បែក​រឿង​ដល់​អាជ្ញាធរ ព្រោះតែ​ការ​ច្រណែន​គ្នា

ខេត្ត​ព្រះ​សីហ​នុ ៖ កូន​គ្រែង​ឈាម​ប្រភេទ​តូច​ល្អិត​ជិត​២០០​គីឡូក្រាម ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ យក​ទៅ​លែង​នៅ​ក្នុង​ដែន​នេសាទ​សមុទ្រ​កោះ​ខ្យង​នា​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ២០១៦​នេះ  បន្ទាប់​ពី​កូន​គ្រែង​ទាំងនោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​បង្ក្រាប​បាន​ពី​ឈ្មួញ​ដឹក​តាមរ​យន្ត​មួយ​គ្រឿង ដែល​កំពុង​នាំ​ចេញពី​ដំបន់​នោះ​នា​ល្ងាច​ថ្ងៃ​ទី​១៨ កក្កដា មុន​ការ​លែង​នេះ​មួយ​ថ្ងៃ​។

ការ​លែង​នោះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​លោក សុខ ផ​ន អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ រួម​ទាំង​មន្ត្រី​ជំនាញ​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​។ តាម​មន្ត្រី​ជលផល​បាន​ឲ្យ​ដឹង​ថា កូន​គ្រែង​ឈាម​ដែល​បាន​បង្ក្រាប  ហើយ​កមក​លែង​នេះ​គឺជា​កូន​គ្រែង​ប្រភេទ​តូច​ល្អិត ប្រមាណ​ជា​ពី​២.៥០០​ទៅ​៣.០០០​គ្រប​ក្នុង​១​គីឡូក្រាម មាន​ចំនួន​សរុប​១៩១​គីឡូក្រាម (​ថ្លឹង​ទាំង​កាក​មិន​ទាន់​រើស​) ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​ម៉ាក​ធុន​ត្រា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2AG-0607 បម្រុង​នាំ​ចេញ តែ​ត្រូវ​បាន​កម្លាំង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ ចុះ​ធ្វើកា​បង្ក្រាប​បាន  លុះ​ព្រឹក​ឡើង​ទើប​យក​មក​លែង​នៅ​ក្នុង​តំបន់​សមុទ្រ​កោះ​ខ្យង ដែល​ជាទី​តាំង​ដែន​នេសាទ​។

ពាក់ព័ន្ធ​កូន​ក្រែង​ឈាម​នៅ​ក្នុង​តំបន់​កោះ​ខ្យង​នេះ កន្លង​មក​មាន​សេចក្តីរាយការណ៍​ថា មានការ​ដឹកនាំ​ចេញ​នៅ​កូន​គ្រែង​ស្ទើរ​រាល់​យប់​ពី​សំណាក់​ឈ្មួញ​ដែល​មាន​ទីតាំង​រស់នៅ​ក្នុង​តំបន់​នោះ ដោយ​មិន​មានការ​បង្ក្រាប​ឡើយ ហើយ​បើ​តាម​ប្រភព​មួយ​ក្រៅផ្លូវការ​ណ៍​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ បន្ទាប់​ពី​មាន​បែក​រឿង​លូច​ដឹក​កូន​គ្រែង​នេះ លេចឮ​ដល់ អភិបាលខេត្ត ហើយ​លោក​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មានការ​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ តែ​ទោះបី​យ៉ាងណា​កា​បង្ក្រាប​នេះ គឺ​គ្រាន់តែ​មួយ​ចំណិត​តូច​តែ​ប៉ុណ្ណោះ សម្រាប់​បទល្មើស​កូន​គ្រែង​ដែល​បាន​កើតឡើង​នៅ​តំបន់​កោះ​ខ្យង​នោះ​កន្លង​មក​។

ជាមួយនឹង​បញ្ហា​នេះ ប្រភព​មួយទៀត​បាន​បន្ត​ថា នៅ​តំបន់​កោះ​ខ្យង​បច្ចុប្បន្ន កំពុង​តែ​បែក​ប្រហុក​បែក​ម៉ាំ ពី​សំណាក់​អ្នក​រកស៊ី នៅ​ក្នុង​តំបន់​នោះ ជើង​ខ្លាំង​ទាំង​៤​នាក់​អាច​និយាយ​បាន​ថា​ខ្លា​៤ កំពុង​ដណ្តើម​ចំណី​គ្នា​តាម​របៀប​កាច់​កុង ហើយ​រឿង​នេះ​ក៏​មិនមែន​ទើបនឹង​កើត​ដែរ គឺ​បាន​កើតជា​យូ​មក​ហើយ​ជា​ពិសេស​ផ្ទុះ​ពេល​រដូវ​កូន​គ្រែង​នេះ​តែ​ម្តង នាំ​ឲ្យ​មានការ​ច្រណែន​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដូច​ជា​កា​បង្ក្រាប​រហូត​មាន​ពាក្យ​ថា អា​កន្លង​មក​ដឹក​ទាំង​តូ​រី​ស​ៗ មិន​ចាប់​មក​ចាប់​អា​ថ្លឹង​ទាំង​កាក​មិន​បាន​២០០​គីឡូ​ផង​៕