នាំ លោក ស៊ីដនី ហ្សានប៊ើគ គឺ​ជា​ម្ចាស់​សាច់​រឿង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ដែល​បង្ហាញ​ពី​សង្គ្រាម​វឹកវរ ភាព​រងទុក្ខ​វេទនា​នៅ​កម្ពុជា និង​ការ​កាប់​សម្លាប់​យ៉ាង​ស្ងៀមស្ងាត់​អស់​មនុស្ស​រាប់​លាន​នាក់ នៃ​របប​ខ្មែរក្រហម នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០។

សាច់​រឿង​របស់​លោក ស៊ីដនី ហ្សានប៊ើគ និង​ជំនួយ​ការ​របស់​លោក​ឈ្មោះ ឌិត ប្រន ដែល​ជា​អ្នក​បកប្រែ​ផង បាន​ធ្វើ​ឱ្យ​មនុស្ស​នៅ​លើ​ពិភពលោក​យល់​ដឹង និង​តក់​ស្លុត​អំពី​ការ​កាប់​សម្លាប់​ទាំង​នោះ តាម​រយៈ​ភាពយន្ត​មួយ​មាន​ចំណង​ជើង​ថា «វាល​ពិឃាដ» ឬ​ហៅ​តាម​ភាសា​អង់គ្លេស​ថា «The Killing Fields» ដែល​សម្ដែង​ដោយ​លោក​វេជ្ជបណ្ឌិត ហាំង ង៉ោ។

លោក ស៊ីដនី ហ្សានប៊ើគ គឺ​ជា​តួអង្គ​ទី​៣ នៅ​ក្នុង​សាច់​រឿង «វាល​ពិឃាដ» ឬ «The Killing Fields» ដែល​ទទួល​មរណភាព​បន្ទាប់​ពី​វេជ្ជបណ្ឌិត ហាំង ង៉ោ និង​លោក ឌិត ប្រន។

ទាក់ទង​នឹង​មរណភាព​របស់​លោក ស៊ីដនី ហ្សានប៊ើគ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ ថ្លែង​សោកស្ដាយ​ចំពោះ​មរណភាព​របស់​លោក ស៊ីដនី ហ្សានប៊ើគ ដែល​ជា​រៀមច្បង​ក្នុង​នាម​ជា​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ដូច​គ្នា៖ «ការ​សោកស្ដាយ​​យើង​មាន​ដល់​ទៅ​ពីរ​ជាន់។ សោកស្ដាយ​​ទាំង​ការ​បាត់បង់ ទី​មួយ លោក ឌិត ប្រន ទី​ពីរ​សោកស្ដាយ​លោក ស៊ីដនី ដែល​បាន​ទទួល​មរណភាព​ថ្មីៗ​នេះ។ យើង​ដឹង​ថា វិជ្ជាជីវៈ​សារព័ត៌មាន​ឥឡូវ​នេះ គេ​លែង​រើស​ព្រំដែន​ហើយ គឺ​វិជ្ជាជីវៈ​សារព័ត៌មាន គេ​លែង​ប្រើ​ពាក្យ​ថា វិជ្ជាជីវៈ​សារព័ត៌មាន​អាមេរិក វិជ្ជាជីវៈ​សារព័ត៌មាន​អាស៊ី ឬ​អឺរ៉ុប​ទេ គឺ​វិជ្ជាជីវៈ​សារព័ត៌មាន ជា​វិជ្ជាជីវៈ​សកល។ យើង​មាន​ក្រមសីលធម៌ មាន​លក្ខណៈ​បច្ចេកទេស​សម្ភាសន៍ មាន​ការ​សរសេរ​ប្រមូល​ព័ត៌មាន​ដូច​គ្នា»

លោក ស៊ីដនី ហ្សានប៊ើគ ជា​អតីត​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​ឱ្យ​កាសែត ញូវយ៉ក ថែមស៍ ប្រចាំ​នៅ​វៀតណាម និង​កម្ពុជា ពី​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៥។

