ប្រធានាធិបតី​ហ្វីលីពីន ចង់​ទាត់​អគ្គរដ្ឋទូត​ដែល​សួរនាំ​រឿង​កាត់បន្ថយ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-19-2016, 9:59 pm         751

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​ហ្វីលីពីន ចង់​ទាត់​អគ្គរដ្ឋទូត​ដែល​សួរនាំ​រឿង​កាត់បន្ថយ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​​បុរស​ខ្លាំង​របស់​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌើ​ទើ​តេ (Rodrigo Duterte) ដែល​ល្បី​ថា​ជា​ប្រធានាធិបតី​ពូកែ​ដាក់ទណ្ឌកម្ម បាន​អះអាងថា លោក​ចង់​ទាត់​អ្នកការទូត​ម្នាក់ ដែល​មក​សួរនាំ​ការប្ដេជ្ញាចិត្ត​របស់​ហ្វីលីពីន ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​។ ជាមួយគ្នានេះ បុរស​ខ្លាំង​រូបនេះ បញ្ជាក់ថា លោក នឹងមិន​គោរព​កិច្ចព្រមព្រៀង​អន្តរជាតិ ដែល​កំហិត​ឲ្យ​ហ្វីលីពីន កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​នោះទេ ព្រោះ​រារាំង​ការអភិវឌ្ឍ​របស់ខ្លួន​។

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌើ​ទើ​តេ និយាយថា ហ្វីលីពីន នឹងមិន​អនុវត្តតាម​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា ដែល​កំណត់​ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​នោះទេ ដោយ​លោក​បញ្ជាក់ថា លោក​មិនបាន​ចុះហត្ថលេខា និង​បាន​ចាត់ទុកថា ជា​រឿង​មិនបានការ​។ លោក ឌើ​ទើ​តេ ថ្លែង​ដូចនេះ បន្ទាប់ពី​មាន​អគ្គរដ្ឋទូត​ម្នាក់ បាន​សួរនាំ​លោក ពី​ការតាំង​ចិត្ត​របស់​ហ្វីលីពីន ទាក់ទិន​នឹង​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​។​

​អំឡុងពេល​ជួប​ជាមួយ​អត្ត​ព​លិ​ក​អូឡាំពិក​ហ្វីលីពីន នៅ​ថ្ងៃទី​១៨ ខែកក្កដា នៅ​វិមាន​ប្រធានាធិបតី Malacañang ប្រធានាធិបតី​រូបនេះ និយាយថា លោក​បាន​ជួប​ជាមួយ​អគ្គរដ្ឋទូត​ម្នាក់ និង​បាន​សួរ​លោក​ពី​លទ្ធភាព​ដែល​ហ្វីលីពីន​អាច​កំណត់​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច ពី​វិស័យ​ឧស្សាហកម្ម ការដឹកជញ្ជូន និង​វិស័យ​កសិកម្ម​ជាដើម​។ លោក ឆ្លើយ​ទៅ​មន្ត្រី​ទូត​នោះ​ថា ខ្ញុំ​នឹងមិន​ធ្វើតាម​កិច្ចព្រមព្រៀង​នោះទេ ព្រោះ​អ្នកជា​អ្នកចុះហត្ថលេខា ហើយ​វា​មិនមែនជា​របស់ខ្ញុំ​ទេ​។​

​លោក ឌើ​ទើ​តេ បន្តទៀតថា លោក​ខឹង​អគ្គរដ្ឋទូត​នោះ ហើយ​លោក​ចង់​ទាត់​មន្ត្រី​ទូត​នោះ​ទៀតផង​។ លោក ក៏​សួរ​អគ្គរដ្ឋទូត​នោះ​វិញ​ថា​៖ «​តើ​អ្នក​អាច​គ្រប់គ្រង​ការបញ្ចេញ​របស់ខ្លួន​បាន​ឬទេ​»​។ យ៉ាងណាមិញ ប្រធានាធិបតី​ហ្វីលីពីន មិនបាន​បញ្ជាក់​ពី​កិច្ចព្រមព្រៀង ដែល​ហ្វីលីពីន​បាន​ចុះហត្ថលេខា ហើយ​ត្រូវបាន​អ្នកការទូត​នោះ លើក​មក​និយាយ​នោះទេ​។ ប៉ុន្តែ វា​ទំនងជា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ឆ្នាំ​២០១៥​។

​សារព័ត៌មាន Rappler ផ្សាយ​ថា លោក​ប្រធានាធិបតី ឌើ​ទើ​តេ ជឿថា កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ បាន​រារាំង​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​អភិ​វ្ឍ ដែល​សន្យា​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​។ លោក សង្កត់ធ្ងន់ថា ការកំណត់​បរិមាណ​ឧស្ម័ន​កាបូន​ដែល​ត្រូវ​បញ្ចេញ មិន​យុត្តិធម៌​ឡើយ ព្រោះ​ប្រទេស​អ្នកមាន​សព្វថ្ងៃ មិនបាន​កំណត់​ការបញ្ចេញ​ដូចនេះ នៅពេល​ពួកគេ​កំពុង​អភិវឌ្ឍ​នោះទេ​។

​មិនតែប៉ុណ្ណោះ ប្រធានាធិបតី​ហ្វីលីពីន អះអាងថា កិច្ចព្រមព្រៀង​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ គឺជា​វិធិ​សាស្ត្រ​របស់​ប្រទេស​អភិវឌ្ឍ ដើម្បី​កំណត់​វាសនា​ប្រទេស​កំពុង​អភិវឌ្ឍ​។ លោក​បន្តថា ជីវិត​របស់​យើង ត្រូវបាន​រឹត​យ៉ាង​ណែន ហើយ​វា​ត្រូវបាន​គ្រប់គ្រង​ដោយ​ពិភពលោក​។ ប្រទេស​ឧស្សាហកម្ម​ទាំងនោះ ដាក់​ការ​រឹតត្បិត​លើ​អ្នកក្រីក្រ ដោយ​ពួកគេ គិតថា ពួកគេ​អាច​បង្គាប់បញ្ជា​វាសនា​នៃ​ប្រទេស​ដទៃទៀត​។ លើសពីនេះ លោក ឌើ​ទើ​តេ បាន​ប្រៀបធៀប​ប្រទេស​អ្នកមាន​ទាំងនោះ ទៅនឹង​អ្នកកាន់អំណាច​ផ្ដាច់ការ ដែល​គ្រប់គ្រង​ទឹកដី​ធំ​ល្វឹងល្វើយ តែ​មិន​ខ្វល់​នឹង​ការបង់ពន្ធ​ទេ​៕