ប្រើ​គ្រឿងញៀន​ធ្លាប់​ជាប់គុក ចេញ​មក​វិញ​លក់​តែ​ម្ដង

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល ប៉ុស្ដិ៍​បែក​ចាន បាន​ធ្វើការ​ឃាត់ខ្លួន មុខ​ស​ញ្ញ​ជួញដូរ​គ្រឿងញៀន បាន​២​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២៣​កញ្ចប់ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ មាន​ម្នាក់​ជា​បុរស​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​១​ឆ្នាំ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន កាលពី​ពេល​កន្លង​ទៅ​។

ចំណែក​ម្នាក់​ទៀត​ជា​ស្ត្រី គឺ​មានមុខ​របរ​កោស​ជប់ និង​ម៉ាស្សា មិន​ដែល​ជាប់​ពន្ធនាគារ​ឡើយ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​វេលា​ម៉ោង​៧​និង​២០​នាទី ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ ហេង​ឡុ​ង ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ សំណាង បញ្ញា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខែ្ម​រ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ពី​បទ​ប្រើប្រាស់​ថ្នាំ​ញៀន​។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ អឿ មុំ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​កោស​ជប់​ម៉ាស្សា ស្នាក់​នៅ​ជាមួយ​គ្នា​។

នគរបាល​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២៣​កញ្ចប់ ដែល​ក្នុង​នោះ ជា​កញ្ចប់​មធ្យម​ដែល​មាន​តម្លៃ​១​កញ្ចប់​១០​ដុល្លារ​។ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង លុយ​ចំនួន​២០​ម៉ឺន​រៀល និង​១០០​ដុល្លា ខ្សែដៃ​កាឡៃ​១​ខ្សែ ទូរ​សព្ទ័​ចំនួន​០៦​គ្រឿង​ម៉ា​កអិល​ជី​១​គ្រឿង ណូ​គា​អិន​ចុច​ពិល​៣​គ្រឿង សាំ​សុង​ម៉ាក​S3​ពណ៌​ខ្មៅ​១​គ្រឿង ម៉ាក​លី​ណូ​វ៉ូ​១​គ្រឿង កូន​កន្ត្រៃ​២ កូនកាំបិត​១ និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​មួយ​ចំនួន ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​នគរបាល​បាន​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ថា មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំ​ញៀន​ក្នុង​បន្ទប់​ផ្ទះសំណាក់​ខាងលើ ខណៈនោះ​កម្លាំង​បាន​ចុះ​ទៅ​ត្រួតពិនិត្យ ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន ទើប​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ទៅ​ធ្វើការ​សាកសួរ​។ បន្ទាប់​មក​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​នេះ​ពី​ឈ្មោះ និ​ត ភេទ​ប្រុស ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​លក់​បន្ត​ទៀត​យកចំណេញ ហើយ​ត្រូវ​បែក​ការណ៍ ក៏​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​បែប​នេះ​តែ​ម្ដង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​បុរស គឺជា​មុខសញ្ញា​ចាស់ ដែល​កន្លង​មក​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន ក្រោយ​ពី​ចេញពី​ពន្ធនាគារ​វិញ​ស្រាប់តែ​ឈាន​ដល់​ការ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​បែប​នេះ​តែ​ម្ដង ពេល​នេះ​កម្លាំង​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ​៕