នៅ​ក្នុង​ភាពយន្ត​រឿង «វាល​ពិឃាដ» ឬ «The Killing Fields» លោក ស៊ីដនី ហ្សានប៊ើគ រួម​ជាមួយ​អ្នក​បកប្រែ និង​ជា​ជំនួយ​ការ​របស់​លោក គឺ​លោក ឌិត ប្រន ដែល​សម្ដែង​ដោយ​វេជ្ជបណ្ឌិត ហាំង ង៉ោ បាន​បង្ហាញ​ពី​ភាព​រង​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​អំឡុង​សង្គ្រាម​ផ្ទៃក្នុង​រវាង​កងទ័ព​ខ្មែរ​ក្រហម និង​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់។

ក្នុង​នាម​ជា​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​ផង លោក មឿន ឈានណារិទ្ធ រំឭក​ថា អ្នក​សារព័ត៌មាន​ពេល​ខ្លះ​ជួប​ការ​គំរាម​កំហែង ពេល​យក​ព័ត៌មាន​ចម្រូងចម្រាស​ទាក់ទង​នឹង​ការ​កាប់​ព្រៃ​ឈើ អំពើ​ពុករលួយ និង​ការ​រំលោភ​ដីធ្លី​ជា​ដើម។ ហេតុ​នេះ លោក​ចាត់​ទុក​លោក ស៊ីដនី ហ្សានប៊ើគ និង​លោក ឌិត ប្រន ជំនួយ​ការ​របស់​លោក ថា​ជា​វីរ​អ្នក​សារព័ត៌មាន​គំរូ ដែល​ហ៊ាន​ពុះពារ​ឧបសគ្គ​ចំពោះ​ការ​ប្រមូល​ព័ត៌មាន​របស់​ខ្លួន ក្នុង​ពេល​សង្គ្រាម៖ «ពេល​ខ្លះ​យើង​មាន​ការ​រារែក។ ប៉ុន្តែ​យើង​តែងតែ​រំលឹក​ដល់​អ្នក​សារព័ត៌មាន​យើង​ថា មាន​ដទៃ​ទៀត ដែល​គាត់​ហ៊ាន​ប្ដូរ​ជីវិត ដើម្បី​យក​ព័ត៌មាន។ ក្នុង​នោះ​មាន​ទាំង​លោក ស៊ីដនី និង​លោក ឌិត ប្រន ដែល​ជនជាតិ​ខ្មែរ​យើង​ដែរ ដែល​គាត់​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​របស់​ពួក​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៥ ដើម្បី​ប្រមូល​យក​ការ​ពិត​ជូន​ដល់​ពិភពលោក»

នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​ឡើង​កាន់​អំណាច នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ លោក ស៊ីដនី ហ្សានប៊ើគ ត្រូវ​ពួក​ខ្មែរក្រហម​បណ្ដេញ​លោក​ចេញ​ពី​កម្ពុជា ក្នុង​ពេល​ដែល​លោក ឌិត ប្រន និង​ពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​បណ្ដេញ​ចេញ​ឱ្យ​ទៅ​រស់​នៅ​តាម​ជនបទ ក្រោម​ហេតុផល​ថា ខ្លាច​អាមេរិក​ទម្លាប់​គ្រាប់​បែក ដូច​ការ​សម្ដែង​នៅ​ក្នុង​ភាពយន្ត​រឿង «វាល​ពិឃាដ» ដូច្នេះ​ដែរ។

