ខឹង​ប្រើ​ប្ដី​មិន​តាម គិត​ខ្លី​ធ្វើ​អត្តឃាត​ចងក​ស្លាប់

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​អាយុ​២២​ឆ្នាំ​មានកូន​ទៅ​០៣​នាក់ ហើយ​កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦​នេះ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក បាន​ខឹង​ប្ដី ពេល​ប្រើ​ប្តី​ឲ្យ​ទៅ​លើកភ្លឺស្រែ​ទប់ទឹក​មិន​ព្រមទៅ​នាង​បាន​សម្រេចចិត្ត​គិត​ខ្លី​ចងក​សម្លាប់​ខ្លួន​ចោល​ប្ដី និង​កូន​តែ​ម្ដង​។ ករណី​អត្តឃាត​នេះ​បាន​កើតឡើង​នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ​ដែល​ស្ថិត​នៅ​ភូមិ​ស្រែ​ព​ពាយ ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ​។ លោក​វរសេនីយ៍ទោ  វង សា​វ៉េ​ត អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ង៉ែត ដា អាយុ​២២​ឆ្នាំ មានកូន​ស្រី​ចំនួន​០៣​នាក់ ក្នុង​នោះ​កូនភ្លោះ​០២​នាក់ និង​ប្ដី​ឈ្មោះ​មាន និត្យ អាយុ​២២​ឆ្នាំ​ដូច​គ្នា​។

នាង​បាន​ចងក​នឹង​ក្រមា​ជាប់​នឹង​ធ្នឹម​ផ្ទះ ពាក់អាវ​ក្រហម ស្លៀក​សា​រ៉ុ​ង​។ តាម​ការ​សាកសួរ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៩​នៅ​ស្រុក​ភ្នំក្រវាញ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ដែល​មានទឹក​ដក់​នៅ​តាម​ស្រែ​។ ព្រឹក​ឡើង​ប្រពន្ធ​បាន​ប្រើ​ប្ដី​ឲ្យ​ទៅ​លើក​ភ្លឺ​ទប់ទឹក​កុំ​ឲ្យ​ហូរ​ចេញ តែ​បុរស​ជា​ប្ដី​មិន​ព្រមទៅ​ទាល់តែ​សោះ​ទោះបី​នាង​ប្រើ​៣​ទៅ​៤​ដង​ក៏​ដោយ​។​ដោយសារ​ប្រើ​មិន​ទៅ​បែប​នេះ​ហើយ​ទំនងជា​នាង​ខឹង​ផង ស្រាប់តែ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ក៏​ឃើញ​ចងក​លើ​ផ្ទះ​ស្លាប់​តែ​ម្ដង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​បញ្ជាក់​ថា​ពិតជា​ស្លាប់​ដោយ​ចងក​ប្រាកដ​មែន​៕