បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​១​កន្លែង និង​ឃាត់ខ្លួន​មនុស្ស​ម្នាក់

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​បង្ក្រាប​ចាប់​ល្បែង​ហ្គេ​ម​បាញ់​ត្រី​១​កន្លែង​ដែល​បាន​ដំណើរការ​លេង ពង្វក់​មនុស្ស​ជា​ច្រើន​ឲ្យ​ភ្លេច​ការងារ ជា​ពិសេស​សិស្សសាលា ភ្លេច​ការ​រៀនសូត្រ គេច​សាលា ហើយ​បទល្មើស​មួយ​ចំនួន ក៏​បាន​កើត​ចេញពី​ទីនោះ​ដែរ ។ ដោយឡែក​ការ​បង្ក្រាប​នា​ពេល​នោះ កម្លាំង​ខាងលើ​បាន​ឃាត់ខ្លួន​មនុស្ស​ម្នាក់ និង​ដកហូត​បាន​ហ្គេ​ម​បាញ់​ត្រី ដែល​ជា​ហ្គេ​ម​ខុសច្បាប់ បាន​១​គ្រឿង និង​ម៉ូត​៣​គ្រឿង​។ ការ​ចុះ​បង្ក្រាប​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ គឺជា​ម្ចាស់​ហ្គេ​ម​ខាងលើ និង​មិន​បាន ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​នោះ​ឡើយ ហើយ​បន្ទាប់​ពី​ឃាត់ខ្លួន​បាន កម្លាំង​សមត្ថកិច្ច​បាន​នាំ​យក​ទៅ​កាន់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​។ ហ្គេ​ម​បាញ់​ត្រី​ខាងលើ បាន​បើក​លេង​ដោយ​លួចលាក់ ខុសច្បាប់​ដែល​បាន​ពង្វក់​មនុស្ស​ជា​ច្រើន​នៅ​តំបន់​នោះ ជា​ពិសេស​សិស្សសាលា ដែល​បាន​គេច​សាលា ចូល​ទៅ​លេង​នៅ​ទីនោះ ដែល​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​សង្គម និង នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា អំពើ​ចោរកម្ម លួច ឆក់ ប្លន់ ហើយ​ក៏​ជាទី​កន្លែង​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន​ដែល​សង្គម​កំពុង​តែ​ស្អប់ខ្ពើម​។ ម្យ៉ាង​ការ​ចុះ​បង្ក្រាប​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ រាយការណ៍​ផ្ដល់​ព័ត៌មាន ទើប​កម្លាំង​បាន​ចុះ​ទៅ​ចាប់ដក​ហូត​យក​តែ​ម្ដង ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ទាំងឡាយ​នោះ​៕