ភាពយន្ត​រឿង វាល​ពិឃាដ ឬ «The Killing Fields» ដែល​ថត​នៅ​ឆ្នាំ​១៩៨៤ ជា​រឿង​បន្ត​ពី​ស្នាដៃ​និពន្ធ​ទី​១ របស់​លោក ស៊ីដនី ហ្សានប៊ើគ មាន​ចំណង​ជើង​ថា «ការ​ស្លាប់​រស់​របស់​លោក ឌិត ប្រន»។ ភាពយន្ត​រឿង វាល​ពិឃាដ មាន​លោក ស៊ែម វ៉តធើរស្តុន (Sam Waterston) ដើរ​តួ​ជា​លោក ស៊ីដនី ហ្សានប៊ើគ ហើយ​លោក​វេជ្ជបណ្ឌិត ហាំង ង៉ោ ដែល​ជា​ជន​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរក្រហម​ម្នាក់​ដែរ ដើរ​តួ​សម្ដែង​ជា​លោក ឌិត ប្រន។ លោក ហាំង ង៉ោ នៅ​ឆ្នាំ​១៩៨៥ បាន​ទទួល​ពាន​រង្វាន់ អូស្ការ (Oscar) សម្រាប់​ការ​សម្ដែង​បាន​ល្អ នៅ​ក្នុង​រឿង​នេះ។ លោក ហាំង ង៉ោ ក្នុង​វ័យ ៥៥​ឆ្នាំ ត្រូវ​បាន​ជន​ពាល​បាញ់​ស្លាប់​នៅ​សហរដ្ឋអាមេរិក កាល​ពី​ឆ្នាំ​១៩៩៦។

លោក ឌិត ប្រន ដែល​បាន​រួច​ជីវិត​ពី​ការ​កាប់​សម្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម និង​ជា​ម្ចាស់​សាច់​រឿង «វាល​ពិឃាដ» បាន​ជួប​លោក ស៊ីដនី ហ្សានប៊ើគ នៅ​ឆ្នាំ​១៩៨០។ លោក​ទទួល​មរណភាព​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០០៨ ដោយសារ​ជំងឺ​មហារីក​លំពែង ក្នុង​វ័យ ៦៥​ឆ្នាំ។

លោក ស៊ីដនី ហ្សានប៊ើគ ទទួល​មរណភាព​ដោយសារ​ជំងឺ​បេះដូង កាល​ពី​ថ្ងៃ​ទី​៩ កក្កដា ក្នុង​វ័យ ៨២​ឆ្នាំ។ មរណភាព​របស់​លោក ស៊ីដនី ហ្សានប៊ើគ គឺ​ជា​មរណភាព​នៃ​តួ​អង្គ​សំខាន់​ទាំង ៣​រូប នៅ​ក្នុង​សាច់​រឿង «វាល​ពិឃាដ»។ ទោះ​ជា​តួអង្គ​នៃ​សាច់រឿង​បាន​ស្លាប់​ទៅ​ហើយ​ក្ដី ប៉ុន្តែ​រឿងរ៉ាវ​របស់​ពួក​លោក​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ភាពយន្ត​រឿង «វាល​ពិឃាដ» ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​លោក នេត្រ ភក្ត្រា ចាត់​ទុក​ថា ជា​ឯកសារ​ចូលរួម​ជួយ​ពង្រឹង​ការ​ចងចាំ​របស់​ជន​រងគ្រោះ និង​ការ​សិក្សា​ស្វែងយល់​របស់​យុវជន​ជំនាន់​ក្រោយ ទោះ​ជា​ខ្សែ​ភាពយន្ត​ឯកសារ ដែល​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ទាំង​នោះ ត្រូវ​បាន​ថត​ជាក់​ស្ដែង​នៅ​ក្រុង​របប​ខ្មែរក្រហម ឬ​ថត​ក្រោយ​របប​នោះ​ក្ដី។

