លោកស្រី គ្លី​ន​តុ​ន និយាយថា​លោក ត្រាំ មិនអាច​ក្លាយជា​ប្រធានាធិបតី​ឡើយ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-19-2016, 9:19 pm         280

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកស្រី គ្លី​ន​តុ​ន និយាយថា​លោក ត្រាំ មិនអាច​ក្លាយជា​ប្រធានាធិបតី​ឡើយ​​ខណៈដែល​បក្ស​សាធារណរដ្ឋ​បើក​សន្និបាត​បក្ស ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​របស់ខ្លួន លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ បាន​វាយប្រហារ​ខ្លាំង​លើ​សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ ដែល​រំពឹងថា នឹង​ទទួលបាន​ការឯកភាព​ធ្វើជា​បេក្ខជន​ប្រធានាធិបតី​។ លោកស្រី គ្លី​ន​តុ​ន បាន​ប្រាប់​សកម្មជន​សិទ្ធិ​ជន​ស៊ីវិល​នៅ​អូ​ហៃ​យ៉ូ​ថា លោក ត្រាំ មិនអាច​ធ្វើជា​ប្រធានាធិបតី​អាមេរិក​ទេ​។​

​ថ្លែង​ពី​យុទ្ធនាការ​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ បេក្ខជន​ប្រធានាធិបតី លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជាថ្មី​ម្ដងទៀត​បាន​និយាយ​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ដែល​នឹងត្រូវ​បក្ស​សាធារណរដ្ឋ​សម្រេច​ជ្រើស​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ នៅឯ​សន្និបាត​បក្ស​រយៈពេល​បួន​ថ្ងៃ​ក្នុង​ទីក្រុង Cleveland​។ លោកស្រី គ្លី​ន​តុ​ន បានប្រកាស​ឲ្យ​មានការ​ចុះឈ្មោះ​សម្រាប់​អ្នកបោះឆ្នោត​ថ្មី សម្រាប់​ផ្ដួល​លោក ត្រាំ ឲ្យ​បាន​។

​នៅ​អូ​ហៃ​យ៉ូ អតីតរដ្ឋមន្ត្រី​ការបរទេស​រូបនេះ នៅ​ថ្ងៃទី​១៨ ខែកក្កដា បាន​អរគុណ​ជនជាតិ​អាមេរិក ដើមកំណើត​អាហ្វ្រិក​ទាំងនោះ ដែល​គាំទ្រ​លោកស្រី តាំងពីដើម​មក​។ ក្រុម​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ទាំងនេះ មិន​ចូលចិត្ត​លោក ត្រាំ ឡើយ និង​ចាត់ទុក​លោក​ជា​អ្នក​គំរាមកំហែង​ដល់​ប្រជាធិបតេយ្យ និង​មិនមាន​គោលនយោបាយ​អ្វី​ទេ​។

​បេក្ខជន​ប្រធានាធិបតី​ស្ត្រី​រូបនេះ រិះគន់ថា លោក ត្រាំ មើលងាយ​ជនអន្តោប្រវេសន៍​ម៉ិ​ក​ស៊ិ​ក ហើយ​និយាយ​បន្ទាប​ស្ត្រីភេទ​។ លើសពីនេះ សេដ្ឋី​អចលនទ្រព្យ​នេះ មានបំណង​ហាមឃាត់​សាសនា​ទាំងអស់ ចូល​ទឹកដី​អាមេរិក និង​ចូលចិត្ត​និយាយ​ជាមួយ​សារព័ត៌មាន​ទៀតផង​។ លោកស្រី គ្លី​ន​តុ​ន បញ្ជាក់ទៀតថា វា​គំរាម​ដល់​ប្រជាធិបតេយ្យ​របស់​យើង ហើយ​យើង​អាច​សន្និដ្ឋានបានថា លោក ត្រាំ មិនអាច​ក្លាយជា​ប្រធានាធិបតី​បានទេ​។

​ទន្ទឹមគ្នានេះ បើតាម​សារព័ត៌មាន Al Jazeera នៅ​ទីក្រុង​Cleveland ឯណោះ លោក ដូ​ណា​ល់ ត្រាំ នឹងត្រូវ​បក្ស​សាធារណរដ្ឋ​តែងតាំង​ជា​បេក្ខជន​ផ្លូវការ សម្រាប់​ដំណើ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ខែវិច្ឆិកា​។ ប៉ុន្តែ ក្រុមបាតុករ​ជាច្រើន​បានមក​ប្រមូល​ផ្ដុំគ្នា ដើម្បី​តវ៉ា​ប្រឆាំងនឹង​លោក ត្រាំ ដ្បិត​ពួកគេ​មិន​ពេញ​ចិត្តនឹង​គោលនយោបាយ​របស់លោក ត្រាំ ដែល​និយម​បង្កើត​ការ​ស្អប់ខ្ពើម និង​រើសអើង​ជនជាតិ​ដទៃទៀត​។  

​ជាមួយគ្នានេះ មន្ត្រីប៉ូលិស​ជាច្រើន​របស់​ទីក្រុង​នេះ និង​មន្ត្រីប៉ូលិស​ចំនួន​ប្រហែល​២៥០០​នាក់ ត្រូវបាន​ពង្រាយ​នៅ​ជុំវិញ​ទីតាំង​សន្និបាត​បក្ស​សាធារណរដ្ឋ ខណៈដែល​អ្នកចូលរួម​ជាង​៥​ម៉ឺន​នាក់ នឹង​មកកាន់​ទីក្រុង​នេះ​។ ក្នុង​យុទ្ធនាការ​របស់ខ្លួន លោក ដូ​ណា​ល់ ត្រាំ បានតែ​ផ្ញើ​សារ ដែលមាន​លក្ខណ​ស្អប់ខ្ពើម តួយ៉ាង លោក​បាន​សន្យា​ធ្វើ​របង​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក ដើម្បី​រារាំង​លំហូរ​ជនអន្តោប្រវេសន៍ ក៏ដូចជា​នយោបាយ​ហាមឃាត់​ជន​មូស្លីម ចូល​ទឹកដី​អាមេរិក​ជាដើម​៕