សហគមន៍​និង​មន្ត្រី​វប្បធម៌​ខេត្ត​មណ្ឌលគិរី​ចង់​រក្សា​តំបន់​ភ្នំ​ដោះ​ក្រមុំ​ទុក​ជា​តំបន់​វប្បធម៌

គម្រោង​កាត់​ចេញ​ដី​មួយ​ផ្នែក​នៅ​កំពូល​ភ្នំ​ដោះ​ក្រមុំ ដើម្បី​សាងសង់​វិទ្យាស្ថាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេង​កាត​នៅ​ខេត្ត​មណ្ឌលគិរី នា​ពេល​ថ្មីៗ​នេះ ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ព្នង ប្រតិកម្ម​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​គោរព​បូជា​ប្រពៃណី និង​វប្បធម៌​របស់​អ្នក​ភូមិ ដែល​ធ្លាប់​ចាត់​ទុក​ទីនោះ​ជា​កន្លែង​និមិត្តរូប​វត្ថុ​ស័ក្ដិសិទ្ធិ​យូរ​ លង់​មក​ហើយ។ ចំណែក​មន្ត្រី​ជំនាញ​វប្បធម៌ ក៏​ចង់​ឲ្យ​រក្សា​ទុក​តំបន់​នោះ​ជា​តំបន់​បូជនីយកិច្ច​វប្បធម៌​ដ៏​សំខាន់​ របស់​ជនជាតិ​ដើម​ភាគ​តិច តាម​សេចក្តី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ស្រុក និង​ក្រុង​ចំនួន​៥ ក្នុង​ខេត្ត​មណ្ឌលគិរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត លុប​ចោល​ដីកា​សម្រេច​កាត់​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ សម្រាប់​ការ​សាងសង់​វិទ្យាស្ថាន​រ៉ែ ថាមពល និង​ប្រេង​កាត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​វប្បធម៌​ជំនឿ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ទីរ​រ៉ែ និង​ថាមពល​រដ្ឋ​ខេត្ត​មណ្ឌលគិរី កាល​ពី​សប្ដាហ៍​មុន បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដី​មួយ​ផ្នែក​នៅ​លើ​កំពូល​ភ្នំ​ដោះ​ក្រមុំ ក្នុង​គម្រោង​សាងសង់​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើក​ដំបូង​នៅ​ក្នុង​ខេត្ត​ដាច់​ស្រយាល​មួយ​នេះ។

តំណាង​សហគមន៍ លោក ក្រើង តុលា ថ្លែង​ថា សហគមន៍​មក​ពី​ស្រុក​ចំនួន​៤ និង​ក្រុង​សែនមនោរម្យ នឹង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​គម្រោង​នេះ ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​បន្ត​យក​ដី​ភ្នំ​ដោះ​ក្រមុំ សម្រាប់​គម្រោង​អភិវឌ្ឍន៍​នេះ។ លោក​បន្ត​ថា ភ្នំ​ដោះ​ក្រមុំ មិន​ត្រឹម​តែ​ជា​កន្លែង​សក្ការៈ​របស់​ជនជាតិ​ដើម​ភាគតិច​តែ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ភ្នំ​នេះ​ជា​តំបន់​តំណាង​ឲ្យ​ព្រលឹង​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ ច្រើន​ជំនាន់​មក​ហើយ៖ «ពួក​គាត់​យល់​ឃើញ​ថា នៅ​ខេត្ត​មណ្ឌលគិរី មាន​ដី​ជាច្រើន​នៅ​ជាប់​តំបន់​ហ្នឹង នៅ​ជុំវិញ​ខេត្ត​មាន​ដី​ច្រើន​មែន​ទែន​ពាក់ព័ន្ធ​ដី​រដ្ឋ​មិន​ធ្វើ​អ្វី​សោះ ហេតុ​អ្វី​គាត់​ចង់​សាងសង់​នៅ​តំបន់​ហ្នឹង។ តាម​ប្រជាពលរដ្ឋ និង​គណៈកម្មការ​សហគមន៍​មិន​អនុញ្ញាត​ឲ្យ​តែ​ម្តង»

ភ្នំ​ដោះ​ក្រមុំ មាន​ទីតាំង​នៅ​កណ្ដាល​ក្រុង​សែនមនោរម្យ ឋិត​ក្នុង​ភូមិ​ស្វាយចេក សង្កាត់​សុខដុម ខេត្ត​មណ្ឌលគិរី។ ភ្នំ​នេះ​ជា​តំបន់​បូជនីយកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង និង​ជា​តំបន់​ទេសចរណ៍​វប្បធម៌​ដ៏​សំខាន់​របស់​ខេត្ត​មណ្ឌលគិរី។ អតីត​អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហ៊ាង កាល​ពី​ឆ្នាំ​២០១៤ បាន​ចេញ​ដីកា​សម្រេច​កាត់​ដី​ជាង ៥​ហិកតារ​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ ប្រគល់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល សាងសង់​វិទ្យាស្ថាន​បណ្តុះបណ្តាល​កូន​ចៅ​ប្រជាពលរដ្ឋ។

