លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​នៅ​ឡាវ ដើម្បី​ពង្រឹង​តួនាទី​ស្នួល​របស់​អាស៊ាន​ និពន្ធដោយ : ខន ចំប៉ា       July-19-2016, 8:59 pm         60

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​នៅ​ឡាវ ដើម្បី​ពង្រឹង​តួនាទី​ស្នួល​របស់​អាស៊ាន​​លោក ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី ២៣ ដល់​ថ្ងៃទី​១៦ ខែកក្កដា ខាងមុខ​នៅ ក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នេះ មាន​គោលដៅ​កសាង ពង្រឹង​សហគមន៍​អាស៊ាន និង​តួនាទី​ស្នួល​របស់​អាស៊ាន​។​
 
​រដ្ឋមន្ត្រីក្រសួង​ការ​ប្រទេស​កម្ពុជា លោក​ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈប្រតិភូ ទៅកាន់​ក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​ឡាវ ដើម្បី​ចូលរួម​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។ បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា កិច្ចប្រជុំ​ទាំងនេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​១៦ ខែកក្កដា​។

​ក្រសួងការបរទេស​ក​ម្ពុ​ជា បានបញ្ជាក់​ទៀតថា កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៤៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ មាន​គោលដៅ​កសាង ពង្រឹង​សហគមន៍​អាស៊ាន និង​តួនាទី​ស្នួល​របស់​អាស៊ាន ក្នុង​ការវិវត្ត​និម្មាបនកម្ម​តំបន់ ដ៏​ដូចជា​ការធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ  នូវ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន ជាមួយ​ដៃគូ និង​មិត្តភក្តិ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​បន្ថែមទៀត​បន្ថែមទៀត​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។​

​កិច្ចប្រជុំ​ទាំងនោះ​រួមមាន ១. កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៤៩ ។ ២.​កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ាន​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។ ៣.​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​ស្តីពី​សិទ្ធិមនុស្ស​។ ៤.​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​។ ៥.​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​៣ លើក​ទី​១៧ ។ ៦.​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា​លើក​ទី​៦ និង​ទី​៧. វេទិកា​តំបន់​អាស៊ាន​លើក​ទី​៣២ ។ 

​ក្រៅពី​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន លោក រដ្ឋមន្ត្រីការបរទេស     កម្ពុជា នឹងចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃទៀត ដូច​ជាទី​១. កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​លើក​ទី​៩ ។ ២. កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​លើក​ទី​៩ ។ ៣. កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​លើក​ទី​៧ ។ និង​ទី​៤. កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ​មេគង្គ​-​កូរ៉េ​លើក​ទី​៦ ។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ឡាវ លោក រដ្ឋមន្ត្រី​ប្រាក់ សុខុន រួម​នឹង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដទៃទៀត នឹង​ជួប​សម្តែង​ការគួរ​ស​ជាមួយ នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​សូលី​ត​។ នេះ​ជា​បញ្ជាក់​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បន្តថា​លោក ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួន​៕