ក្រុម​យុវវ័យ​ជិះ​ម៉ូតូ​បុក​គ្នា បង្ក​ឲ្យ​រង​របួស​រៀងខ្លួន

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចា​រា​ចរណ៍​មួយ រវាង​ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​ឮ​សូរ​ប្រាវ បណ្តាលឲ្យ​រង​របួសស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​០៤​រសៀល ថ្ងៃ​ទី​១៩ កក្កដា ២០១៦​នេះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ PR១៧៤ ស្ថិត​ក្នុងភូមិ​-​ឃុំ និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។ ម៉ូតូ​ស្គូ​ពី ពាក់​ស្លាក​លេខ ឧត្តរមានជ័យ​1C-2154 ជិះ​គ្នា​២​នាក់ ទី​១​ឈ្មោះ គឹ​ម សេង ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​អ្នកបើកបរ របួស​ជើង​ឆ្វេង ទី​២​ឈ្មោះ វិច្ឆិកា ភេទ​ស្រី អាយុ​១៤​ឆ្នាំ​ដូច​គ្នា ជា​អ្នក​រួម​ដំណើរ របួស​ជើង​ឆ្វេង​ដូច​គ្នា  ម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ។ ដោយឡែក​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​០១៦ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ 1C-5577 ជិះ​ម្នាក់ឯង​ឈ្មោះ ឃុន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រង​របួស​កែងជើង​ខាងស្តាំ អ្នក​ទាំង​៣​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

អ្នក​ឃើញ​ហេតុ​កាណ៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ទាំង​២​ខាងលើ​បាន​ជិះ​ចេញពី​វិទ្យាល័យ ហ៊ុន​សែន ត្រពាំង​ប្រាសាទ ដូច​គ្នា ហើយ​ម៉ូតូ​ស្គូ​ពី​បាន​បើកបរ​មុន​មាន​ទិស​ដៅ​ពី​កើតមក​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​ស្គូ​ពី ក៏​បាន​បត់​ឆ្វេង​បម្រុង​ចូល​លេង​ផ្ទះ​មិត្តភក្តិ​ដោយ​មិន​ប្រុង​ប្រយ័ត្ន ក៏​ស្រាប់តែ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​បើកបរ​ពីក្រោយ​បុក​ពី​ចំហៀង​ខាងឆ្វេង​យ៉ាង​ពេញទំហឹង​តែ​ម្តង​។ ក្រោយ​ពេល​គ្រោះថ្នាក់ ភាគី​ទាំង​សងខាង​បាន​សម្រួល​គ្នា​នៅ​នឹង​កន្លែង​កើតហេតុ  ដោយ​ភាគី​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម បាន​ព្រម​សង​នូវ​ការ​ខូចខាត និង​សុខចិត្ត​ទៅ​ព្យាបាល​របួស​រៀង​ៗ​ខ្លួន មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ ៕