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគិរី លោក ស្រី ទូច កត់​សម្គាល់​ថា ដីកា​សម្រេច​របស់​អតីត​អភិបាល​ខេត្ត កាត់​ដី​ភ្នំ​ដោះ​ក្រមុំ គឺ​ផ្ទុយ​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​សម្រេច​ប្រគល់​តំបន់​ភ្នំ​ដោះ​ក្រមុំ ទុក​ជា​តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​តាំង​ពី​ឆ្នាំ​២០០៤។ លើស​ពី​នេះ​ទៀត តំបន់​ភ្នំ​ដោះ​ក្រមុំ រង​ការ​ទន្ទ្រាន​យក​ដី​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ទាក់ទិន​ការ​តាំង​ទីលំនៅ​កាន់​តែ​ច្រើន​ឡើង។ លោក​បន្ត​ថា បាន​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត និង​ក្រសួង​វប្បធម៌ ដើម្បី​ពិនិត្យ​លក្ខខណ្ឌ​នៃ​ការ​អភិរក្ស​ភ្នំ​ដោះ​ក្រមុំ ឲ្យ​បាន​ប្រសើរ ដើម្បី​រក្សា​ទុក​ជា​សម្បត្តិ​វប្បធម៌​នៃ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ៖ «និយាយ ​ពី​ជំនឿ​មិន​មែន​សំដៅ​ទីតាំង​តូច​មួយ​ហ្នឹង​ទេ ត្រូវ​មាន​វិសាលភាព​ធំ​ទូលាយ​ត្រូវ​រក្សា​ទុក​ហើយ។ តំបន់​ហ្នឹង​មិន​អាច​សាងសង់​អ្វី​បាន​ទេ ពិសេស​ផ្ទុយ​ទៅ​នឹង ស..ណ។ កន្លែង​គោរព​បូជា​កាលណា​មាន​សំណង់​រឹងមាំ អ៊ីចឹង​វា​អាច​ប៉ះពាល់​ហើយ ប៉ុន្តែ​ត្រូវ​រក​ដំណោះស្រាយ​ជាមួយ​ក្រសួង​ថ្នាក់​ដឹក​នាំ​ខេត្ត ពិសេស​ជនជាតិ​ដើម​ភាគតិច»

តួលេខ​ស្រាវជ្រាវ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ក្រៅ​ពី​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ​ចូល​ទៅ​តាំង​លំនៅ​ក្នុង​បរិវេណ​ភ្នំ​ ដោះ​ក្រមុំ ក៏​មាន​អង្គភាព​ទឹក​ស្អាត មន្ទីរ​មុខងារ​សាធារណៈ មន្ទីរ​រ៉ែ និង​ថាមពល រួម​ទាំង​ស្ថានីយ​ទូរទស្សន៍​ឯកជន​បាយ័ន បាន​ចូល​ទៅ​បោះ​ទីតាំង​នៅ​ទីនោះ​ជា​បន្តបន្ទាប់។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត ​មណ្ឌលគិរី លោក សុក រដ្ឋា ហៅ​ការ​ចូល​ទៅ​រស់នៅ​តំបន់​បូជនីយដ្ឋាន​ដ៏​សំខាន់​នេះ ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​សិទ្ធិ​ជំនឿ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច និង​ប៉ះពាល់​ដល់​តំបន់​ភ្នំ​ដែល​មាន​ទេសភាព​ស្រល់​ត្រកាល​ទាក់ទាញ​វិស័យ​ ទេសចរណ៍។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ជ្រើសរើស​ទីតាំង​ផ្សេង​នៅ​ក្បែរ​តំបន់​ភ្នំ​ដោះ​ ក្រមុំ ដើម្បី​អភិវឌ្ឍ​វិទ្យាស្ថាន​សិក្សា​មុខ​ជំនាញ​ជូន​កូន​ចៅ​ប្រជាពលរដ្ឋ ហើយ​រួម​គ្នា​រក្សា​តំបន់​ភ្នំ​ដោះ​ក្រមុំ ទុក​ជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ និង​ជា​កន្លែង​ទេសចរ​មក​កម្សាន្ត​ទស្សនា​ក្រុង​សែនមនោរម្យ ពី​លើ​កំពូល​ភ្នំ​នេះ៖ «ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ កើត​ឡើង​ជាមួយ​ប្រជាពលរដ្ឋ កុំ​ឲ្យ​មាន​ទំនាស់​កើត​ឡើង​នៅ​ពេល​សាងសង់ ហើយ​កុំ​ឲ្យ​ប៉ះពាល់​ទី​សក្ការៈ​បូជា​របស់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ ​ដែរ។ ណា​មួយ​ទៀត តំបន់​ភ្នំ​ដោះ​ក្រមុំ ហ្នឹង ត្រូវ​បាន​ដាក់​បញ្ជូន​ក្នុង​បញ្ជី​ទ្រព្យ​សម្បត្តិ​រដ្ឋ​ស្ដីពី​ទីកន្លែង និង​វប្បធម៌​ជនជាតិ​ដើម​ភាគតិច»

