លួច​ម៉ូតូ​គេ​១​គ្រឿង​ទៅ​លក់​នៅ​ភ្នំពេញ មក​វិញ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ធ្វើការ​ចាប់​ឃាត់ខ្លួនជា​បន្តបន្ទាប់ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីកន្លែង​ផ្សេង​ៗ​គ្នា ឃុំ​ក្តុល និង​ឃុំ​អភិវឌ្ឍន៍​ស្រុក​ទឹកផុស  ដោយ​ចោទប្រកាន់​ពី​បទ​លួច មាន​ស្ថាន​ទម្ងន់ទោស ដែល​បាន​ប្រព្រឹត្ត​ឡើង កាលពី​រំលង អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦​។

លោក ខែ​ម វិបុល អធិការ​នគរបាល ស្រុក​ទឹកផុស​បាន​ឲ្យ​ដឹង​ថា កាលពី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ មាន​ជនសង្ស័យ​មួយ​ក្រុម បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​០៨ មួយ​គ្រឿង ជា​របស់​ឈ្មោះ អ៊ុ​ន គឹ​ម​សាន្ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស​។ លោក​បាន​បន្ត​ថា ក្រោយ​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​សាក្សី​ដាក់បន្ទុក​ផង​នោះ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា​នេះ សមត្ថកិច្ច​នគរបាល​របស់​លោក បាន​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​បាន​ធ្វើ​សកម្មភាព លួច​ម៉ូតូ​ជូន​រង​គ្រោះ កាលពី​ជិត​មួយ​ខែ​មុន​។ ជនសង្ស័យ​ទាំង​៣​នាក់​មាន ១.​ឈ្មោះ នូ ម៉ា​នី​ន អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ ទេព ច​ន្នី អាយុ​១៨​ឆ្នាំ និង​៣.​ឈ្មោះ លី ម៉ា​ប់ អាយុ​២២​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ ភូមិ​ស្រែ​តា​ជ័យ ជាមួយ​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ដែរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​លួច​ម៉ូតូ​ជន​រង​គ្រោះ​ពិតមែន ដោយ​យប់​នោះ ២​នាក់​បាន​ធ្វើ​សកម្មភាព​ចូល​លួច និង​ម្នាក់​ទៀត នៅ​ចាំ​ខាងក្រៅ​ហើយ​បន្ទាប់​ពី​លួច​បាន ពួក​គេ​បាន​ជិះ​ម៉ូតូ​នោះ សំដៅ​ទៅ​ភ្នំពេញ​លក់​បាន​ចំនួន​២៥០​ដុល្លា ហើយ​បន្ត​នៅ​ដើរ​លេង​ស៊ីចាយ​អស់ ទើប​ត្រឡប់​វិញ​បាន​ប៉ុន្មាន​ថ្ងៃ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។ ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ស្រុក​ទឹកផុស កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​បន្ត​តាម​និ​តិ​វី​ធី បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