លោក នេត្រ ភក្ត្រា៖ «រឿង​ឯកសារ​នេះ អាច​រំឭក​រឿង​រ៉ាវ​ដែល​កើត​ឡើង បើ​ទោះ​បី​ជា​ខ្សែ​ភាពយន្ត​ដែល​ថត​ក្រោយ​របប​ខ្មែរក្រហម វា​មិន​មែន​បង្ហាញ​អំពី​រូបភាព​ពិត​ជាក់​ស្ដែង​មួយ​រយ​ភាគ​រយ​ឱ្យ​ដូច​គ្នា​បេះបិទ ក៏​ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​នូវ​ភស្តុតាង ក៏​ដូច​ជា​រឿងរ៉ាវ​ផ្សេង ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងកាត់​នៅ​របប​ខ្មែរក្រហម​នោះ ឱ្យ​បាន​ដល់​យុវជន​ជំនាន់​ក្រោយ ហើយ​ពួក​គាត់​អាច​នឹង​ពិនិត្យ​មើល​ទៅ​លើ​រឿងរ៉ាវ​នៃ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នោះ ហើយ​គាត់​អាច​ចៀសវាង​អំពី​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម ដែល​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ពេល​គាត់​ឡើង​កាន់​អំណាច​ប្រទេស នៅ​ពេល​ណា​មួយ​នោះ ហើយ​តាម​រយៈ​រឿង​នេះ មិន​មែន​សម្រាប់​តែ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល ដែល​បង្ហាញ​អំពី​ការ​រងទុក្ខ​វេទនា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម»

រី​ឯ​លោក មឿន ឈានណារិទ្ធ ថ្លែង​ថា ជា​ប្រការ​ល្អ​មួយ​ដែល​លោក ស៊ីដនី ហ្សានប៊ើគ និង​លោក ឌិត ប្រន ក្រុម​ផលិត​ភាពយន្ត​នេះ បន្សល់​ទុក​ស្នាដៃ និង​វីរភាព​សម្រាប់​អ្នក​សារព័ត៌មាន​ពិភពលោក៖ «ដោយសារ​តែ​រឿង​នេះ​វា​ផ្អែក​សឹង​តែ​លើ​ការ​ពិត​ទាំង​ស្រុង ដើម្បី​ផលិត​ជា​រឿង។ អ៊ីចឹង​យើង​ឃើញ​ថា ខ្សែ​ភាពយន្ត​នេះ គឺ​បាន​បន្សល់​ទុក​នូវ​វីរភាព គឺ​សេចក្ដី​ក្លាហាន​របស់​អ្នក​សារព័ត៌មាន​ពីរ​រូប ដែល​ជា​ដៃគូ​នឹង​គ្នា គឺ​ជនជាតិ​ខ្មែរ​យើង និង​ជនជាតិ​អាមេរិក ដែល​បង្ហាញ​ថា អ្នក​សារព័ត៌មាន​ទោះ​បី​ជា​យើង​គ្មាន​កាំភ្លើង​ក្ដី តែ​យើង​មាន​កាមេរ៉ា មាន​ប៉ាកកា ជា​អាវុធ ដើម្បី​ស្វែង​រក​ការ​ពិត​ជូន​ដល់​ពិភពលោក»

រឿង «វាល​ពិឃាដ» ថ្វី​បើ​ជា​ការ​រៀបរាប់​អំពី​ដំណើរ​រឿង​ដែល​អតីត​អ្នក​កាសែត​អាមេរិក និង​អ្នក​កាសែត​ខ្មែរ​ស្វែង​រក​គ្នា​ក្ដី ក៏​សាច់​រឿង​ទាំង​មូល​បង្ហាញ​អំពី​ភាព​រង​ទុក្ខ​វេទនា និង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់ នៅ​ក្នុង​របប​ខ្មែរ​ក្រហម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ភាព​រង​ទុក្ខ​វេទនា និង​ការ​កាប់​សម្លាប់​នោះ​ហើយ ដែល​នាំ​ឱ្យ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ពីរ​រូប គឺ នួន ជា និង ខៀវ សំផន ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត តាម​ការ​ផ្ដន្ទាទោស​របស់​សាលាក្ដី​ខ្មែរ​ក្រហម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។