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​បញ្ឈប់​ការ​ឈូស​ឆាយ​ដី​តំបន់​ភ្នំ​ដោះ​ក្រមុំ បន្ទាប់​ពី​ជនជាតិ​ដើម​ភាគតិច​ព្នង គ្រោង​ធ្វើ​ការ​តវ៉ា​កាល​ពី​ចុង​សប្ដាហ៍​មុន។ បន្ថែម​លើ​នេះ​ទៀត អាជ្ញាធរ​ខេត្ត​គ្រោង​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ ពិភាក្សា​គម្រោង​អភិវឌ្ឍន៍​វិទ្យាស្ថាន​ស្រាវជ្រាវ​រ៉ែ ថាមពល និង​ប្រេង​កាត របស់​ក្រសួង​រ៉ែ និង​ថាមពល រួម​ជាមួយ​ការ​ទាមទារ​អភិរក្ស​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

អភិបាល​ក្រុង​សែនមនោរម្យ លោក ឡុង វិបុល មាន​ប្រសាសន៍​ថា គោល​បំណង​របស់​អាជ្ញាធរ​ខេត្ត គឺ​ចង់​រក្សា​ភ្នំ​ដោះ​ក្រមុំ កុំ​ឲ្យ​មាន​ការ​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​បន្ត​ទៀត។ ហេតុ​នេះ ទើប​សម្រេច​យក​ដី​មួយ​ផ្នែក​ដែល​មិន​មែន​ជា​កន្លែង​សក្ការៈ​បូជា​របស់​ ជនជាតិ​ដើម​ភាគតិច បង្កើត​ជា​វិទ្យាស្ថាន​អប់រំ​ចំណេះ​ដឹង​ផ្នែក​ជំនាញ ដែល​ទីនោះ​នឹង​រួម​ចំណែក​អភិរក្ស និង​ការពារ​ព្រៃ​ឈើ​នៅ​តំបន់​នោះ។ លោក​ថា អាជ្ញាធរ​ក្រុង រួម​ជាមួយ​អាជ្ញាធរ​ខេត្ត បាន​ទៅ​ពិនិត្យ​ទីតាំង​ថ្មី​សម្រាប់​សាងសង់​វិទ្យាស្ថាន​នោះ ហើយ​ដើម្បី​សម្របសម្រួល​ជាមួយ​សហគមន៍ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ឯកភាព​គ្នា​លើ​គម្រោង​អភិវឌ្ឍន៍​ដែល​សហគមន៍​អាច​ ទទួល​បាន​ផល​ប្រយោជន៍ និង​មិន​ប៉ះពាល់​ដល់​ទី​សក្ការៈ​របស់​អ្នក​ភូមិ៖ «អាជ្ញាធរ ​ចង់​យក​មក​ដាក់​ជា​ប្រយោជន៍​សាធារណៈ តែ​បើ​បង​ប្អូន​អ៊ីចឹង យើង​អាច​រក​កន្លែង​ផ្សេង​ទៀត ហើយ​យើង​មើល​ទាំងអស់​គ្នា។ ត្រូវ​សុំ​យោបល់​ទៅ​ថ្នាក់​ដឹក​នាំ​ខេត្ត​ដែរ។ យើង​ប្ដូរ​ទៅ​ទីតាំង​ផ្សេង វា​សម​ប្រកប​ទេ​ក្នុង​នាម​វិទ្យាស្ថាន​មួយ​បម្រើ​ឲ្យ​និស្សិត​បញ្ញវន្ត​ដែល​ មក​សិក្សា​ដើម្បី​អភិវឌ្ឍ​ទាំងអស់​គ្នា»

តួលេខ​ផ្តល់​ដោយ​មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត​មណ្ឌលគិរី មុន​ឆ្នាំ​២០០៤ ភ្នំ​ដោះ​ក្រមុំ មាន​ផ្ទៃក្រឡា​ជាង ១០២​ហិកតារ រហូត​មក​ទល់​នឹង​ឆ្នាំ​២០០៩។ តួលេខ​នេះ​បាន​ថយ​ចុះ​នៅ​សល់​តែ​ជាង ៩២​ហិកតារ ដោយសារ​ការ​ទន្ទ្រាន​ចូល​កាន់​កាប់​ដី​ភ្នំ​ដោះ​ក្រមុំ ពី​សំណាក់​ប្រជាពលរដ្ឋ។ ចំណែក​បច្ចុប្បន្ន តួលេខ​ប៉ាន់​ប្រមាណ​របស់​សហគមន៍ ផ្ទៃ​ដី​ភ្នំ​ដោះ​ក្រមុំ នៅ​សល់​ជាង ៧០​ហិកតារ​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។